(ភ្នំពេញ)៖ ហាង «EDAMAME» ប្រភេទអាហារបែបជប៉ុន ដែលបានបង្កើតឡើងដោយ វិនិយោគិនជនជាតិជប៉ុនម្នាក់ បានសម្ពោធ និងដាក់ដំណើរការក្នុងការលក់ នាល្ងាចថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៧នេះ ក៏ដោយសារតែសំឡឹងមើលទីផ្សារ ក៏ដូចជាសេដ្ឋកិច្ចកម្ពុជា មានការរីកចម្រើនជាងខ្លាំង ហើយការដាក់ដំណើរការហាងថ្មីមួយនេះ ក៏មានការចូលរួមពីក្រុម​តារាចម្រៀង «Rock Music» ដែលសុទ្ធសឹងតែជាតារាល្បីៗ ប្រចាំនៅកម្ពុជា។

ពិធីសម្ពោធហាងអាហារ បែបជប៉ុន «EDAMAME» នេះ ក្រៅពីមានការចូលរួម ពីក្រុមតារាចម្រៀងប្រចាំ «Rock Music» ក៏មានការចូលរួមពី ដៃគូពាណិជ្ជកម្មជាតិ និងអន្តរជាតិ ជាពិសេស គឺជនជាតិជប៉ុន ខណៈហាងថ្មីនេះមាន ទីតាំងនៅមុខផ្សារទំនើប AEON MALL វិថីសុធារស់ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

នាយកគ្រប់គ្រងហាង «EDAMAME» បានលើកឡើងថា រូបលោកបានសាកសួរទៅ ប្រជាពលរដ្ឋមួយចំនួន តែងតែនិយាយថា អាហាររបស់ជប៉ុន គឺមានតម្លៃថ្លៃ ហើយ ចង់ឲ្យមានអ្នកបើកហាងនៅកម្ពុជា ដែលមានតម្លៃសមរម្យ ធ្វើឲ្យប្រជាពលរដ្ឋនៅកម្ពុជា អាចសាកអាហារបែបជប៉ុននេះបាន។ ម្យ៉ាងទៀត ដោយសារសំឡឹងនៅទីផ្សារនៅកម្ពុជា មានការរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ ទើបលោកសម្រេចបើកហាងអាហារ បែបជប៉ុននេះតែម្ដង។

លោកបន្ថែមថា អតិថិជនមានការចូលចិត្តស្រាបៀរ (BEER) គួបផ្សំនឹងអាហារបែបជប៉ុននេះសក្តិសមគ្នា​ នោះវានឹងបង្កើនឱជារសទាំងអាហារ និងស្រាបៀរផងដែរ។

ក្រៅពីការញុំាអាហារ នាពេលល្ងាចនោះ ក៏មានច្រៀងរាំពីក្រុមតារាចម្រៀង «Rock Music» ដែលសុទ្ធសឹងតែប្រភេទ Original Song ហើយកំពុងមានការរីកល្បីល្បាញ យ៉ាងខ្លាំងនៅកម្ពុជា ដែលធ្វើឲ្យកម្មវិធី កាន់តែសប្បាយរីករាយ។

សូមជម្រាបថា នៅពេលខាងមុខក្រុមតារាចម្រៀង​ប្រចាំ «Rock Music» ក៏មានគម្រោងទៅសម្តែង នៅក្រៅប្រទេសទៀតផង។ នេះបើតាមការបញ្ជាក់ពីអ្នកគ្រប់គ្រង របស់ «Rock Music» ហើយការចេញទៅក្រៅប្រទេសនេះ ក៏មានដៃគូសហការជាមួយនឹង StrongHold Enterainment ផងដែរ៕