(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសជាថ្មី ដោយមិនមានការព្រួយបារម្ភអ្វីឡើយ ចំពោះផែនការកាត់ផ្តាច់ជំនួយពីកម្ពុជា របស់សហរដ្ឋអាមេរិក។ សម្តេចតេជោបានប្រកាសថា ទោះបីជា មហាអំណាចមួយនេះ ចង់កាត់ផ្តាច់ជំនួយទាំងស្រុង ១០០ភាគរយក៏ដោយ ក៏គ្មានអ្វីប៉ះពាល់ដល់ រាជរដ្ឋាភិបាលកម្ពុជាដែរ។

ការបញ្ជាក់ជំហរជាថ្មីរបស់រាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងនៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧នេះ ក្នុងពិធីចែកសញ្ញាបត្រ ជូនដល់និស្សិតនៃសកលវិទ្យាល័យបញ្ញាសាស្រ្ត នៅវិទ្យាស្ថានជាតិអប់រំ។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ការកាត់ជំនួយអភិវឌ្ឍន៍របស់សហរដ្ឋអាមេរិក គឺធ្វើឡើងនៅគ្រប់ប្រទេសកំពុងអភិវឌ្ឍ នៅលើពិភពលោក មិនមែន មានតែកម្ពុជានោះទេ។ សម្តេចតេជោថា ការកាត់បន្ថយជំនួយអភិវឌ្ឍន៍របស់អាមេរិក មិនប៉ះពាល់រាជរដ្ឋាភិបាលកម្ពុជានោះឡើយ ហើយថា បើចង់កាត់ ១០០ភាគរយ ក៏កម្ពុជាមិនមានការប៉ះពាល់ដែរ។

សម្តេចតេជោ បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «អាមេរិក បានប្រកាសកាត់បន្ថយជំនួយទៅក្រៅប្រទេស ៣០ភាគរយ ប៉ុន្តែអ្នកនៅស្រុកខ្មែរ កាសែតមួយចំនួននៅស្រុកខ្មែរថា កាត់តែកម្ពុជាទេ ដើម្បីឱ្យឃើញថាកម្ពុជានេះ វាអាក្រក់តែឯង អញ្ចឹងបាន ដូណាល់ ត្រាំ គាត់ជេរកាសែតពួកគាត់តែម្តង ហើយគាត់ជេរជាងគេគឺ CNN ដូចជា ញូយ៉កថែម គឺត្រូវទាំងអស់»

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែមថា៖ «ដូណាល់ ត្រាំ ត្រូវការលុយ អញ្ជឹងលុយវាមិនមែនធ្លាក់ពីលើមេឃមកទេ វាត្រូវមានតុល្យភាព អញ្ចឹងគាត់កាត់ជំនួយ ទៅក្រៅប្រទេសចំនួន៣០ភាគរយ។ ចំពោះខ្មែរយើងមិនមានបញ្ហាទេ ទោះកាត់១០០ភាគរយ ក៏កាត់ទៅ ព្រោះខ្មែរយើងអត់មានអីផង»

សម្តេចបានចាត់ទុកថា ការកាត់ជំនួយរបស់អាមេរិក មិនប៉ះពាល់ដល់ប្រជាជនខ្មែរនោះទេ ប៉ុន្តែធ្វើឱ្យមានការពិបាក សម្រាប់អង្គការក្រៅរដ្ឋាភិបាល របស់សហរដ្ឋ អាមេរិកទៅវិញទេ។

សូមបញ្ជាក់ថា ផែនការថ្មីនៃកម្មវិធីជំនួយរបស់រដ្ឋាភិបាលអាមេរិកដឹកនាំដោយ លោកប្រធានាធិបតី ដូណាល់ ត្រាំ បង្ហាញថា ឆ្នាំ២០១៨ ខាងមុខនេះ ជំនួយរបស់អាមេរិក ទៅលើ​វិស័យមួយចំនួនទៅកាន់បណ្តាប្រទេស និងអង្គការថ្នាក់តំបន់ជាច្រើនទូទាំងពិភពលោក នឹងត្រូវកាត់ផ្តាច់ស្ទើរ១០០% និងខ្លះទៀត​ត្រូវកាត់ផ្តាច់ ១០០% ដែលភាគច្រើន គឺកាត់ទៅលើប្រទេសនៅតំបន់អាស៊ី រួមមាន៖ ចិន ឡាវ ថៃ ហ្វីលីពីន មីយ៉ាន់ម៉ា និងកម្ពុជា។ ក្រៅពីនោះមានបណ្តាប្រទេសជាច្រើនទៀត ជាពិសេសនៅប្រទេសនៅទ្វីបអាហ្រ្វិក។ ការកាត់ជំនួយនេះ គឺជាគោលនយោបាយថ្មីរបស់អាមេរិក ដើម្បីសន្សំសំចៃថវិការដ្ឋរបស់ខ្លួន។

​រដ្ឋបាលលោក ដូណាល់ ត្រាំ បានសម្រេចចិត្ត​កាត់បន្ថយកញ្ចប់ថវិកាជំនួយបរទេស ៣០.៨ភាគរយ ដោយក្នុងនោះជំនួយ ដែលនឹងត្រូវកាត់បន្ថយគឺទៅលើ វិស័យសុខាភិបាល សេដ្ឋកិច្ច និងការអភិវឌ្ឍ នៅតាមបណ្ដាប្រទេសជាច្រើន នៅក្នុងតំបន់អឺរ៉ុប អឺរ៉ុប-អាស៊ី អាស៊ីខាងកើត និងតំបន់ប៉ាស៊ីហ្វិក ដែលនឹងប្រឈមមុខ​ការកាត់ជំនួយ ៥៧.៤ភាគរយ និង ៤១.១ភាគរយ ខណៈតំបន់អាហ្រ្វិក ១៣ភាគរយ និង ៧.២ភាគរយសម្រាប់តំបន់មជ្ឈិមបូព៌ា។

ពាក់ព័ន្ធនឹងបញ្ហានេះ នៅក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យបញ្ញាសាស្រ្តដដែលនោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានរិះគន់ធ្ងន់ៗ ទៅកាន់សហរដ្ឋ អាមេរិកថែមទៀត។ សម្តេចតេជោ ហ៊ុន សែន បានអះអាងថា ក្នុងឆ្នាំនេះ នឹងមានកិច្ចប្រជុំ អាស៊ាន-អាមេរិក នៅប្រទេសឡាវ នៅពេលខាងមុខ ហើយសម្តេច នឹងឆ្លៀតប្រាប់ លោក ដូណាល់ ត្រាំ ប្រធានាធិបតីថ្មី ឱ្យបានដឹងថា តើអ្វីទៅដែលធ្វើឱ្យគេ មិនចូលចិត្តអាមេរិក​ ដូចពេលនេះ៕