(ព្រៃវែង)៖​ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៧នេះ លោក ចាន់ វ៉ាន់ធឿន ប្រធានក្រុមការងារចុះជួយឃុំជាខ្លាង និងឃុំគោកគង់កើត ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង រួមជាមួយសហការី បានអញ្ជើញជួបសំណេះសំណាល ថ្លែងអំណរគុណ និងហូបបាយសាមគ្គី ដើម្បីអបអរសាទរចំពោះជ័យជម្នះ ដែលប្រជាពលរដ្ឋបានបោះឆ្នោតជូនគណៈបក្សប្រជាជនកម្ពុជា។

លោក ចាន់ វ៉ាន់ធឿន បានថ្លែងថា តាមរយៈលទ្ធផលឆ្នោត ដែលបងប្អូនប្រជាពលរដ្ឋ យើងទូទាំងឃុំបានបោះជូនគណបក្សប្រជាជនកម្ពុជា បានបង្ហាញថា បងប្អូននៅតែចាត់ទុកគណបក្សប្រជាជនកម្ពុជា ជាស្នូលក្នុងការដឹកនាំឆ្ពោះ ទៅរកការអភិវឌ្ឍន៏នៅមូលដ្ឋាន កាន់តែប្រសើរឡើងទៀត និងបានផ្តល់ទំនុកចិត្តយ៉ាងច្បាស់ លើបេក្ខជនក្រុមប្រឹក្សាឃុំ គណបក្សប្រជាជនកម្ពុជា ដែលមានស្នាដៃលើការងារ អភិវឌ្ឍន៏ក្នុងឃុំដែលបងប្អូនបានមើលឃើញច្បាស់ គឺជាជើងឯកនៃការអភិវឌ្ឍន៏, ការរក្សាសុខសន្តិភាព និងការបំរើសេវាសាធារណៈជូន ប្រជាពលរដ្ឋនៅមូលដ្ឋាន។

លោកបន្តថា បងប្អូនប្រជាពលរដ្ឋ បានបោះឆ្នោតជូនគណបក្ស ដែលបងប្អូនស្រឡាញ់ ពេញចិត្ត និងបានបំពេញកាតព្វកិច្ចជាពលរដ្ឋ ដែលរស់នៅក្នុងសង្គមប្រជាធិតេយ្យ សេរីពហុបក្សរួចហើយ។ ចំណែកការងារ ដែលត្រូវធ្វើបន្តគឺខិតខំចូលរួម ជាមួយក្រុមប្រឹក្សាឃុំដែលបងប្អូន បានបោះឆ្នោតជូន ដើម្បីបន្តការងារឲ្យភូមិ ឃុំរបស់យើងមាន ការរីកចំរើនការតែខ្លាំងក្លាថែមទៀត ព្រោះអ្នកធ្វើពិតប្រាដ កំពុងតែស្ថិតនៅជាមួយបងប្អូន មិនទៅណាចោលបងប្អូនឡើយ៕