(បន្ទាយមានជ័យ)៖ ប្រជាពលរដ្ឋជាច្រើនគ្រួសារ បានរិៈគន់ចំបញ្ហាស្ពានឈើដែលកំពុងទ្រុឌទ្រោមខ្លាំង តែអាជ្ញាធរមិនអើពើ និង​មិនយកចិត្តទុកបញ្ហាផ្លូវលំផងដែរ ហើយពលរដ្ឋស្នើសុំស្ពានថ្មថ្មីពីថ្នាក់ដឹកនាំ ពិសេសសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។

បើតាមប្រជាពលរដ្ឋរស់នៅភូមិក្បែរស្ពានឈើ​ បានថ្លែងប្រាប់ភ្នាក់ងារ Fresh News នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៧នេះថា ពួកគេបានរស់នៅក្បែរស្ពានឈើទ្រុឌទ្រោម អស់រយៈពេលជាង៣០ឆ្នាំមកហើយ តែមិនដែលឃើញមានអាជ្ញាធរខេត្ត អាជ្ញាធរក្រុងសិរីសោភ័ណ យកចិត្តទុកដាក់បន្តិចសោះ អ្វីដែលសំណូមពរម្យ៉ាងទៀត បញ្ហាផ្លូវលំពិបាកក្នុងការធ្វើចរាច​រខ្លាំងណាស់​។

​អ្នកភូមិព្រៃឬស្សី បានថ្លែងថា «ស្ពានឈើនេះបានកសាងតាំងឆ្នាំ១៩៨៣ រហូតដល់ឆ្នាំ២០១៧ មិនដែលឃើញថ្នាក់ដឹកនាំខេត្ត មកពិនិត្យ ឬអើពើឡើយ ទោះបីជាខ្ញុំបានរាយការណ៍ក៏ដោយ មានតែការស្តីបន្ទោសខ្ញុំទៅវិញ​»។ ពលរដ្ឋថា ស្ពានឈើនេះមានប្រវែង១០០ម៉ែត្រ ទទឹង៤ម៉ែត្រ នាពេលបច្ចុប្បន្ននេះ បានហាមឃាត់រថយន្តឆ្លងកាត់ហើយ ព្រោះស្ពានឈើខាងលើនេះ មានសភាពទ្រុឌទ្រោមខ្លាំង​។

ទាំងមេភូមិ ទាំងប្រជាពលរដ្ឋរស់ក្បែរនោះប្រមាណ៣០០គ្រួសារ បានសំណូមពរដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មេត្តាជួយសាងសង់ស្ពានថ្ម ជូនពួកគាត់ផង​។

ជាមួយនឹងការសំណូមពរនេះ អ៊ុស្រី វ៉ាន់នី បាននថ្លែងថា ​ស្ពានឈើទ្រុឌទ្រោមនេះ អស់ជាង៣០ឆ្នាំហើយ នាពេលបច្ចុប្បន្ននេះ បង្កមានផលលំបាកណាស់ ព្រោះការឆ្លងកាត់មានសម្លេងរំខានយ៉ាងខ្លាំង រហូតធ្វើឲ្យកូនចៅរកដេកពួនមិនបានឡើយ ហើយគាត់សង្ឃឹមថា សម្តេចតេជោ ហ៊ុន សែន នឹងសាងសង់ស្ពានថ្មជូនជាមិនខាន។

បើតាមការរៀបរាប់តាមតុកាហ្វេ​ ក្នុងក្រុងសិរីសោភ័ណ បានខ្សិបខ្សៀវថា ស្ពានឈើនេះកសាងពីសម័យសម្តេចក្រុមព្រះ ជាអ្នកកសាង ប្រហែលជាថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ ប្រកាន់​និន្នាការនយោបាយហើយបានជាមិន ទៅពិនិត្យ ឬធ្វើសំណើរកសាងស្ពានថ្មី ព្រមទាំងដឹងថាស្ពានឈើខាងលើនេះ មានសភាពទ្រុឌទ្រោមយូរយាណាស់មកហើយ​។

ពាក់ព័ន្ធជាមួយបញ្ហានេះ លោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ បានថ្លែងតាមរយៈទូរស័ព្ទថា លោកមិនទាន់ថាមានគម្រោងនោះឡើយ រង់ចាំ​សួរទៅខាងមន្ទីរ​អភិវឌ្ឍន៍ជនបទសិន កុំទាន់អាលសរសេរព័ត៌មាននេះ៕