(ភ្នំពេញ)៖ ស្រាបៀរថៃហ្គ័រ និងអង្គការ WWF បានរួមកម្លាំងគ្នាប្រយុទ្ធប្រឆាំង នឹងការជួញដូរសត្វខ្លាធំ ដោយខុសច្បាប់ ហើយក៏អំពាវអំនាវមនុស្សនៅទូទៅពិភពលោក ជួយប្រយុទ្ធប្រឆាំងទាំងអស់គ្នា និងជាផ្នែកមួយនៃយុទ្ធនាការ 3890Tigers ដែលជាយុទ្ធនាការដែលដឹកនាំដោយប្រព័ន្ធឌីជីថល ដែលលាតត្រដាងពីសិល្បៈ និងការច្នៃប្រឌិត ដើម្បីបង្កើនការយល់ដឹង ជាសកលអំពីស្ថានភាពរបស់សត្វខ្លាធំ។

យុទ្ធនាការ 3890Tigers ជាផ្នែកមួយនៃកិច្ចសហការជាសាកលរយៈពេលប្រាំមួយឆ្នាំរវាងស្រាបៀរ Tiger និងអង្គការ WWF ក្នុងការគាំទ្រដល់ការប្តេជ្ញាចិត្តជាសកល Tx2 ដែលធ្វើឡើងដោយបណ្តារដ្ឋាភិបាលនៃប្រទេសចំនួន១៣ ដែលមានសត្វខ្លាធំ ក្នុងគោលបំណងបង្កើនចំនួនសត្វខ្លាធំ របស់ពិភពលោកឲ្យបាន៦,០០០ក្បាល ត្រឹមឆ្នាំ២០២២ ហើយកិច្ចសហការរយៈពេលប្រាំមួយឆ្នាំនេះ បានចាប់ផ្តើមនៅឆ្នាំ២០១៧ ដោយទទួលបានអំណោយបរិច្ចាគជាទឹកប្រាក់១លានដុល្លារអាមេរិកពីស្រាបៀរថៃហ្គ័រ។

ប្រទេសកម្ពុជា ជាប្រទេសមួយក្នុងចំណោម១៣ប្រទេស ដែលមានសត្វខ្លាធំ ហើយរដ្ឋាភិបាល បានប្តេជ្ញាចិត្ត ក្នុងការបង្កើនចំនួនសត្វខ្លាធំទូទាំងពិភពលោក ដោយអនុម័តផែនការសកម្មភាព សម្រាប់សត្វខ្លាធំនៃកម្ពុជា ដែលផ្តោតលើការនាំសត្វខ្លាធំទៅកាន់តំបន់ទេសភាពខ្ពង់រាបភាគខាងកើតនៃប្រទេសកម្ពុជា។ សត្វខ្លាធំ ជាប្រភេទសត្វជិតផុតពូជនៅទូទាំងពិភពលោក ចំនួនសត្វខ្លាធំបានធ្លាក់ចុះ៩៦ភាគរយ នៅក្នុងរយៈពេលមួយសតវត្សរ៍ចុងក្រោយនេះចាប់ពី១០០,០០០ក្បាលរហូតដល់៣,៨៩០ក្បាលសព្វថ្ងៃនេះ។

ការជួញដូរសត្វខ្លាធំដោយខុសច្បាប់ ជាហេតុផលសំខាន់មួយ ដែលកំពុងធ្វើឲ្យបាត់បង់សត្វខ្លាធំ។ ជារៀងរាល់ឆ្នាំ សត្វខ្លាធំជាងមួយរយក្បាលត្រូវបានសម្លាប់ និងផ្នែករបស់សត្វខ្លាធំត្រូវបានដាក់លក់រកប្រាក់ចំណេញ ដែលភាគច្រើនជួញដូរតាមរយៈសហគ្រាសឧក្រិដ្ឋជនអន្តរជាតិ ហើយគ្រប់ផ្នែកនៃសត្វខ្លាធំ ចាប់ពីស្បែករហូតដល់ឆ្អឹង ព្រុយ និងធ្មេញ ត្រូវបានធ្វើអាជីវកម្ម និងប្រើប្រាស់ដើម្បីធ្វើផលិតផលដូចជាឱសថ គ្រឿងលម្អផ្សេងៗ និងវាយនភណ្ឌ។

បច្ចុប្បន្ននេះការជួញដូរសត្វខ្លាធំដោយខុសច្បាប់ និងបញ្ហាធំនៃការជួញដូរសត្វព្រៃរកប្រាក់​បានប្រមាណ​ជា២០ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។ ដូច្នេះហើយស្រាបៀរថៃហ្គ័រ បាននាំយកសិល្បករចំនួនប្រាំមួយនាក់ មកពីបណ្តាប្រទេសចំនួនប្រាំមួយផ្សេងៗគ្នា ដើម្បីបញ្ចេញគំនិតច្នៃប្រឌិត និងបង្កើតស្នាដៃសិល្បៈពិសេសល្អឯក។ ដោយប្រើប្រាស់ Tiger Art Intelligence  ដែលជាយន្តការឌីជីថលប្រកបដោយការច្នៃប្រឌិត ដែលផ្អែកទៅលើគោលការណ៍ស្តីពីសិល្បៈបញ្ញា (AI) ឥឡូវនេះសាធារណជនអាចសហការ​ជាមួយសិល្បករទាំងនេះក្នុងការបង្កើត និងចែករំលែកស្នាដៃសិល្បៈគួរឲ្យទាក់ទាញទាំងនេះ។ សិល្បៈថតសែលហ្វីនីមួយៗដែលបានបង្កើតឡើងដោយ AI បង្ហាញពីរូបសែលហ្វីរបស់អ្នកប្រើជាមួយនឹងរូបសត្វខ្លាធំ នៅក្នុងរចនាប័ទ្មសិល្បៈនៃសិល្បករម្នាក់ក្នុងចំណោមសិល្បករប្រាំមួយនាក់។

