(ភ្នំពេញ)៖ ជារឿងគួរឲ្យភ្ញាក់ផ្អើលថ្មីមួយទៀតហើយសម្រាប់ថ្ងៃនេះ, រាជរដ្ឋាភិបាលកម្ពុជា​ សម្រេចចេញ ស.ជ.ណ ថ្មី ដោយលុប ស.ជ.ណ ចាស់ ដែលរារាំងការ វិលត្រឡប់ចូលស្រុកវិញរបស់លោក សម រង្ស៊ី ចេញកាលពី ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦កន្លងទៅ, នេះបើយោងតាមសេចក្តីជូនដំណឹងថ្មីរបស់រាជរដ្ឋាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទើបទទួលបានមុននេះបន្តិចនាព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧នេះ។

នៅក្នុងសេចក្តីដំណឹងថ្មី ដែលជម្រាបជូននាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្តមសេនីយ៍ សុខ ផល អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបញ្ជាក់ថា «រាជរដ្ឋាភិបាលសម្រេចលុបេចោលនូវលិខិតលេខ១៥១​របក ចុះថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦ របស់ទីស្តីការគណៈរដ្ឋមន្រ្តី ស្តីពីបុគ្គល សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ»។

សូមជំរាបថា កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦កន្លងទៅ ទីស្តីការគណៈរដ្ឋមន្រ្តី បានចេញសេចក្តីជូនដំណឹងមួយជម្រាបជូនលោក នាយឧត្តមសេនីយ៍ សុខ ផល អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីចាត់វិធានការបង្ការទុកមុន ក្នុងការទប់ស្កាត់បុគ្គល សម រង្ស៊ី កុំឲ្យវិលចូលប្រទេសវិញ ដោយដែលបាន ណែនាំដល់មន្រ្តីនានា, មានទាំងមន្រ្តីអាកាសចរស៊ីវិល, ក្រុមហ៊ុនអាកាសចរណ៍ទាំងអស់នៅកម្ពុជា, មន្រ្តីគយតាមច្រកព្រំដែន និងអាកាសយានដ្ឋានអន្តរជាតិ ទាំង៣...។ល។ ទប់ស្កាត់ចំពោះការវិលត្រឡប់របស់លោក សម រង្ស៊ី ដែលកំពុងមានទោសទណ្ឌតាមផ្លូវច្បាប់៕

ខាងក្រោមនេះជា សជណ ចាស់ ដែលចេញកាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