(ពោធិ៍សាត់)៖ អភិបាលខេត្តពោធិ៍សាត់ លោក ម៉ៅ ធនិន បានជំរុញឲ្យអ្នកទទួលម៉ៅការភាស៊ីផ្សារធ្វើយ៉ាងណា រៀបចំសណ្តាប់ធ្នាប់ បរិស្ថាន អនាម័យ និងប្រព័ន្ធលូ។ ជាពិសេសណែនាំ និងធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ និងអាជីវករ ដែលរស់នៅតាមផ្លូវជុំវិញផ្សារ ឱ្យសហការចូលរួមធ្វើអនាម័យ រៀបចំចាក់ប៉េតុង និងដំបូលផ្សារ ដើម្បីចូលរួមចំណែកគាំទ្រការប្រឡងប្រណាំងទីក្រុងស្អាត សេវាកម្មល្អ។

ការជំរុញរបស់លោក ម៉ៅ ធនិន ធ្វើឡើងក្នុងឱកាសចុះជួបសំណេះសំណាល សួរសុខទុក្ខ និងដោះស្រាយក្តីកង្វល់ដោយផ្ទាល់ជូន អាជីវករ​ ផ្សារភ្នំក្រវាញ ស្ថិតក្នុងភូមិលាច ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៧។

ក្នុងថ្ងៃដដែលនោះ លោកអភិបាលខេត្ត បានបន្តចុះសំណេះសំណាល និងពិភាក្សាសម្របសម្រួលពាក់ព័ន្ធការស្នើសុំទីតាំងសាងសង់ អគារអប់រំស្រុកថ្មី ជាមួយសាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ ក្នុងអនុវិទ្យាល័យសម្តេចឪ សម្តេចម៉ែ ស្រុកភ្នំក្រវាញ ដោយបានការ ចូលរួមពីលោកស្រី ជុក សុផានី អភិបាលរងខេត្ត មន្ទីរជំនាញ អាជ្ញាធរស្រុក ឃុំ និងលោកគ្រូ អ្នកគ្រូ សរុបជាង ៥០នាក់។

នៅក្នុងពិធីសំណេះសំណាល លោក ម៉ៅ ធនិន បានថ្លែងកោតសរសើរសាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ ក្នុងអនុវិទ្យាល័យ សម្តេចឪ សម្តេចម៉ែ ស្រុកភ្នំក្រវាញ ក៏ដូចជាទូទាំងស្រុកភ្នំក្រវាញ ដែលបានខិតខំប្រឹងប្រែង និងផ្ទេរចំណេះដឹងបង្រៀនដល់កូនចៅប្រជាពលរដ្ឋ ដែលមិនគិតពីការខ្វះខាតអ្វីឡើយ។ ជាការពិតណាស់លោកគ្រូ អ្នកគ្រូ គឺជាគ្រួសារគំរូ ជាពុម្ភ និងជាថ្នាលបណ្តុះបណ្តាលនូវ ធនធានមនុស្ស ប្រកបដោយគុណភាព និងប្រសិទ្ធភាព សម្រាប់ការស្តារ និងអភិវឌ្ឍន៍ប្រទេសជាតិឲ្យមានការរីកចម្រើន។

លោកអភិបាលខេត្តបានលើកឡើងថា ការចុះមកនាពេលនេះ គឺដើម្បីជួបសំណេះសំណាល និងពិភាក្សាសម្របសម្រួលពាក់ព័ន្ធនឹងការ ស្នើសុំទីតាំងសាងសង់អាគារអប់រំស្រុកថ្មី ជាមួយសាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ ក្នុងអនុវិទ្យាល័យ សម្តេចឪ សម្តេចម៉ែ ស្រុកភ្នំក្រវាញ ព្រោះថា គម្រោងដែលត្រូវសាងសង់អាគារអប់រំស្រុកថ្មី គឺនៅឆ្ងាយពីទីប្រជុំជនស្រុក បើសាងសង់ក្នុងអនុវិទ្យាល័យនេះងាយស្រួល ក្នុងការធ្វើដំណើរ កាត់បន្ថយការចំណាយ និងពេលវេលា។

លោកក៏បានស្នើដល់លោកគ្រូ អ្នកគ្រូ ត្រូវចេះយោគយល់ និងសម្របសម្រួល លើការស្នើសុំទីតាំងសាងសង់អាគារអប់រំស្រុកថ្មីនេះ ដើម្បីបម្រើឲ្យផលប្រយោជន៍រួមទាំងអស់គ្នា។

ជាចុងក្រោយ លោកគ្រូ អ្នកគ្រូ ក៏បានទទួលយកតាមការសម្របសម្រួលស្នើសុំ និងបានសំណូមពរតបមកវិញ សុំអគារទីចាត់ការ១ខ្នង ៣បន្ទប់ រួមនឹងបន្ទប់ទឹក។ លោកអភិបាលខេត្ត ក៏បានទទួលដោះស្រាយទៅតាមសំណូមពរ និងបានចែកជូនវត្ថុកំដរដៃ ដល់លោកគ្រូ អ្នកគ្រូទាំង៤២នាក់ ក្នុងម្នាក់ៗទទួលបានសារុង១ និងបានថតរូបទុកជាអនុស្សាវរីយ៍ផងដែរ៕