(ភ្នំពេញ)៖ ដោយមើលឃើញពីតម្រូវការចាំបាច់ និងការកើនឡើង នៃអ្នកដំណើរក្នុងស្រុក ក៍ដូចភ្ងៀវទេសចរណ៍អន្តរជាតិ ដែលមកទស្សនកំសាន្ត នៅតាមតំបន់ទេសចរណ៍នានា ក្នុងប្រទេសកម្ពុជា ពិសេសក្នុងរដូវបុណ្យជាតិធំៗនោះ ក្រុម ហ៊ុនគ្រីស្តាល់ អិចប្រេស និងក្រុមហ៊ុន ថោងស៊ីងស៊ីង ហូលឌីង បានចាប់ដៃគូ សហប្រតិបត្តិការអាជីវកម្មរួមគ្នា ដើម្បីបំរើសេវាកម្ម ក្នុងការដឹកជញ្ជូនអ្នកដំណើរនេះ អោយកាន់តែល្អប្រសើរ ជាមួយសេវាកម្មលឿនរហ័សទាន់ចិត្ត បំពេញត្រូវការ និងសេចក្តីត្រូវការចង់បាន របស់អតិថិជន ជាមួយនឹងរថយន្តប្រណិត កម្រិតVIP ។

ពិធីចុះហត្ថលេខាជាផ្លូវការ នៃកិច្ចព្រមព្រៀងសហប្រតិ បត្តិការ រកស៊ីជាមួយគ្នារ វាងក្រុមហ៊ុនទាំងពីខាងលើ បានធ្វើឡើងកាលពីរសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩ នៅសណ្ឋាគារ សាន់អេនម៉ូន ដែលចុះហត្តលេខាដោយ លោក ភុំ ប៊ុណ្ណាក់ នាយកក្រុមហ៊ុន គ្រីស្តាល់អិចប្រេស និងលោក យាំង ស៊ីងម៉ៅ នាយកក្រុមហ៊ុន ថោង ស៊ីងស៊ីង ហូលឌីង។

លោក យាំង ស៊ីងម៉ៅ បានថ្លែងថា ក្រុមហ៊ុនរបស់លោកបានបង្កើតឡើង រយៈពេល២ឆ្នាំកន្លះមកហើយ ដោយបោះទុនប្រមាណ៣លានដុល្លារ នៅលើសេវាកម្ម ដឹកជញ្ជូនអ្នក ដំណើរតាមរថយន្តក្រុង ទៅកាន់ខេត្តក្រុង ក្នុងប្រទេសកម្ពុជា ពិសេសបណ្តាខេត្តគោលដៅទេសចរណ៍សំខាន់ៗ ដូចជាសៀមរាប ក្រុងព្រះសីហនុ បាត់ដំបង កោះកុង កែប កំពត និងខេត្តភាគឥសាន្តប្រទេសកម្ពុជា ជាមួយខ្សែរថ៨ជើងក្នុងមួយថ្ងៃ ដោយប្រើប្រាស់រថយន្តក្រុងជាង៣០០គ្រឿង។

លោកបន្ដថា «ក្រៅពីសេវាកម្មដឹកអ្នកដំណើរ ក្រុមហ៊ុនរបស់យើង ក៍មានបំរើសេវាកម្ម លើប្រភេទរថយន្តដឹកទំនិញផងដែរ ហើយក្រុមហ៊ុន ទទួលបានការគាំទ្រ និងមានតម្រូវការខ្ពស់ មកលើសេវាកម្មដឹកជញ្ជូន របស់ក្រុមហ៊ុនលោក ពីសំណាក់អតិថិជនគ្រប់កម្រិត ហើយពេលខ្លះ បើទោះបីយើងមានរថយន្តក្រុងច្រើន តែក៍នៅមានការខ្វះចន្លោះ ដោយយើងបំពេញតម្រូវការភ្ញៀវមិនបានគ្រប់គ្រាន់ ខណៈអតិថិជនខ្លះ ពួកគាត់ត្រូវការរថយន្តកម្រិតVIP ដើម្បីធ្វើដំណើរ។ ដោយកត្តានេះហើយ ទើបយើងសម្រេច ចុះកិច្ចព្រម ព្រៀង ចាប់ដៃគូសហការ ជាមួយក្រុមហ៊ុន គ្រីស្តាល់អិច ប្រេស ដើម្បីបន្ថែមខ្សែរថ នៃរថយន្តVIPទំនើបសេរីថ្មី ដើម្បីបំពេញតម្រូវការអតិថិជនកម្រិតគោលដៅផ្សេងគ្នា បានកាន់តែប្រសើរឡើង»

