(សៀមរាប)៖ ដើម្បីអបអរព្រះរាជពិធីចម្រើនព្រះជន្មវស្សា សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស កាកបាទក្រហមកម្ពុជា និងដើម្បីបន្តការគាំទ្រ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសម្មភាពរួម អគ្គលេខាធិការ អង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និងកុមារ នៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៧ លោកស្រី គួយ ណាលីន ឃឹម ប៊ុនសុង អនុប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប និងសហការី បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ប្រមាណ១៣៥គ្រួសារ និងប្រគល់អណ្ដូងលូបំពាក់ស្នប់រវៃចំនួន១ ជូនប្រជាពលរដ្ឋនៅភូមិគោករលួស ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ដែលឧបត្ថមដោយលោក នេត ផល្គុន និងលោកស្រី ស្រីយ៉ា តារា។

ក្នុងឱកាសនោះ លោកស្រី គួយ ណាលីន ឃឹម ប៊ុនសុង អនុប្រធានគណៈកម្មាធិការសាខា បានបញ្ជាក់ពីការយកចិត្តទុក្ខដាក់ពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៉ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តែងតែគិតគូរដល់សុខទុក្ខ និងការលំបាករបស់បងប្អូនប្រជាពលរដ្ឋទាំងអស់ នៅទូទាំងប្រទេស ជាពិសេសបងប្អូនប្រជាពលរដ្ឋជា ស្ត្រីមានកូនតូច ក្រីក្រ មានជំងឺច្រើន។
លោកស្រីក៏បានបន្តថា នេះជាអណ្ដូងទី២១ហើយ ក្នុងអណត្តិទី៤ នៃគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ដែលបានប្រគល់ជូនប្រជាពលរដ្ឋក្នុងសហគម ហេតុនេះហើយសូមបងប្អូនប្រជាពលរដ្ឋជួយថែរក្សាឱ្យបានល្អ ដើម្បីបានទឹកស្អាតប្រើប្រាស់តរៀងទៅ។

ចំពោះប្រជាពលរដ្ឋដែលចូលរួមក្នុងម្នាក់ៗទទួលបាន សារុង១ និងថវិកាមួយចំនួនផងដែរ៕