(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍ឲ្យដឹងថា លទ្ធផលបោះឆ្នោត ក្រុមប្រឹក្សាឃុំសង្កាត់ កន្លងទៅនេះ បានធ្វើឲ្យគណបក្សនយោបាយទាំងអស់ធ្វើការជាមួយគ្នា នៅតាមមូលដ្ឋាន។ បន្ថែមពីលើនេះ សម្តេចតេជោ ហ៊ុន សែន បានជំរុញឲ្យគណបក្ស នយោបាយជាប់ឆ្នោត ត្រូវប្រឹងប្រែងធ្វើ និងសម្រេច តាមការសន្យារបស់ខ្លួន។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះ ខណៈសម្តេចអញ្ជើញចូលរួមនៅក្នុងពិធី ចែកសញ្ញាបត្រ ជូនដល់ និស្សិតសកលវិទ្យាល័យបញ្ញាសាស្រ្ត នៅវិទ្យាស្ថានជាតិអប់រំ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧នេះ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ពិតមែនតែមិនទាន់បានប្រកាសលទ្ធផលជាផ្លូវការ បក្សនេះក៏ថាឈ្នះ បក្សនោះក៏ថាឈ្នះ បើឈ្នះដូចគ្នា ទទួលទៅ ទទួលយកទៅ​បើចឹងឈ្នះទាំងអស់គ្នាហើយតើ ទទួលយកទៅ កម្ពុជាឈ្នះហើយតើ ហើយប្រជាពលរដ្ឋរបស់យើងបានចេញទៅបោះឆ្នោតយ៉ាងច្រើន ការបោះឆ្នោតគ្មានហិង្សាទេ។ អាលូវនេះគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកំពុងតែបន្តការដោះស្រាយ នូវបណ្តឹងនានា ទាក់ទងការរាប់សន្លឹកឆ្នោត ចឹងទុកលទ្ធផលឲ្យសមត្ថកិច្ចអ្នកណាធ្វើ។ សម្រាប់គណបក្ស ដែលកាន់អំណាច គឺគិតពីសុវត្ថិភាពនៃការបោះឆ្នោត តែបក្សកាន់អំណាច មិនបានគិតពីរឿងនេះទេ។

ខ្ញុំសង្ឃឹមថា បងប្អូនគណបក្សនយោបាយនយោបាយនៅតាមមូលដ្ឋានចេះធ្វើការងារជាមួយគ្នា ពីព្រោះតិចណាស់ដែលគណបក្សណាមួយកាន់កាប់ អាសនៈទាំងអស់នៅក្នុងឃុំសង្កាត់ អាលូវនេះ យើងបានដឹងហើយថា សង្រ្គោះជាតិកាន់១ភាគា៣ ហើយគណបក្សប្រជាជនកម្ពុជាកាន់១ភាគ២ ចឹងគ្មានគណបក្សណាមួយកាន់តែឯងនោះទេ កន្លែងខ្លះមាន៣បក្ស ចឹងរៀនធ្វើការជាមួយគ្នា ពីព្រោះនេះជាការបោះឆ្នោតរបស់ប្រជាពលរដ្ឋ ការសន្យាស្អីៗនាំគ្នាធ្វើទៅសម្រេចតាមការសន្យារបស់ខ្លួន នាំគ្នាធ្វើទៅ ធ្វើបាន ឬមិនបានគឺវាច្បាស់ហើយ»

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅក្នុងឱកាសនោះក៏បានថ្លែងកោតសរសើរ និងអរគុណ ទៅដល់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ និងបណ្តាគណបក្សនយោបាយទាំងអស់ ដែលបានចូលរួមសហការគ្នា ធ្វើឲ្យការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤នេះ ប្រព្រឹត្តទៅ បានល្អ និងសម្រេចបានជោគជ័យ តាំងពីដើមរហូតដល់ការបោះឆ្នោតបានបញ្ចប់៕