(ភ្នំពេញ)៖ លោកឧញ៉ា ម៉ុង ឬទ្ធី បានបញ្ជាក់ឲ្យដឹងថា តាមរយៈ Facebook ផ្លូវការរបស់លោកថា បន្ទាប់ពីទស្សកិច្ចជាលើកដំបូងនៅកម្ពុជា តំណាងរោងចក្រកែច្នៃសាច់ ប្រកបដោយគុណភាព នៅប្រទេសប៉ូឡូញជិត​៥០ឆ្នាំ គឺរោងចក្រ Polskamp SP.Z.O.O បានបង្ហាញពីចំណាប់អារម្មណ៍ ចង់សហការជាមួយក្រុមហ៊ុន ម៉ុង ឬទ្ធី បើករោងចក្រកែច្នៃសាច់ ប្រកបដោយគុណភាព សម្រាប់នាំចេញ ដើម្បីជួយដល់កសិករកម្ពុជា ដែលរងផលប៉ះពាល់ ដោយការនាំចូលសត្វ យ៉ាងគំហុងពីប្រទេសជិតខាងនោះ។

លោកឧកញ៉ា ម៉ុង ឬទ្ធី បានបន្ថែមថា តាមការផ្លាស់ប្តូរ​ដំណើរ​ ទស្សនកិច្ច​ទៅវិញទៅមក រវាងប្រតិភូកម្ពុជា​ និង​​ ប៉ូឡូញ ​ដើម្បី​ស្វែងរក​ដំណោះស្រាយ​ តម្លៃ​សាច់ជ្រូក ​និង​សាច់មាន់​ ឲ្យអាចប្រគួត​ប្រជែង​ជាមួយ ​ប្រទេស​ជិតខាងបាន​លុះត្រាតែមាន​បច្ចេកទេស​ទំនើប​ទាន់​សម័យ​ សាងសង់រោង​កែឆ្នៃ​សាច់ ប្រកបដោយគុណភាព​ និង​ធានា​បាននៅ​សុវត្ថិភាព ​ម្ហូបអាហារ​ជាចម្បង​។

លោកឧកញ៉ាបន្តថា ក្នុងដំណើរទស្សនកិច្ចនោះ ភ្ញៀវទាំងអស់នោះបានវាយ​តម្លៃខ្ពស់ ​រួចហើយ​បានសន្យាថា​ ​ជាការចាប់ផ្តើមត្រូវប្រមូលទិញ​ផ្លែស្វាយ​ និង​ម្រេចពីប្រទេស​កម្ពុជា ​ដើម្បី​នាំចេញ​ទៅកាន់ទីផ្សា​ប្រទេស​ប៉ូឡូញ​ ទំនិញ​ដែល​ត្រូវនាំពី​ប្រទេស​ប៉ូឡូញ​ មកកាន់ប្រទេសកម្ពុជា​ដំបូងនោះ គឺទឹកដោះគោ​។

លោកឧកញ៉ាបន្ថែមថា «ភាគី​ទាំងពីរ ​នឹង​បន្ត​ពិភាក្សា​ជាមួយ​គ្នា​ ដើម្បី​សាងសង់​រោងចក្រកែឆ្នៃសាច់ ឱ្យបានឆាប់ផុត​ដែលអាចធ្វើទៅបាន​ ដើម្បី​ជួយ​សង្គ្រោះ​ដល់​កសិករ​កម្ពុជាយើង ​ដែល​កំពុង​តែទទួលរងគ្រោះ ​ដោយសារតែ​ការនាំចូលសត្វរស់ យ៉ាង​គំហុក​ពីសំណាក់​ប្រទេស​ជិតខាង​»។

បើតាមលោកឧកញ៉ា ម៉ុង ឬទ្ធី ចាប់ពី​ថ្ងៃចន្ទ​ទី​១៩ រហូតដល់ថ្ងៃពុធ ​ទី២៨​ ​ខែមិថុនា​ ឆ្នាំ​២០១៧ខាងមុខនេះ លោក​នឹងត្រូវដឹកនាំ​គណប្រតិភូ​កម្ពុជា​ ​ទៅកាន់​ប្រទេស​ហុងគ្រី​ និង​ បារាំង ​ដើម្បី​ស្វែងរក​ទីផ្សារ​កសិផល និងដើម្បី​ទាក់ទាញ​អ្នក​វិនិយោគ​ទុន ​មកពី​ប្រទេស​ទាំងពីរ ​ឱ្យ​មក​បណ្ដាក់​ទុន​វិនិយោគ​នៅលើទឹកដីកម្ពុជា​ ក្នុងន័យចូលរួម​ចំណែក​កាត់​បន្ថយ​ភាព​ក្រីក្រ ​របស់ប្រជាជន ​ជាមួយ​រាជរដ្ឋាភិបាល​ដែល​មាន​សម្តេច​តេជោ​ ហ៊ុន​ ​សែន ជា​នាយករដ្ឋមន្ត្រី​​កម្ពុជា៕