(ភ្នំពេញ)៖  អនុប្រធានគណបក្សសង្រ្គោះជាតិ លោក អេង ឆៃអ៊ាង នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧នេះ បានថ្លែងថា ការទាន់មិនត្រឡប់ភ្លាមៗរបស់ លោក សម រង្ស៊ី មកកាន់កម្ពុជា គឺមិនសំខាន់សម្រាប់គណបក្សសង្គ្រោះជាតិឡើយ និងដើម្បីកុំឱ្យគេរំលាយគណបក្ស ចំណែកអ្នកនាំពាក្យបក្សកាន់អំណាច ឌឺវិញថា បើលោកមិនក្លាហានកុំសន្យាចំពោះ​មហាជន នេះជាភាពកំសាកយ៉ាងពិតប្រាកដ។

លោក អេង ឆៃអ៊ាង បានលើកឡើងនៅលើទំព័រ Facebook ថា «រឿងថាលោកប្រធាន សម រង្ស៊ី ក្លាហានឬកំសាក ក្នុងការចូលស្រុកខ្មែរវិញនោះ មិនសំខាន់ សម្រាប់គណបក្សសង្គ្រោះជាតិឡើយ។ រឿងដែលសំខាន់ បើលោកប្រធាន សម រង្ស៊ី ចូលមកនាំឲ្យគណបក្សសង្គ្រោះជាតិទទួលជោគជ័យក្នុងការបោះឆ្នោត ឆ្នាំ២០១៨ នោះលោកប្រធាន ដាច់ខាតត្រូវតែចូលទោះជាប់គុក ឬបាត់បង់ជីវិតក៏ដោយ។ តែបើចូលឬមិនទាន់ចូល នាំឲ្យគេយកលេសលើកការបោះឆ្នោតជាតិ ឬរំលាយគណបក្សសង្គ្រោះជាតិ នោះដាច់ខាតមិនត្រូវចូលឡើយ»

ឆ្លើយតបនឹងលោក អេង ឆៃអ៊ាង, អ្នកនាំពាក្យគណបក្សកាន់អំណាច លោក សុខ ឥសាន នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧នេះ បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ដោយបានចំអកថា បើលោក សម រង្ស៊ី អតីតប្រធានគណប​ក្សសង្រ្គោះជាតិ មិនហ៊ានត្រឡប់មកកម្ពុជាភ្លាមៗ ដូចសម្តីរបស់លោកដែល ប្រកាសប្រាប់អ្នកគាំទ្រ កាលពីយប់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧ តាមវិទ្យុអាស៊ីសេរី, សូមកុំសន្យាចំពោះមហាជន នេះជាភាពកំសាកយ៉ាងពិតប្រាកដ របស់លោក សម រង្ស៊ី។

កាលពីយប់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧ លោក សម រង្ស៊ី បានផ្តល់បទសម្ភាសន៍ដល់វិទ្យុអាស៊ីសេរីថា លោកនឹងត្រឡប់មកកម្ពុជាវិញភ្លាម បើសិនជារាជរដ្ឋាភិបាល ដកសេចក្តីជូនដំណឹង ដែលហាមមិនឱ្យក្រុមហ៊ុនដឹកយន្តហោះ ដឹកលោកទៅកាន់ប្រទេសកម្ពុជា ទោះបីជាជាប់ពន្ធនាគារក៏មិនខ្លាចដែរ ឱ្យតែបានចូលមាតុភូមិ។ បន្ទាប់ពីមានការលើកឡើងបែបនោះ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧ រាជរដ្ឋាភិបាល បានសម្រេចលុបចោលបំរាម ដែលហាមមិនឱ្យយន្តហោះដឹកលោក សម រង្ស៊ី មកកម្ពុជាតែម្តង ដើម្បីឱ្យទណ្ឌិតរូបនេះចូលមកអនុវត្តទោស។

ប៉ុន្តែទោះជាយ៉ាងណា បន្ទាប់ពីមានការដកបម្រាមនេះ​ លោក សម រង្ស៊ី សម្រាប់តែក្រឡាសសម្តីរបស់ខ្លួនឯងវិញ ដោយអះអាងថា លោកនឹងមិនទាន់ត្រឡប់ មកកម្ពុជាឡើយ លុះត្រាឧបសគ្គនានា ត្រូវបា​នដោះស្រាយដើម្បីសុវត្ថិភាព និងសេរីភាពរបស់លោក។

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានចាត់ទុកថា ការក្រឡាសសម្តីភា្លមៗរបស់លោក សម រង្ស៊ី នាពេលនេះ បង្ហាញថា លោក សម រង្ស៊ី នៅតែជាមនុស្សកំសាក មិនហ៊ានជាប់ពន្ធនាគារ ឬអនុវត្តទោស ដូចសកម្មជនរបស់គាត់នោះទេ ហើយថាការបង្ហាញភាពកំសាកបែបនេះរបស់ លោក សម រង្ស៊ី មិនមែនជាលើកទី១នោះឡើយ ដោយលោកធ្លាប់បានរត់ចោលស្រុក នៅពេលមានរឿងធំម្តងៗជាច្រើនលើកទៅហើយ។

លោក សុខ ឥសាន បានបន្តលើកឡើងថា បើសិនជាមេដឹកនាំបក្សប្រឆាំងទាំងមូលសន្យាហើយ មិនអនុវត្តតាមសម្តីរបស់នោះ មានន័យថា ការសន្យាជាមួយប្រជាពលរដ្ឋកន្លងមក ក៏ជាការបោកប្រាស់ ដើម្បីតែសន្លឹកឆ្នោតតែប៉ុណ្ណោះ៕