(ភ្នំពេញ)៖ ទំនិញប្រភេទជាវត្ថុធាតុដើមមានសារធាតុគីមី ដែលឈ្មួញលួចនាំចូលស្តុកទុកសម្រាប់ផលិតថ្នាំពេទ្យ និង សាប៊ូក្លែងក្លាយជាច្រើន ត្រូវបានកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ សហការជាមួយមន្ដ្រីក្រសួងឧស្សាហ៍កម្ម និងមន្ដ្រីក្រសួងសុខាភិបាល ដោយមានការសម្របសម្រួល​ពី លោក លី​ សុផាណា ព្រះរាជអាជ្ញា រងអមសាលាដំបូងរាជធានីភ្នំពេញ ចុះបង្ក្រាបបានកាលពីព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧នេះ។

ទំនិញដែលឈ្មួញលួចនាំចូលនេះ គឺជាវត្ថុធាតុដើមជាសារធាតុគីមីជាច្រើនប្រភេទ ​សម្រាប់ផលិតឱសថ​ ម៉េតាណុល ដែលគ្មានច្បាប់អនុញ្ញាត និងសម្រាប់ផលិតសាប៊ូក្លែងក្លាយ​។

ការបង្ក្រាបនេះ ធ្វើឡើងនៅក្នុងឃ្លាំងគ្មានលេខមួយកន្លែង ស្ថិតនៅតាមបណ្ដោយផ្លូវលេខ៤៣០ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន។ លោកឧត្តមសេនីយ៏ ឡុង ស្រេង អនុប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ដែលបានចូលរួមបង្ក្រាបបានអះអាងថា គេនៅមិនទាន់ដឹងពីចំនួន នៃទំនិញល្មើសច្បាប់ទាំងអស់នេះ​នៅឡើយទេ ដោយសារមានចំនួនច្រើន សមត្ថកិច្ចគ្រាន់តែ ធ្វើកំណត់ហេតុដកហូតរួចហើយទើបធ្វើការ រាប់ត្រួតពិនិត្យលម្អិតតាមក្រោយ៕