(ភ្នំពេញ)៖ ថ្លែងក្នុងឱកាសពិធីសម្ពោធ​ ពិព័រណ៍គ្រឿងអលង្ការ និងត្បូងមានតម្លៃអន្តរជាតិ-កម្ពុជាលើកទី៣​ ឆ្នាំ២០១៧ លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានលើកឡើងថា ​«ពិព័រណ៍គ្រឿងអលង្ការ និងត្បូងមានតម្លៃ» គឺជាប្រធានបទដ៏សំខាន់មួយ សម្រាប់ពាណិជ្ជករ និងផលិតករគ្រឿង​អលង្ការ និងត្បូងមានតម្លៃ ​ដែលត្រូវបានក្លាយ​ទៅជាព្រឹត្តិការណ៍ ប្រចាំឆ្នាំកម្រិតអន្តរជាតិ​ដ៏សំខាន់មួ​យ​ នៅកម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំ​កន្លងទៅថ្មីៗនេះ។

ជាមួយគ្នានេះ លោកទេសរដ្ឋមន្ត្រីក៏បានសម្តែង នូវការយល់ឃើញផ្ទាល់ខ្លួនថា «ព្រឹត្តិការណ៍នេះ គឺមានទិសដៅបង្ហាញដល់ អ្នករចនាម៉ូតគ្រឿងអលង្ការនូវគំនិត​ច្នៃម៉ូតថ្មីៗ ប្រកដោយ​ភាពទំនើប ដើម្បីឆ្លើយតបទៅនឹងតម្រូវការ ទីផ្សារក្នុងស្រុក និងអន្តរជាតិ។ ម៉្យាងវិញទៀត វាក៏ជាឱកាស ដ៏ល្អមួយសម្រា​ប់កម្ពុជា ក្នុងការបើកច្រក​ឧស្សាហកម្មមួយ សម្រាប់វិស័យគ្រឿងអលង្ការ និងត្បូងមានតម្លៃ​ នៅកម្ពុជាឆ្ពោះទៅកាន់ទីផ្សារក្នុងតំបន់ និងពិភពលោក»

​ពិធីសម្ពោធ​ពិព័រណ៍គ្រឿងអលង្ការ និងត្បូងមានតម្លៃអន្តរជាតិ-កម្ពុជាលើកទី៣​ ឆ្នាំ២០១៧ មានការចូលរួមក្រោមអធិបតីភាព លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រី​ក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងលោកជំទាវ និងលោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ព្រមទាំងមានការចូលរួម ពីសំណាក់លោកជំទាវឧកញ៉ា លីម ឈីវហូរ ប្រធានសមាគមពាណិជ្ជករ គ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា និងភ្ញៀវជាតិ-អន្តរជាតិ ជាច្រើនទៀត នារសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧ នៅមជ្ឈមណ្ឌលសន្និសីទ និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ​។

​លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានថ្លែងបន្តដោយភាពជឿជាក់ថា «ការជួបជុំគ្នានៅក្នុងពិធីសម្ពោធ ​នាពេលនោះ​ មិនគ្រាន់តែជាសក្ខីកម្ម នៃការអបអរសាទរ និងការគាំទ្ររបស់យើង ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ផ្នែក ឯកជនប៉ុណ្ណោះទេ តែវាឆ្លុះបញ្ចាំងឲ្យឃើ​ញ​ពី ភាពជោគជ័យរបស់យើង ក្នុងការអនុវត្តន៍គោលនយោបាយ របស់រាជរដ្ឋាភិបាល ក្នុងការជំរុញឧស្សាហកម្ម គ្រឿងអលង្ការ និងត្បូងមានតម្លៃឲ្យ កាន់តែមានភាពសកម្មឡើង!»

នៅទីបញ្ចប់ លោកទេសរដ្ឋមន្ត្រី បានថ្លែងសង្កត់ធ្ងន់ថា ជាមួយនឹងការប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា និងសមាគមពាណិជ្ជករ គ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា លោកជឿជាក់ថា​ ការរីកច​ម្រើ​ន​លើវិស័យគ្រឿងអលង្ការ​ និងត្បូងមានតម្លៃនៅកម្ពុជា នឹងសម្រេចបាននូវចំណុច​ ជាសារវ័ន្តដូចខាងក្រោម៖

* ទីផ្សារក្នុងស្រុក នឹងកាន់តែរីកធំទូលាយ។
* ទីផ្សារនាំចេញ នឹងកាន់តែសម្បូរបែប។
* សកម្មភាពនៃការផលិតគ្រឿងអលង្ការ កាន់តែមានការរីកចម្រើន ហើយគុណភាពផលិតផល ក៏ត្រូវបានពង្រឹង ។
* ប្រជាជន ដែលមានចំណេះដឹង ជាពិសេសយុវជន នឹងមានការងារធ្វើ ប្រកបដោយវិជ្ជាជីវៈ ហើយពួកគេ នឹងអាចរកចំណូលបានកាន់តែច្រើន ពីការងារប្រភេទនេះ ។
* ការវិនិយោគដោយផ្ទាល់ និងប្រយោល នឹងកាន់តែកើនឡើង លើជំនួញគ្រឿងអល​ង្កា​រ និងត្បូងមានតម្លៃនៅកម្ពុជា។
* ភ្ញៀវបរទេស និងអ្នកជំនួញផ្នែកគ្រឿង​អលង្ការសំខាន់ៗ នៅជុំវិញតំបន់ និងនៅលើពិភពលោ​ក នឹងអញ្ជើញមក​​ធ្វើធុរកិច្ច រួមទាំងទស្សនា ប្រទេសកម្ពុជាតាម​រយៈព្រឹត្តិការណ៍ ដ៏មានកិត្យានុភាពនេះ ហើយអាចនឹងមានសេវាកម្មផ្សេងៗ ជាច្រើនកើតឡើង សម្រាប់វិស័យ​នេះ​។

ផ្អែកតាមរបាយការណ៍ របស់សមាគមពាណិជ្ជករ គ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា «ពិព័រណ៍គ្រឿងអលង្ការ និងត្បូងមាន​តម្លៃអន្តរជាតិ-កម្ពុជា លើកទី៣ ឆ្នាំ២០១៧»​ នឹងត្រូវរៀបចំធ្វើឡើង រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃ​ទី១៥ រហូតដល់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៧ នៅមជ្ឈមណ្ឌលសន្និសីទ និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ មានចូលរួមដាក់តាំងបង្ហាញ ផលិតផលពីក្រុមហ៊ុននានាមកពី​ ​ចិន (ហុងកុង) ជប៉ុន តួគី ថៃ វៀតណាម និងអារ៉ាប់រួម ។ល។ ផលិតផល ដែ​ល​​ដាក់តាំងបង្ហាញមាន​ ពេជ្រ ត្បូង​មានតម្លៃ គុជ គ្រឿងអលង្ការ និងគ្រឿងម៉ាស៊ីនកែច្នៃ គ្រឿងអលង្ការជាដើម៕