(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា នឹងទម្លាក់ថវិកាប្រមាណ៧,៥លានដុល្លារ សម្រាប់ឧបត្ថម្ភថវិកាបន្ថែមចំនួន៥ម៉ឺនរៀល ដល់មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធកម្ពុជា ក្នុងម្នាក់ៗ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ នាខែកញ្ញា ឆ្នាំ២០១៧ ខាងមុខនេះ។ នេះបើតាមលទ្ធផលនៃកិច្ចប្រជុំរបស់គណៈរដ្ឋមន្រ្តី នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧នេះ។

កិច្ចប្រជុំគណៈរដ្ឋមន្រ្តីនៅថ្ងៃសុក្រនេះ ត្រូវបានធ្វើឡើងនៅវិមានសន្តិភាព ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដោយមាន របៀបវារៈមួយចំនួនដូចជា៖ ១. សេចក្តីព្រាងគោលនយោបាយជាតិ ស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ឆ្នាំ២០១៧-២០២៥។ ២. សេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅគណៈកម្មាធិការ ត្រួតពិនិត្យផលិតផលថ្នាំជក់ និងទី៣.បញ្ហាផ្សេងៗ រួមមាន សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្រ្តី ដើម្បីសុំសច្ចាប័នពីស្ថាប័ននីតិប្បញ្ញត្តិលើ «កិច្ចព្រមព្រៀងស្តីពីការទទួលស្គាល់សុពលភាព នៃប្រកាសនីយបត្រតក្កកម្មអឺរ៉ុបរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងអង្គភាពប្រកាសនីយបត្រតក្កកម្មអឺរ៉ុប»។

លោក ខៀវ កាញរីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានឲ្យដឹងតាមរយៈ Facebook ថាប្រាក់ឧបត្ថម្ភដល់មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ សម្រាប់បុណ្យភ្ជុំបិណ្ឌ ស្មើនឹងប្រាក់ឧបត្ថម្ភ ដូចពេលចូលឆ្នាំខ្មែរដែរ ដោយចំណាយសរុបប្រមាណ ៣០,០០០លានរៀល (ដែលប្រហាក់ប្រហែល៧.៥លានដុល្លារអាមេរិក)។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា តែងទម្លាក់ប្រាក់ឧបត្ថម្ភ ដល់មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ រាល់ពេលបុណ្យជាតិធំៗ រៀងរាល់ឆ្នាំ៕