លោក ភុំ ប៊ុណ្ណាក់ នាយកក្រុមហ៊ុន គ្រីស្តាល់អិច ប្រេស ក៍បានបន្ថែមដែរថា នៅក្នុងកិច្ចព្រមព្រៀងចាប់ដៃគូសហការគ្នា លើសេវាកម្មដឹកជញ្ជូនអ្នកដំណើរ នៃក្រុមហ៊ុនទាំងពីរ សំរាប់ក្រុមហ៊ុនលោក បានបោះទុនប្រមាណ៣លានដុល្លារអាមេរិក ដើម្បីទិញរថយន្តទំនើប VIP សេរីថ្មី ឆ្នាំ២០១៦ ឬ២០១៧ ដោយក្នុងជំហានដំបូងចំនួន២០គ្រឿង និងជំហានបន្ទាប់ចំនួន២០គ្រឿងទៀត ឬច្រើនជាងនេះ អាស្រ័យលើចំនួនគាំទ្រ និងការកើនឡើង នៃតម្រូវការរបស់អតិថិជន។ លោកថា តាមរយះ កិច្ចហការគ្នានេះ នាថ្ងៃអនាគតយើងនិងបង្កើនខ្សែរថពី១២ជើងទៅ១៨ជើងក្នុងមួយថ្ងៃ ខណៈបច្ចុប្បន្នបានដំណើរការចំនួន៨ជើងក្នុងមួយថ្ងៃ។

លោកបន្ដថា «យើងសង្ឃឹមថា តាមរយៈការចាប់ដៃគូគ្នានេះ ក្រុមហ៊ុនទាំងពីរ និងទទួលបានជោគជ័យ និងការគាំទ្រច្រើនបន្ថែមទៀត ពីគ្រប់អតិថិជនគោលដៅ ព្រោះសំអាងក្រុមហ៊ុនទាំងពីរ មានអតិថិជននៅក្នុងដៃរៀងៗខ្លួនរួចស្រាប់ខ្លះហើយនោះ។ ប្រសិនបើជោគជ័យ និងមានការគាំទ្រខ្លាំង នាពេលអនាគត យើងនឹងពិចារណា ពង្រីកសេវាកម្មខ្សែរត់ ជាមួយរថយន្តទំនើបVIP ពីភ្នំពេញ ឬបណ្តាខេត្តគោលដៅមួយចំនួន របស់កម្ពុជា ទៅកាន់ប្រទេសជិតខាង ជាបន្តទៀតផងដែរ»

ក្រុមហ៊ុន គ្រីស្ទាលអិចប្រេសគឺជាក្រុមហ៊ុន ដែលបំរើអតិថិជនបានល្អឥតខ្ជោះ ដោយមធ្យោបាយធ្វើដំណើរប្រកបដោយផាកសុខភាព កម្រិតស្ដងដារ រហ័ស ទំនុកចិត្ត សុវត្ថិភាព ហើយអ្វីដែលកាន់តែពិសេសជានេះទៅទៀតនោះគឺឡានមានបំពាក់ទៅដោយប្រព័ន្ធ GPS, WIFI និងប្រព័ន្ធInsurance។ ការគ្រប់គ្រងល្បឿនដោយបញ្ជារពីប្រព័ន្ធ GPS នៅកន្លែងសង់ត្រាល់ ឲ្យបើកតាមច្បាប់​កំណត់៕