(ភ្នំពេញ)៖ គណៈកម្មការ នៃសាកលវិទ្យាល័យចំរើន ពហុបច្ចេកវិទ្យា (CUP) បានបើកកិច្ចប្រជុំពិនិត្យ និងវាយតម្លៃទទួល ស្គាល់បណ្ឌិតកិត្តិយស ជូនឥស្សរជនឆ្នើមចំនួន៤រូប។

កិច្ចប្រជុំនេះ ធ្វើឡើងនៅរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៧ ក្រោមអធិបតីភាព លោកឧកញ៉ាបណ្ឌិត ឡាច សំរោង សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យចំរើន ពហុបច្ចេកវិទ្យា និងមានការចូលរួមពីគណ:កម្មការនាយក សភាចារ្យ ជាច្រើនរូបទៀតផងដែរ។

លោកឧកញ៉ាបណ្ឌិត ឡាច សំរោង បានថ្លែងថា ឥស្សរជនឆ្នើមចំនួន៤រូប ដែលត្រូវបានគណៈកម្មការពិនិត្យ និងវាយតម្លៃទទួលស្គាល់ បណ្ឌិតកិត្តិយស នាពេលនេះរួមមាន៖  
១៖ លោកស្រីឧកញ៉ា កែវ ម៉ាលី សមាជិកព្រឹទ្ធសភា
២៖ លោកស្រី យូ អយ ជាទីប្រឹក្សារាជរដ្ផាភិបាល
៣៖ លោកឧកញ៉ា វិញ ហួរ ជាពាណិជ្ជករ
៤៖​ លោក ថៃ នរៈសត្យា រដ្ឋលេខាធិការក្រសួងវប្បធម៌ និង វិចិត្រសិល្បះ។

លោកព្រឹទ្ធាចារ្យបណ្ឌិត សោម សុខនី អនុប្រធានគណៈកម្មការពិនិត្យវាយតម្លៃ បានគូសបញ្ជាក់ថា ដើម្បីក្លាយខ្លួនជាបណ្ឌិតកិត្តិយស បុគ្គលម្នាក់ៗ ត្រូវមានតួនាទី ឋានៈក្នុងសង្គម ចំណេះដឹងទូទៅ ដែលទទួលបានពីការសិក្សាស្រាវជ្រាវ។ ការទទួលបាននូវគ្រឿង ឥស្សរយស ពីការងារសង្គម គុណសម្បត្តិពីការបំរើប្រទេសជាតិជាដើម។

នៅទីបញ្ចប់នៃកិច្ចប្រជុំ ត្រូវបានប្រធានគណៈកម្មការពិនិត្យវាយតម្លៃ និងសម្រេចផ្ដល់ជូនបណ្ឌិតកិត្តិយស៖

១៖ លោកស្រី យូ អយ នូវបណ្ឌិតកិត្តិយសទស្សនវិទ្យាឯកទេស ទំនាក់ទំនងអន្តរជាតិ
២៖ លោកស្រី កែវ ម៉ាលី ជាបណ្ឌិតកិត្តិយសទស្សនវិទ្យា ឯកទេសវិទ្យាសាស្ត្រនយោបាយ
៣៖ លោក ថៃ នរៈសត្យា ជាបណ្ឌិតកិត្តិយសឯកទេស វិទ្យាសាស្ត្រនយោបាយ
៤៖ លោកឧកញ៉ា វិញ ហួរ ជាបណ្ឌិតកិត្តិយសទស្សនវិទ្យា ឯកទេសធុរកិច្ច

លោកសកលវិទ្យាធិការ បានបញ្ជាក់ជូន កិច្ចវាយតម្លៃនេះផងដែរថា មុនការសម្រេចជាឯកឆន្ទៈនេះគណកម្មការបានប្រជុំពិនិត្យ វាយតម្លៃជាច្រើនលើក ហើយជាចំណុខសំខាន់ណាស់ គឺ ឥស្សរជន ត្រូវមានលក្ខណៈសម្បត្តិ៤ជាចំណុចជាចាំបាច់គឺ ទី១៖ ជាឥស្សរជនមានស្នាដៃរួមចំណែកកសាងប្រទេស។ ទី២៖ ការអបរំ នឹងចំណេះដឹងទូទៅ។ ទី៣៖ តួនាទីក្នុងរាជរដ្ឋាភិបាល ឬ ក្រុមហ៊ុនឯកជន ដែលមានស្នាដៃលើសង្គមជាតិ និងទី៤៖ មានកិត្កិយស និងឥស្សរយស ដែលបានទទួលស្គាល់ដោយប្រមុខរដ្ឋ ឬ អង្គព្រះមហាក្សត្រ។

សកលវិទ្យាធិការចំរើនពហុបច្ចរកវិទ្យា លោកឧកញ៉ា បណ្ឌិត ឡាច សំរោង បញ្ជាក់ខ្លីថា ការសម្រេចដោយឯកឆន្ទ នឹងបញ្ជូនទៅក្រសួងសាម៉ីតាមក្រឹត្យក្រមច្បាប់ ដើម្បីសម្រេចជាផ្លូវការ៕