(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថាគោលនយោបាយដាក់ចេញ ដោយគណបក្សប្រជាជនកម្ពុជា និងដឹកនាំផ្ទាល់ដោយសម្តេចនោះ បានធ្វើឲ្យប្រជាពលរដ្ឋមានជំនឿគ្រប់សាសនា និងគ្រប់ជាតិសាសន៍នៅក្នុងប្រទេសកម្ពុជា អាចរួមរស់ជាមួយគ្នាប្រកបដោយក្តីសុខ។ សម្តេចតេជោ បានទទូចគ្រប់បេក្ខភាពមកពីគណបក្សប្រជាជនកម្ពុជា ដែលត្រូវបន្តវេន ពីសម្តេចត្រូវតែបន្ត ប្រកាន់ខ្ជាប់នូវគោលនយោបាយមិនរើសអើងសាសនា និងប្រកាន់ជាតិសាសន៍នេះ ដើម្បីនាំមកនូវភាពសុខ ក្សេមក្សាន្តសម្រាប់កម្ពុជា។

ការថ្លែងទទូចឲ្យអ្នកបន្តវេនពីសម្តេចប្រកាន់ខ្ជាប់គោលនយោបាយនាំមកនូវភាពសុខដុមនីយកម្មផ្នែកសាសនា និងការរួមរស់ចម្រុះជាតិ សាសន៍នេះ បានធ្វើឡើងក្នុងពេលសម្តេចអញ្ជើញចូលរួមពិសាអាហារស្រាយបួសជាមួយខ្មែរ-អ៉ីស្លាម ជាង៤ពាន់នាក់នៅមជ្ឈមណ្ឌល កោះពេជ្រនាល្ងាចថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧នេះ។

ក្នុងពិធីនោះសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងថា បទពិសោធន៍ដឹកនាំប្រទេសជិត ៤០ឆ្នាំនេះ សម្តេចបាន ដឹងច្បាស់ពីអ្វីទៅនៃការធ្វើសុខដុមនីយកម្មរវាងជាតិសាសន៍ និងសាសនា។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ដូច្នេះ «បើអត់ពីខ្ញុំទៅ ទោះនរណាក៏ដោយ ដែលជាសមាជិកគណបក្សប្រជាជន ឡើងមកបន្ត នូវតួនាទីនេះ សូមកុំភ្លេចនូវនយោបាយ ដែលយើងបានប្រកាន់ខ្ជាប់ជាង ៣៨ឆ្នាំរួចមកហើយ។ មិនមែន ជានយោបាយឆក់កណ្តៀត នោះទេ តែជានយោបាយអមតៈរបស់គណបក្សប្រជាជន។ យើងមានគោលនយោបាយចំពោះ ជនជាតិ យើងមានគោលនយោបាយ ចំពោះសាសនា យើងមានគោលនយោបាយទៅតាមវិស័យនីមួយៗ និងតាមអនុវិស័យផងដែរ»

សម្តេចតេជោបន្ថែមទៀតថា «សម្តីខ្ញុំនេះផ្តាំផ្ញើអ្នកជំនាន់ក្រោយឲ្យយកចិត្តទុកដាក់ទៅលើសុខដុមនីយកម្មរវាងជាតិសាសន៍ និងសាសនា ក៏អាចផ្តល់ឲ្យនូវបទពិសោធន៍ និងការចងចាំទុកថា ប្រទេសមួយនេះ មិនត្រូវកើតកលយុគ ឬក៏ជម្លោះ សាសនា និងជាតិសាសន៍កើតឡើង នោះទេ។ ការរើសអើង ការប្រកាន់ពូជសាសន៍មិនមែនជាគោលនយោបាយ របស់គណបក្ស ប្រជាជនកម្ពុជាទេ ហើយវាកាន់តែមិនមែនជានយោបាយរបស់ ហ៊ុន សែន ដឹកនាំទៅទៀតផង»

សម្តេចនាយករដ្ឋមន្រ្តី ក៏បានរំលឹកដែរថា ប្រទេសមួយចំនួនព្រោះតែនយោបាយរើសអើងសាសនា និងជាតិសាសន៍បានបង្កទៅជា បញ្ហា អសន្តិសុខនៅក្នុងប្រទេស ហើយនៅលើពិភពលោកនេះ ក៏មិនទាន់មានប្រទេសណាអនុវត្តន៍គោលនយោបាយ បើកទូលាយសម្រាប់ការ ប្រើប្រាស់ឯកសណ្ឋានរបស់អ្នកកាន់សាសនាអ៉ីស្លាមដូចនៅកម្ពុជាផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា មានតែកម្ពុជាប៉ុណ្ណោះ ដែលអនុញ្ញាតឲ្យអ្នកកាន់សាសនាអ៉ីស្លាមអាចពាក់មួក និងប្រើស្បៃគ្របមុខសម្រាប់ថតរូបថត ធ្វើឯកសាផ្សេងៗ។

តែបើទោះបីជាយ៉ាងណាសម្តេចតេជោ បានអំពាវនាវទៅដល់ប្រជាពលរដ្ឋមានជំនឿលើសាសនាផ្សេងៗគ្នា ទាំងអស់នៅក្នុងប្រទេស កម្ពុជា ត្រូវចេះរួមសាមគ្គីគ្នា ដើម្បីថែរក្សាសុខសន្តិភាពនៅកម្ពុជានាពេលបច្ចុប្បន្ន។ សម្តេចក៏បានអរគុណផងដែរដល់បងប្អូនខ្មែរ-អ៉ីស្លាម ក៏ដូចជា អ្នកមានជំនឿសាសនាដទៃទៀត ដែលបានរួមគ្នារក្សាសុខសន្តិភាពនៅកម្ពុជាតាំងពីដើមរៀងមក៕