(កំពង់ស្ពឺ)៖ លោកឧត្តមសេនីយ៍ត្រី ជូ សារុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ស្ពឺ និងក្រុមការងារ នៅរសៀលថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ២០១៧នេះ បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធលោក អ៊ិត សាវឿន ជាសមាជិកសមាគម និងជាអនុប្រធានសមាគមអតីតយុទ្ធជនស្រុកបរសេដ្ឋ ដែលបានទទួលមរណភាព ដោយរោគាពាធ​។

​សមាគមអតីតយុទ្ធជនកម្ពុជាខេត្ត បាននាំថវិកាបេឡាមរណៈសង្គ្រោះចំ​នួន​៤លានរៀល ដែលជាថវិការបស់ប្រធានសមាគមបន្ថែម៥០ម៉ឺនរៀល ព្រមជាមួយសម្ភារ ឧបភោគបរិភោគមួយចំនួន ស​ម្រាប់ទ្រទ្រង់ក្នុងកម្មវិធីបុណ្យផងដែរ​។

លោកឧត្តមសេនីយ៍ត្រី ជូ សារុន ​បានលើកឡើងថា សមាគមបានសហការគ្នាតាំងពីថ្នាក់ខេត្ត រហូតដល់មូលដ្ឋាន ដើម្បីតាមដានពីស្ថានភាពសុខទុក្ខ ដល់សមាជិកអតីយុទ្ធជន ក្នុងនោះទាំងបញ្ហាគ្រួសារ និងបញ្ហាផ្សេងៗក្នុងសង្គម ក្នុងន័យជួយដោះស្រាយជូនគាត់​តាមកម្រិត នៃសមាគមឲ្យបានទាន់ពេលវេលា មិនតែប៉ុណ្ណោះប្រាក់បេឡាសង្គ្រោះនេះ ប្រគល់ជូនក្នុងពិធីសពដើម្បីចាត់ចែង​។

លោកប្រធានបន្តថា សមាគមអតីតយុទ្ធជននៅ​តាមមូលដ្ឋាន ត្រូវតែជំរុញត្រួតពិនិត្យគិតគូពីសុខទុក្ខរបស់ពួកគាត់ ឲ្យបានទៀងទាត់យ៉ាងចាំបាច់ ក្នុងនោះត្រូវគិតពីគោលរបប ការបើកប្រាក់មរណៈ​សង្គ្រោះ​ឲ្យបានឆាប់ ហើយជាពិសេស នៅក្នុងពិធីបុណ្យរបស់គ្រួសារសព៕