(តាកែវ)៖ លោក សោម អូន តំណាងលោក ស្វាយ ស៊ីថា រដ្ឋលេខាធិការ និងប្រធានអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងារចុះ ឃុំកុមាររាជា ស្រុកបាទី ខេត្តតាកែវ បានរៀបចំពិធីពិសារអាហារសាមគ្គី អបអរសាទរចំពោះជោគជ័យ នៃលទ្ធផលបោះឆ្នោតឃុំសង្កាត់កន្លងមក។

លោក សោម អូន តំណាងឲ្យក្រុមការងារបានសំដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះប្រជាជនជាម្ចាស់ឆ្នោតនៅក្នុងភូមិត្រពាំងផ្លុង ឃុំកុមាររាជា ស្រុកបាទី ដែលបានផ្តល់យុត្តិធម៌ ដោយសម្រេចចិត្តដ៏ត្រឹមត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាយ៉ាងច្រើនលើសលប់ ដើម្បីចូលរួមថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍន៏ ។

លោក សោម អូន បានថ្លែងនៅចំពោះប្រជាពលរដ្ឋ និងកម្មករនិយោជិតជាសមាជិក គណបក្សប្រជាជនដែលបានចូលរួមជាង៣០០នាក់ថា គណបក្សប្រជាជនកម្ពុជា ជានិច្ចកាលគឺតែងតែរួមរស់ រួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋ និងបានអនុវត្តនូវយុទ្ធសាស្ត្រភ្លៀងរលឹម ដោយចុះជួយដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋជាប់ជានិច្ច មិនដែលអាក់ខាន ដែលខុសពីគណបក្សផ្សេងៗ ដែលពួកគេអនុវត្តនូវយុទ្ធសាស្ត្រអំពៅផ្អែមចុង បានន័យថា ពួកគេចុះទៅជួបប្រជាពលរដ្ឋតែនៅពេលជិតបោះឆ្នោតប៉ុណ្ណោះ។

សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៧ នៅភូមិត្រពាំងផ្លុង ឃុំកុមាររាជា ស្រុកបាទី ខេត្តតាកែវ បានរៀបចំពីធីពិសារអាហារសាមគ្គី ដើម្បីថ្លែងអំណរគុណដល់ម្ចាស់ឆ្នោត ជាសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាចំនួនជាង៣០០នាក់៕