ខាងក្រោមនេះជាកិច្ចសម្ភាសន៍រវាងលោក សម រង្ស៊ី និងលោក ជុន ច័ន្ទបុត្រ នៅយប់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧

(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បង្ហាញការងឿងឆ្ងល់ថា បច្ចុប្បន្ននេះគណបក្សសង្រ្គោះជាតិ មានលោក កឹម សុខា ជាប្រធានគណបក្ស តែហេតុអ្វីលោក សម រង្ស៊ី ថ្លែងចង់ប្រកួតប្រជែងតំណែងនាយករដ្ឋមន្រ្តីទៅវិញ។ សម្តេចតេជោ ហ៊ុន សែន បានបន្តថា បើចង់ប្រជែងតំណែង នាយករដ្ឋមន្រ្តីពីសម្តេចតេជោ ត្រូវទៅប្រជែងជាមួយគ្នាឯងរកតំណែងប្រធានគណបក្ស ឲ្យរួចរាល់ជាមុនសិន។

ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានធ្វើឡើង ខណៈសម្តេចអញ្ជើញចូលរួមនៅក្នុងពិធីចែកសញ្ញាបត្រជូនដល់ និស្សិត សកលវិទ្យាល័យបញ្ញាសាស្រ្ត នៅវិទ្យាស្ថានជាតិអប់រំ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧នេះ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំមិនចង់និយាយទេ ហើយរឿងអីស្អី ប្រធានបក្សនៅនេះ ហើយខ្លួនឯងលាលែងហើយ បែរជាមកប្រកាស ត្រឡប់មកប្រទេសដើម្បីប្រជែង ទាមទារយកអំណាចនាយករដ្ឋមន្រ្តីពី ហ៊ុន សែន ចុះប្រធានបក្សនៅនេះ នៅធ្វើអី ចឹងមានអ្នកសរសេរអត្ថបទថា មុននឹងមកប្រជែង ជាមួយ ហ៊ុន សែន ទៅប្រជែងជាមួយគ្នាឯងសិនទៅ ថាអ្នកណាធ្វើមេបក្ស ប្រយ័ត្ន សុំផ្តល់ជាមតិ បើ...ទៅជាមួយគ្នា ប្រយ័ត្នរលាយបក្ស វាដូចជាពេកហើយ តិចទៀតគាត់រកសេសទៀតហើយ»

លោក សម រង្ស៊ី បានប្រកាសលាលែងពីតំណាងប្រធានគណបក្សសង្រ្គោះជាតិ កាលពីថ្ងៃទី១១​ ខែកុម្ភៈ ឆ្នាំ២០១៧កន្លងទៅ ហើយបច្ចុប្បន្ននេះ គឺលោក កឹម សុខា បានគ្រងតំណែងជាប្រធានគណបក្សជំនួសលោក សម រង្ស៊ី ដែលបាននឹងកំពុងនិរទ្ទេសខ្លួនរស់នៅពួនសំងំ នៅក្រៅប្រទេស គេចពីសំណាញ់ច្បាប់៕