(ភ្នំពេញ)៖ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក ងី តាយី បានជម្រុញឲ្យមានការពង្រីក សមាជិកភាពរបស់វិស័យ គណនេយ្យ និងសវនកម្ម (វ.គ.ស.ក) ឲ្យកាន់តែរីកចំរើនបន្ថែមទៀត តាមរយៈការលើកទឹកចិត្ត ឲ្យស្ថាប័នរិះរកមធ្យោបាយ ដើម្បីធ្វើយ៉ាងណាជម្រុញ ការអនុវត្តន៍វិស័យនេះ ប្រកបដោយប្រសិទ្ធិភាព នៃស្ដងដារដែលបានដាក់ឲ្យអនុវត្តន៍។

ការជម្រុញលើកឡើងរបស់លោករដ្ឋលេខាធិការនេះ ធ្វើឡើងនារសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧ ក្នុងឱកាសដែលលោកបានអញ្ជើញចូលរួមជាអធិបតី ក្នុងកម្មវិធី  បោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាភិបាលថ្មីរបស់ វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា។

លោករដ្ឋលេខាធិការ បានថ្លែងឲ្យដឹងថា ដើម្បីសម្រេចគោដៅនេះ វ.គ.ស.ក នេះស្ថាប័ន គួរតែរិះរកមធ្យោបាយសមស្របនានា ដើម្បីប្រមូលផ្ដុំគណនេយ្យករ មានគុណវឌ្ឍិ ពីបណ្ដាក្រុមហ៊ុន សហគ្រាសអាជីវកម្ម និងអង្គភាពនានាឲ្យក្លាយជា សមាជិកសមាជិការនៃ វ.គ.ស.ក។ ទាំងនេះ គឺអាស្រាយទៅលើការខិតខំប្រឹងប្រែង ពីសំណាក់អស់លោក លោកស្រី អ្នកនាងកញ្ញាទាំងអស់ ដើម្បីចូលរួមក្នុងការអភិវឌ្ឍវិស័យ វ.គ.ស.ក នៅកម្ពុជា។ ក្នុងនោះផងដែរលោកក៏បានស្នើសុំគ្រប់ភាគី និងអ្នកពាក់ព័ន្ធទាំងអស់បន្ដសកម្មភាពនេះ  ដើម្បីជួយប្រទេសយើងកសាងផ្សារមូលធនិ និងហិរញ្ញវត្ថុកាន់តែរឹងមាំ។

វ.គ.ស.ក គឺជាស្ថាប័នតែមួយ ដែលទទួលខុសត្រូវក្នុងការគ្រប់គ្រង និងលើកស្ទួយវិជ្ជាជីវៈគណនេយ្យនៅកម្ពុជា តាមរយៈការកសាង និងអភិវឌ្ឍន៍វិជ្ជាជីវៈគណនេយ្យ ដើម្បីចូលរួមចំណែកជម្រុញ កំណើនសេដ្ឋកិច្ចរបស់ប្រទេសជាតិ ដោយធ្វើឲ្យកាន់តែមានទំនុកចិត្ត ពីសារធារណៈជន លើរបាយការណ៍ហិរញ្ញវត្ថុសហគ្រាសអាជីវកម្មនៅកម្ពុជា។

លោក ងី តាយី បានបញ្ជាក់ទៀតដែរថា រាជរដ្ឋាភិបាលបានចាត់ទុកវិស័យនេះ គឺជាវិស័យដែលផ្ដល់នូវក្របខណ្ឌ​ចាំបាច់ដើម្បីរៀបចំព័ត៌មានហិរញ្ញវត្ថុ សម្រាប់គ្រប់វិស័យទាំងអស់ និងបានតម្រូវឲ្យគ្រប់វិស័យទាំងអស់ និងបាន​តម្រូវឲ្យគ្រប់សហគ្រាស អង្គភាពអាជីវកម្ម និងអង្គភាពមិនស្វែងរកប្រាក់ចំណូល ត្រូវរៀបចំរបាយការណ៍​ហិរញ្ញវត្ថុរបស់ខ្លួន ដោយអនុលោមតាមក្របខណ្ឌនៃការរាយការណ៍ហិរញ្ញវត្ថុ ដែលបានកំណត់។

ក្នុងនោះដែរ លោក ខួយ គឹមលេង ប្រធាន វ.គ.ស.ក បានថ្លែងឲ្យដឹងថា នេះគឺជាស្ថាប័នតែមួយគត់ ដែលបង្កើតឡើងក្នុងគោលបំណងគ្រប់គ្រង និងលើកកម្ពស់វិជ្ជាជិវៈគណនេយ្យ និងសវនកម្មនៅកម្ពុជា រហូតមកដល់ពេលនេះវិទ្យាស្ថាន មានសមាជិកចំនួន២៥០រូប រួមមានសមាជិក ដែលជាក្រុមហ៊ុនចំនួន៤៩ និងសមាជិកជាបុគ្គលចំនួន២០១នាក់ទៀតផងដែរ៕