លោក Roland Bala នាយកគ្រប់គ្រងក្រុមហ៊ុនស្រាបៀរថៃហ្គ័រប្រចាំកម្ពុជា បានថ្លែងថា «យើងមិនអាចស្រមៃមើលថា ពិភពលោកគ្មានសត្វខ្លាធំទេ ហើយវាជាកិត្តិយសសម្រាប់យើងចាប់ដៃគូជាមួយអង្គការ WWF គាំទ្រកិច្ចប្រឹងប្រែង​អភិរក្ស។ ប្រសិនបើសត្វខ្លាធំបាត់បង់ នោះវាត្រឹមតែមានផលប៉ះពាល់ដល់បរិស្ថាន ប៉ុន្តែថែមទាំងជាការបាត់បង់​ពិតប្រាកដសម្រាប់​វប្បធម៍របស់យើង សត្វខ្លាធំ ជាសត្វស្រស់ស្អាត ដែលជានិមិត្តរូបនៃកម្លាំង ភាពក្លាហាននិងអំណាច ហើយជាទូទៅសិល្បៈ​ជាច្រើននៅក្នុងប្រវត្តិសាស្រ្តរបស់មនុស្ស​ត្រូវបានបំផុសឡើងចេញពីសត្វខ្លាធំ នោះហើយជា​មូលហេតុ ដែលយើងបាន​ជ្រើសរើសសិល្បៈ ជាវិធីមួយដើម្បីបង្ហាញរឿងនេះរួមគ្នា​ជាមួយអតិថិជនរបស់យើង។ តាមរយៈយុទ្ធនាការ 3890Tigers យើងកំពុងប្រមូលផ្តុំមនុស្ស និងសិល្បកររួមគ្នាតាមរយៈបច្ចេកវិទ្យា ហើយគោលដៅ​របស់យើងគឺដើម្បី​ប្រើសិល្បៈដើម្បីផ្តល់អំណាចដល់ជំនាន់យុវវ័យ ដើម្បីប្រកាន់ជំហ ប្រឆាំងនឹងការជួញដូរសត្វខ្លាធំ​ដោយខុសច្បាប់»

លោក ឈិត សំអាត នាយកអង្គការ WWF ប្រចាំកម្ពុជា បានឲ្យដឹងផងដែរថា «សត្វខ្លាធំជាប្រភេទសត្វនិមិត្តរូប និងជាផ្នែកមួយនៃបេតិកភ័ណ្ឌធម្មជាតិរបស់យើង។ ការនាំយកសត្វខ្លាធំ ត្រឡប់ទៅប្រទេសកម្ពុជាវិញនឹង​ជាកិច្ចអភិរក្សដ៍ធំបំផុត ហើយនិងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងអភិរក្សតំបន់ទេសភាពទាំងមូល។ មានបញ្ហាប្រឈមជាច្រើន រួមមានការបរបាញ់ ការដាក់អន្ទាក់ ការកាប់ឈើខុសច្បាប់ ការរុករករ៉ែ និងការអភិវឌ្ឍគ្មាននិរន្តរភាពផ្សេងទៀត ដែលត្រូវការដោះស្រាយ ដើម្បីធ្វើឱ្យទេសភាពនេះ ជាតំបន់ការពារលំដាប់ថ្នាក់ពិភពលោក មុនពេលដោះលែងសត្វខ្លាធំ ចូលទៅក្នុងតំបន់នេះ។ យើងប្តេជ្ញា ក្នុងការសម្រេចគោលដៅ Tx2 និងសង្ឃឹមថានឹងធ្វើការយ៉ាងជិតស្និទ្ធ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងរយៈពេល៦ឆ្នាំខាងមុខ ដើម្បីធ្វើឱ្យគម្រោងនេះ ក្លាយជាការពិតនោះ»

ដើម្បីចូលរួមក្នុងយុទ្ធនាការនេះ សាធារណជនអាចចូលទៅកាន់គេហទំព័រ៖ 3890Tigers.com ដើម្បីអាប់ឡូដថតរូបសែលហ្វី ហើយនិងជ្រើសរើសសិល្បករមួយ សហការជាមួយ ដើម្បីបង្កើតសិល្បៈថតរូបសែលហ្វីមួយប្រភេទដែលបង្កើតដោយ AI។ មិនថាវាជាសិល្បៈដងវិថី និងអក្សរផ្ចង់ដ៏អាថ៌កំបាំង គំនូរដោយប្រើថ្នាំលាប និងទឹកថ្នាំ ឬរូបឥន្ធនូ មនុស្សអាចជ្រើសរើស ពីរចនាប័ទ្មសិល្បៈរបស់ Hua Tunan របស់ប្រទេសចិន  Mademoiselle Maurice របស់បារាំង Kenji Chai របស់ម៉ាឡេស៊ី Nookt របស់រុស្ស៊ី Nick Gentry របស់ចក្រភពអង់គ្លេស  Tran Nguyen របស់សហរដ្ឋអាមេរិកដើម្បីបង្កើតសិល្បៈ​ថតរូបសែលហ្វីរបស់គេ។

សូមចួលរួមក្នុងយុទ្ធនាការនេះ សូមចូលទៅកាន់គេហទំព័រ៖3890tigers.com និងលាតត្រដាងពីសិល្បៈក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរសត្វខ្លាធំដោយខុសច្បាប់៕