(ពោធិ៍សាត់)៖ កម្លាំងល្បាតប៉ុស្តិ៍រំលេច សហការជាមួយកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកបាកាន បានចាប់ក្រុមក្មេងទំនើងចំនួន៦នាក់ ដកហូតដាវ កាំបិត ដំបងដែកចំនួន៧ដើម និងម៉ូតូ៣គ្រឿង ខណៈដែលក្រុមក្មេងទំនើងទាំងនោះ បានដេញកាប់ វាយបំផ្លាញម៉ូតូយុវជនម្នាក់ នៅចំណុចទល់មុខអនុវិទ្យាល័យពោធិ៍សាត់ នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧។

ប្រតិបត្តិការចាប់ខ្លួនក្រុមក្មេងទំនើងទាំងនេះ បានធ្វើឡើងនៅថ្ងៃត្រង់ទី១៥ ខែមិថុនា ឆ្នាំ២០១៧ ត្រង់ចំណុចទំនប់ធារាស្ត្រអន្លង់ស្វាយ ស្ថិតក្នុងភូមិព្នៅ ឃុំរំលេច ស្រុកបាកាន ខេត្តពោធិ៍សាត់។

នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧នេះ លោក នាង វុធ អធិការនគរបាលស្រុកបាកាន បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា ក្រុមក្មេងទំនើងទាំង៦នាក់នោះមានឈ្មោះ ១៖ នី ចំរើន អាយុ១៦ឆ្នាំ ជាសិស្សរៀនថ្នាក់ទី៩B អនុវិទ្យាល័យសម្តេចម៉ែ សម្តេចឳ ក្រវាញ, ២៖ សំណាន សុផានុ អាយុ១៦ឆ្នាំ ជាសិស្សរៀនថ្នាក់ទី៩B អនុវិទ្យាល័យសម្តេចម៉ែ សម្តេចឳ ក្រវាញ, ៣៖ ណារិន គឹមឡុង អាយុ១៨ឆ្នាំ ជាសិស្សរៀន១១C វិទ្យាល័យសម្តេច ហ៊ុន សែន ក្រវាញ, ៤៖ ផាន់ សៅរឿន អាយុ១៨ឆ្នាំ ជាសិស្សរៀនថ្នាក់ទី១១C វិទ្យាល័យសម្តេចម៉ែ សម្តេចឳ ក្រវាញ, ៥៖ សេង ចាន់ថន អាយុ១៦ឆ្នាំ ជាសិស្សរៀនថ្នាក់ទី៩B អនុវិទ្យាល័យសម្តេចម៉ែ សម្តេចឳ ក្រវាញ និងទី៦៖ គឹម សាវង្ស អាយុ១៦ឆ្នាំ ជាសិស្សរៀនថ្នាក់ទី១០C វិទ្យាល័យសម្តេច ហ៊ុន សែន ក្រវាញ។

លោកអធិការបន្តថា ក្រុមក្មេងទំនើងទាំង៦នាក់នោះ ត្រូវបានកម្លាំងល្បាតប៉ុស្តិ៍រំលេច សហការជាមួយកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកបាកាន បង្ក្រាប និងឃាត់ខ្លួនបាន ខណៈដែលពួកគេបានដេញកាប់ វាយបំផ្លាញម៉ូតូ Zoomer-X ពាក់ស្លាកលេខ ភ្នំពេញ 1GB-0770 ជាកម្មសិទ្ធិរបស់យុវជនម្នាក់ នៅចំណុចទល់មុខអនុវិទ្យាល័យពោធិ៍សាត់ រួចរត់គេចខ្លួនរហូតដល់ចំណុច ទំនប់ធារាសសាស្ត្រ អន្លង់ស្វាយស្ថិតក្នុងភូមិព្នៅ ឃុំរំលេច ស្រុកបាកាន ខេត្តពោធិ៍សាត់ ទើបឃាត់ខ្លួនបាន។

បច្ចុប្បន្នក្រុមក្មេងទំនើងទាំង០៦នាក់ខាងលើ ត្រូវបានបញ្ជូនទៅអធិការនគរបាលស្រុកកាន ដើម្បីសួរចម្លើយ និងកសាងសុំណុំរឿង ចាត់ការតាមនីតិវិធី៕