(ភ្នំពេញ)៖ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បានអន្តរាគមន៍ដោះស្រាយបញ្ហា ជូនពលរដ្ឋខ្មែរចំនួន៤នាក់ ឲ្យវិញត្រឡប់មកកម្ពុជាវិញ បន្ទាប់ពីពួកគេបានចាញ់បោក ជនខិលខូចទៅធ្វើការនៅម៉ាឡេស៊ីដោយខុសច្បា​ប់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា​ បានបញ្ជាក់ថា ពលរដ្ឋខ្មែរដែល ស្ថានទូតកម្ពុជា ប្រចាំនៅម៉ាឡេស៊ី ជួយអន្តរាគមន៍ និងដោះស្រាយរួមមាន៖

១៖ ករណីទី១ ស្ថានទូតកម្ពុជាប្រចាំនៅម៉ាឡេស៊ី បានជួយពលការិនី ឈ្មោះ ស.ធ.រ ធ្វើការនៅម៉ាឡេស៊ី ទាមទារប្រាក់ខែដែលនៅសល់ បានត្រលប់មកវិញតាមការទាមទារ។

២៖ ករណីទី២ ពលការិនី រ.ស.ណ អាយុ២០ឆ្នាំ មកពីស្រុកតំបែរ ខេត្តកំពង់ចាម ត្រូវបានមេខ្យល់នាំ ធ្វើដំណើរ តាមរថយន្តឆ្លងកាត់ប្រទេសថៃទៅម៉ាឡេស៊ីដោយខុសច្បាប់ និងធ្វើការងារតាមផ្ទះ កាលពីថ្ងៃទី២១ ខែ មករា ឆ្នាំ ២០១៥។ ដោយចង់ត្រឡប់មកកម្ពុជាវិញ ពលការិនីបានស្នើសុំអន្តរាគមន៍ពីស្ថានទូតនៅ ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៧។

៣៖ ករណីទី៣​ ពលការិនី ស.ក.ជ អាយុ១៩ឆ្នាំ មកពីខេត្តកោះកុង ត្រូវបានជនជាតិម៉ាឡេស៊ីម្នាក់ នាំធ្វើដំណើរ តាមរថយន្តឆ្លងកាត់ប្រទេសថៃទៅម៉ាឡេស៊ីដោយខុសច្បាប់ និងធ្វើការងារតាមផ្ទះ កាលពី ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៥។ ស្ថានទូតបានសម្របសម្រួលជាមួយការិយាល័យអន្តោប្រវេសន៍ម៉ាឡេស៊ី ហើយពលការិនីទាំង ២នាក់ខាងលើ នឹងមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅថ្ងៃទី១៨ ខែ មិថុនា ឆ្នាំ ២០១៧ វេលាម៉ោង០៧:៣៥នាទីព្រឹក តាមជើងយន្តហោះ AK536។

៤៖ ករណីទី៤ ពលករ ស.ម.ស អាយុ២៥ឆ្នាំ មកពីស្រុកមេមត់ ខេត្តត្បូងឃ្មុំបានទៅម៉ាឡេស៊ីខុសច្បាប់ដោយខ្លួនឯង ដើម្បីរកការងារធ្វើ ហើយត្រូវបាននគរបាលម៉ាឡេស៊ី ចាប់ខ្លួនដាក់ពន្ធនាគាររយៈពេល៤ខែ។ ក្រោយពីបានដឹងថា ពលកររូបនេះ បានរួចទោស ប៉ុន្តែខ្វះខាតថវិកា ស្ថានទូតបានចេញលិខិតធ្វើដំណើរ និងឧបត្ថម្ភសំបុត្រយន្តហោះជូន ដើម្បីឲ្យគាត់អាចត្រឡប់មកកម្ពុជាវិញ។

ពលករខាងលើបានមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅថ្ងៃ ទី១៥ ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោង១៥:៥៥នាទី តាមជើងយន្តហោះAK534 ៕