(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានចេញប្រកាសមួយ ស្តីពីធ្វើប្រតិភូកម្ម​អំណាច​ដល់អភិបាលរាជធានី-ខេត្ត ក្នុងការចាត់ចែងដំណើរការ នៃកិច្ចប្រជុំ លើកដំបូងរបស់ ក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិថ្មី។

នៅក្នុងសេចក្តីប្រកាសរបស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានសម្រេចឲ្យអនុវត្តប្រការចំនួន៥ រួមមាន៖

ប្រការទី១៖ សធ្វើប្រតិភូកម្មអំណាចថល់អភិបាលរាជធានី-ខេត្ត ឲ្យទទួលខុសត្រូវក្នុងការចាត់ចែងដំណើរការ កិច្ចប្រជុំលើកដំបូងរបស់​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ អាណត្តិថ្មីស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។

ប្រការទី២៖ អភិបាលរាជធានីខេត្ត មានសិទ្ធិអំណាចក្នុងការចាត់តាំងមន្រ្តីឲ្យធ្វើជាអធិបតី​នៃការប្រជុំលើកដំបូង​របស់ក្រុម​ប្រឹក្សាឃុំ​-សង្កាត់ អាណត្តិថ្មី

ប្រការទី៣៖ អភិបាលរាជធានី-ខេត្ត និងមន្រ្តីដែលត្រូវបានចាត់ឲ្យធ្វើជាអធិបតីកិច្ចប្រជុំលើកដំបូងរបស់ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិថ្មី ត្រូវអនុវត្តតួនាទី និងភារកិច្ចឲ្យបានសមស្របទៅតាមសេចក្តីណែនាំស្តីពីការរៀបចំការប្រជុំលើកដំបូង។

ប្រការទី៤៖ ប្រកាសលេខ៤៤៦ ប្រក ចុះថ្ងៃទី១០ ខែមេសា ឆ្នាំ២០០៧ របស់ក្រសួងមហាផ្ទៃ ស្តីពីការប្រតិភូកម្មអំណាច ដល់អភិបាលគ្រប់ខេត្ត ក្រុង។

ប្រការទី៥៖ អគ្គលេខាធិការនៃអគ្គលេខាធិកាដ្ឋាន អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល អគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញាវត្ថុ ប្រធានអង្គការពាក់ព័ន្ធ និងចំណុះក្រសួងមហាផ្ទៃ ក្រុមប្រឹក្សា អភិបាលរាចធានី-ខេត្ត ក្រុង ស្រុក ខណ្ឌ និងក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវទទួលបន្ទុកអនុវត្តប្រកាសនេះ ឲ្យមានប្រសិទ្ធភាពចាប់ពីថ្ងៃនេះតទៅ៕