(រតនគិរី)៖ អ្នកកាសែតប្រុសស្រី៤នាក់ ដែលត្រូវកម្លាំងកងរាជអាវុធហត្ថខេត្តរតនគិរី ចាប់ខ្លួនពាក់ព័ន្ធករណីទារលុយពីរថយន្ដសាំយ៉ុងដឹកជន្លង់ស្រកានាគ របស់ប្រជាពលរដ្ឋនោះ ត្រូវបានតុលាការខេត្តរតនគិរី សម្រេចឃុំខ្លួនដាក់ពន្ធនាគារហើយ កាលពីល្ងាចមិញពីបទកំហែងយក។ នេះបើតាមមន្រ្តីតុលាការខេត្ត បានប្រាប់ភ្នាក់ងារ Fresh News នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៧នេះ។

​លោកឧត្តមសេនីយ៍ត្រី គឹម រស្មី ​មេបញ្ជាការអាវុធហត្ថខេត្តរតនគិរី បានបញ្ជាក់ថា អ្នកកាសែតប្រុស-ស្រី៤នាក់ខាងលើនេះ ត្រូវបានកម្លាំងអាវុធហត្ថឃាត់ខ្លួន នៅ​ថ្ងៃទី១៤ ខែមិថុនាកន្លងទៅ ហើ​យ​ការឃាត់ខ្លួននេះធ្វើឡើងបន្ទាប់ពីមានពាក្យបណ្តឹងពីម្ចាស់រថយន្តសាំយ៉ុង ដឹកជន្លង់ស្រកានាគថា ក្រុមអ្នកកាសែតទាំងនេះទារលុយ។

​អ្នកកាសែតប្រុស-ស្រី4នាក់ខាងលើនេះ ទី១៖ឈ្មោះ យ៉ន ទិត្យ អង្គភាពយុវជនខ្មែរព័ត៌មាន, ទី២៖ឈ្មោះ ប៉េង សុខថារៈ អង្គភាពCPNអនឡាញ, ទី៣៖ឈ្មោះ ម៉ី ម៉េងហ៊ុយ អង្គភាពដំណឹងភ្នំពេញ និងទី៤៖ឈ្មោះ ច័ន្ទ ណារ៉ា ភេទស្រី អង្គភាពTNM អនឡាញ។

បើតាមលោកមេបញ្ជាការបន្ថែមថា លោក យ៉ន ទិត្យ ទារលុយប្រចាំខែ៥០០ដុល្លារ ក្នុងមួយខែរីឯក្រុមម្ខាងទៀត មានគ្នា៣នាក់ទារលុយពី ម្ចាស់សាំយ៉ុងដឹកជន្លង់ស្រកានាគ៦០០ដុល្លារ។ ​លោកបន្ថែមថា ក្រោយពីជំនាញអាវុធហត្ថសាកសួរពួកគាត់ទាំង៤នាក់ខាងលើ ហើយបានឆែកឃើញលុយដុល្លារក្លែងក្លាយសែន ​ចំនួន១៦សន្លឹក នៅជាប់ខ្លួនជាមួយអ្នកកាសែតឈ្មោះ ប៉េង សុខថារៈ និងឈ្មោះ ម៉ី ម៉េងហ៊ុយ ហើយបាន​​សារភាពថាពិតជាបានទារលុយប្រាកដមែន។

សូមបញ្ជាក់ថា កាលពីប៉ុន្មានថ្ងៃមុននេះ ​សាលា​ដំបូង​ខេត្ត​កំពង់ធំ បាន​បង្គាប់​ឲ្យ​ឃុំ​ខ្លួន​បុគ្គលិក​អង្គការ​បរិស្ថាន​ក្នុង​ស្រុក​ម្នាក់ និង​អ្នក​កាសែត​ម្នាក់​ក្នុង​ពន្ធនាគារ​​​ខេត្ត​កំពង់ធំ ជា​បណ្ដោះអាសន្ន​ដោយ​ចោទ​ពី​បទ​ «​កំហែង​យក​» ​ប្រាក់​ពី​ពលរដ្ឋ​ម្នាក់​ប្រព្រឹត្ត​កាលពី​ថ្ងៃ​ទី​ ៩ ខែ​មិថុនា ឆ្នាំ​​២០១៧៕