(មណ្ឌលគិរី)៖ ពាក់ព័ន្ធ​ករណីបង្ក្រាបឃ្លាំងស្ដុកឈើ២ទីតាំងធំៗ នៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ដែលសេចក្តីរាយការណ៍មួយចំនួនផ្សាយថា ក្នុងឃ្លាំងស្ដុកឈើនេះ មានឈើរហូតដល់១០០ម៉ែត្រគូបនោះ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧នេះ រដ្ឋបាលខេត្តមណ្ឌលគិរី បានចេញមុខមកបញ្ជាក់ថា ចំនួនឈើនៅក្នុងឃ្លាំងដែលបង្ក្រាបបាននោះ មានជាង១០ម៉ែត្រគូបប៉ុណ្ណោះ។

ការចេញមកបញ្ជាក់ជាផ្លូវការ របស់រដ្ឋបាលខេត្តមណ្ឌលគិរី ខាងលើនេះ មានបំណងដើម្បីបំភ័ន្តការយល់ច្រឡំពីសំណាក់ថ្នាក់ដឹកនាំ និងមជ្ឈដ្ឋានទូទៅ។ នេះបើយោងតាម សេចក្ដីបំភ្លឺរបស់អ្នកនាំពាក្យ នៃរដ្ឋបាលខេត្តមណ្ឌលគិរី ដែលបណ្ដាញសារព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧នេះ។

អ្នកនាំពាក្យសាលាខេត្តមណ្ឌលគិរី បានឲ្យដឹងយ៉ាងដូច្នេះថា បន្ទាប់ពីធ្វើការបង្ក្រាប មានមានការចុះផ្សាយថា ឈើទាំងនោះមានរហូតទៅដល់ជាង១០០ម៉ែត្រ។ ទន្ទឹមនឹងនោះ ក៏មានការផ្សាយថា ឈើនោះមានចំនួន១០០ម៉ែត្រគូប​ ប៉ុន្ដែថ្នាក់ខេត្តឲ្យដាក់ក្នុងកំណត់ហេតុតែចំនួន១០ម៉ែត្រគូបប៉ុណ្ណោះ។ ដូច្នេះរាល់ការលើកឡើង និងការចុះផ្សាយ កន្លងមកនេះ មិនត្រឹមត្រូវឡើយ ដែលធ្វើឲ្យមានការយល់ច្រឡំ និងធ្វើឲ្យមានការប៉ះពាល់ដល់មន្ដ្រីជំនាញ គណៈបញ្ជាការឯកភាព ក៏ដូចជា រដ្ឋបាលខេត្តដែលកំពុង អនុវត្តភារកិច្ច។

អ្នកនាំពាក្យបានបញ្ជាក់ទៀតថា «បរិមាណឈើដែលបានរឹបអូសទាំងនោះ ផ្អែកតាមរបាយការណ៍ជំនាញ គឺមានចំនួនពិតបា្រកដពី១០ ទៅ១៥ម៉ែត្រគូបប៉ុណ្ណោះ»

យ៉ាងណាមិញ លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី ធ្លាប់បានបញ្ជាក់ថា «អ្នកដែលបានផ្តល់ព័ត៌មានថា រកឃើញឈើរហូតដល់ជាង១០០ម៉ែត្រគូបនោះ មិនពិតទេ តាមការជាក់ស្តែងនោះ ឈើត្រឹមជាង១០ម៉ែត្រគូបទេ។ ចំពោះសេចក្តីរាយការណ៍នេះ ចៀសវាងធ្វើឲ្យមតិសាធារណជន និងថ្នាក់ដឹកនាំខាងលើមានការយល់ច្រឡំ»

សូមបញ្ជាក់ថា ទីតាំងប្រមូលទិញស្តុកឈើដ៏ធំ ប្រចាំខេត្តមណ្ឌលគិរី ចំនួន២កន្លែង ដើម្បីនាំចេញទៅប្រទេសវៀតណាម ត្រូវបានសមត្ថកិច្ច ចំរុះចុះឡោមព័ទ្ធ តាំងពីវេលាម៉ោង៥ព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧ បន្ទាប់ពីកម្លាំងក្រុមការងារស្រាវជ្រាវ ទប់ស្កាត់បង្ក្រាបបទល្មើស ធនធានធម្មជាតិ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បង្ក្រាបរថយន្តដឹកឈើ។ ប្រតិបត្តិការចុះឡោមព័ទ្ធ និងបង្ក្រាបកន្លែងស្តុកឈើ២កន្លែងធំៗខាងលើនេះ បានធ្វើឡើងនៅចំណុចភូមិពូត្រំ សង្កាត់រម្យនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី និងឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ប៉ោ ហេង ភេទប្រុស អាយុ១៨ ឆ្នាំ ត្រូវជាប្អូនថ្លៃឈ្មួយដ៏ល្បី ឈ្មោះប្រចាំខេត្តមណ្ឌលគិរី គួយ សុឃុន ជាម្ចាស់ទីតាំងស្តុកឈើ៕