(កំពត)៖ កម្តៅតណ្ហាឡើងដល់កម្រិត បានបង្ខំឲ្យបុរសវ័យជាង៤០ឆ្នាំប្លាយម្នាក់​ ដែលមានសតិមិនគ្រប់ផងនោះ ទៅចាប់រំលោភដូនចាស់អាយុ៧០ឆ្នាំ រហូតបានសម្រេច។ ករណីរំលោភសេពសន្ថវៈខាងលើនេះបានកើតឡើង កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុចខ្ទមរបស់ដូនចាស់រងគ្រោះ ស្ថិតក្នុងភូមិដាសស្គរ ឃុំបឹងសាលាខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត។

នគរបាលព្រហ្មទណ្ឌខេត្តកំពតបានប្រាប់ភ្នាក់ងារ Fresh News នៅថ្ងៃនេះថា ដូនចាស់រងគ្រោះឈ្មោះ ឡាយ ទុយ​ អាយុ៧២ឆ្នាំ រស់នៅកក្នុងភូមិ ឃុំ កើតហេតុ។ ដោយឡែក បុរសដែលល្មោភកាម ឈ្មោះ ប៉ោ តៀ​ អាយុ៤២ឆ្នាំ រស់នៅភូមិកោះទ្រមូង ឃុំបឹងសាលាខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត ជាមនុស្សសតិមិនល្អ។

ប្រជាពលរដ្ឋនៅក្នុងភូមិបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសល្មោភកាមម្នាក់នេះ មិនដឹងជិះកង់មកពីណាទេ ដោយគេបានធ្វើដំណើរកាត់មុខផ្ទះរបស់ ដូនចាស់ដែលជាជនរងគ្រោះ។ លុះបន្តិចក្រោយមក ស្រាប់តែឮសម្លេងលោកយាយស្រែក អន្ទងឲ្យគេជួយ ទើបប្រជាពលរដ្ឋនៅម្តុំនោះស្ទុះម្នីម្នា អ្នកខ្លះរត់ទៅប្តឹងសមត្ថកិច្ច អ្នកខ្លះជួយធាក់ទ្វារ តែការអន្តរាគមន៍ដូចជា យឺតពេលបន្តិច ព្រោះខណៈនេះលោកយាយបាន ត្រូវជនសង្ស័យ ចាប់រំលោភសេពសន្ថវ:បានសម្រេច រួចបាត់ទៅហើយ។ ពលរដ្ឋបានបញ្ជាក់ថា ពួកគាត់ស្ទើតែពុំជឿថា មានគេរំលោភដូនចាស់នេះទេ ព្រោះលោកយាយមានរូបរាងស្គមស្គាំង រស់នៅអាស្រ័យលើអ្នកជិតខាងផ្តល់បាយទឹកជាប្រចាំ លោកយាយក៏គ្មានកូនចៅណាម្នាក់នៅជួយថែទាំដែរ។

ជនសង្ស័យរូបនេះ ក្រោយពីប្រព្រឹត្តអំពើរំលោភបានសម្រេចរួចហើយ ក៏ត្រូវកម្លាំងសមត្ថកិច្ចនគរបាល ចុះមកដល់ធ្វើការឃាត់ខ្លួនភ្លាមៗផងដែរ ដើម្បីនាំយកមកសាកសួរនៅការិយាល័យជំនាញព្រហ្មទណ្ឌខេត្ត ឈានទៅអនុវត្តតាមនីតិវិធីច្បាប់។

លោក ខាន់ សុផល អ្នកនាំពាក្យ និងជាព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពត បានឲ្យដឹងថា ជនសង្ស័យដែលពាក់ព័ន្ធ ករណីរំលោភសេពសន្ថវ: លើដូនចាស់រងគ្រោះខាងលើ ត្រូវបាននគរបាលជំនាញពាក់ព័ន្ធនាំខ្លួន បញ្ជូនមកសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់ នៅព្រឹក ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧។

ទាក់ទិននឹងករណីរំលោភនេះ សមត្ថកិច្ចមូលដ្ឋានដែលមកអន្តរាគមន៍ បានឲ្យដឹងដែរថា ដូនចាស់រងគ្រោះពិតជាគួរឲ្យអាណិត គឺការរស់នៅពិបាកជាងស្លាប់ ដោយគាត់មានជំងឺប្រចាំកាយ ហើយជីវភាពរស់នៅ គឺពឹងផ្អែកលើបាយសម្លអ្នកស្រុកជួយចិញ្ចឹមរូបគាត់៕