(ភ្នំពេញ)៖ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានសហព័ន្ធកីឡាហែលទឹកកម្ពុជា នៅរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៧ បានអញ្ជើញបិទការប្រកួតកីឡាហែលទឹកពានរង្វាន់ព្រឹទ្ធាចារ្យ ហែម ថុន លើកទី០២ ឆ្នាំ២០១៧។ ពិធីនោះ ក៏មានការអញ្ជើញចូលរួមពីមន្រ្តីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូនជាច្រើនរូបផងដែរ

ការប្រកួតនេះមាន០៥វិញ្ញាសារ គឺ វិញ្ញាសារ១០០ម៉ែត្រមេអំបៅ ជម្រើសជាតិនារី ១០០ម៉ែត្រ សេរីយុវជនក្រោម១៧ឆ្នាំ ៥០ម៉ែត្រកុមារក្រោមអាយុ១៤ឆ្នាំ ៥០ម៉ែត្រជនពិការ និង ៤០០ម៉ែត្របួនរបៀបជំនាញ។ ការប្រកួតកញ្ញា ហែម ថុនវិទីនី ដណ្តើមបានចំណាត់ថ្នាក់លេខ១ លើវិញ្ញាសារ ១០០ម៉ែត្រមេអំបៅ និងជម្រើសជាតិនារី ១០០ម៉ែត្រ។

ក្នុងឱកាសនោះលោកទេសរដ្ឋមន្ត្រី បានឧបត្ថមថវិកា ១,៩១០ដុល្លារសហរដ្ឋអាមេរិក ជូនដល់អគ្គលេខាធិការដ្ឋានសម្រាប់ ការរៀបចំកម្មវិធី។

សូមបញ្ជាក់ថា ការប្រកួតនេះរៀបចំឡើងជាការឧទ្ទិសកិត្តិយសជូនចំពោះលោកព្រឹទ្ធាចារ្យ ហែម ថុន ដែលជាអតីតកីឡាករហែលទឹក ដ៏ឆ្នើមបំផុតមួយរូប ធ្លាប់បានទទួលមេដាយគួរឲ្យស្ងើចសរសើរ ក្នុងចំណោមកីឡាករឆ្នើមៗទាំងឡាយក្នុងទសវត្សរ៍ ឆ្នាំ១៩៦០។ លោក ព្រឹទ្ធាចារ្យ បានទទួលមរណៈភាពកាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០១៥។ កេរ្តិ៍ដំណែល និងឥទ្ធិពលរបស់លោកគ្រូនៅបន្តកើតមាន ជានិច្ចនិរន្តរ នៅក្នុងវិស័យកីឡាហែលទឹក និងកីឡារបស់យុវជនកម្ពុជា។

សូមជម្រាបជូនថា លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏ធ្លាប់ជាអតីតកីឡាករហែលទឹកមួយរូបផងដែរ នៅក្នុងក្រុមកីឡាករហែលទឹក ដែលមានព្រឹទ្ធាចារ្យ ហែម ថុន ជាគ្រូបង្វឹក ដែលកាលនោះលោកទេសរដ្ឋមន្ត្រី ជាសិស្សសិក្សានៅវិទ្យាល័យ៕