(ភ្នំពេញ)៖ អភិបាលខណ្ឌដង្កោលោក នុត ពុធដារ៉ា និងក្រុមគ្រួសារ នៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៧ រួមជាមួយព្រះគ្រូ ខាន់ នុវណ្ណ ចៅអធិការវត្តព្រែកថ្លឹង ព្រមទាំងមន្ត្រីរាជការ សប្បុរសជន បាននាំយកអំណោយទៅចែកជូនគ្រួសារក្រីក្រ ក្នុងសង្កាត់ព្រែកកំពឹស និងសង្កាត់ជើងឯកចំនួន១៥០គ្រួសារ នៅក្នុងបរិវេណវត្តព្រែកថ្លឹង ដោយក្នុងមួយគ្រួសារទទួលបាន អង្ករ២៥គីឡូក្រាម មី១កេស ទឹកដោះគោ២កំប៉ុង ស្ករស១គីឡូក្រាម ទឹកក្រូច៤កំប៉ុង និងថវិកា១០.០០០រៀល។

ព្រះគ្រូ ខាន់ នុវណ្ណ ព្រះគ្រូចៅអធិការវត្តព្រែកថ្លឹង បានមានសង្ឃដីការលើកឡើងអំពីការផ្សាភ្ជាប់គ្នារវាងវិស័យពុទ្ធចក្រ និងអាណាចក្រ ជាពិសេសការផ្សាភ្ជាប់រវាងពុទ្ធបរិស័ទ្ធ និងព្រះសង្ឃ ដែលជានិច្ចកាលគឺមិនអាចកាត់ផ្តាច់ពីគ្នាបានឡើយ។

លោក នុត ពុធដារ៉ា បានធ្វើការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះព្រះគ្រូចៅអធិការវត្តព្រែកថ្លឹង និងសប្បុរសជននានា ដែលបានរៀបចំឲ្យមានពិធីចែក អំណោយនេះឡើង ដើម្បីជួយសម្រាលទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋ ក្នុងសង្កាត់ព្រែកកំពឹស និងសង្កាត់ជើងឯក ហើយនេះជាកាយវិការមនុស្សធម៌ ប្រកបដោយបុណ្យកុសល។

លោកអភិបាលបានផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលសម្តេចតែងគិតគូ ពីការលំបាក កង្វល់ និងបញ្ហានានារបស់បងប្អូនទាំងអស់នៅមូលដ្ឋាន។

ជាមួយគ្នានេះ លោកអភិបាលក៏បានលើកឡើងអំពីការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានអភិវឌ្ឍប្រទេសជាតិ រីកចម្រើនឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃ និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះបងប្អូនទាំងអស់ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ឲ្យបានទទួលជ័យជម្នះក្នុងការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាសង្កាត់អាណត្តិទី០៤កន្លងមក ដែលនៅទូទាំងខណ្ឌដង្កោនេះ​ គណបក្សប្រជាជន បានកើនសំឡេង ជិត១ម៉ឺនសំឡេង បើប្រៀបធៀបការបោះឆ្នោតនៅឆ្នាំ២០១៣៕