(សៀមរាប)៖ ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា នៅយប់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧នេះ បានរៀបចំពិធីបុណ្យឯករាជ្យជាតិអាមេរិក «America Day» ឆ្នាំ២០១៧ ជាលើកទី១ ដោយមានការចូលរួមពីលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក William A.Heidt ឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិក ប្រចាំនៅកម្ពុជា និងលោក គឹម ឆៃហៀង អភិបាលរង ខេត្តសៀមរាប ដែលរៀបចំធ្វើឡើងនៅក្នុងខេត្តសៀមរាប។

លោក William A.Heidt ឯកអគ្គរដ្ឋទូតបានឲ្យដឹងថា កម្មវិធីនេះធ្វើឡើងដើម្បីបង្ហាញនូវទំនាក់ទំនងយ៉ាងជិតស្និតរវាងខេត្តសៀមរាប ជាមួយនិងសហរដ្ឋអាមេរិក ដោយលោកមើលឃើញថា សៀមរាបគឺជាទីក្រុងទេសចរណ៍មួយធំជាងគេនៅក្នុងប្រទេសកម្ពុជា ដែលមានអ្នកទេសចរជាង២សែននាក់ ជាជនជាតិអាមេរិក បានមកទស្សនានៅខេត្តសៀមរាប នៅឆ្នាំ២០១៦កន្លងមក ដែលចំនួននេះច្រើនជាងប្រទេសអ៊ីរ៉ុបផ្សេងៗ។

លោក William A.Heidt បានបន្តទៀតថា ស្ថានទូតសហរដ្ឋអាមេរិក មានកម្មវិធីអភិវឌ្ឍន៍ នៅខេត្តសៀមរាប តាំងពីឆ្នាំ២០០៣មកម្ល៉េះ ដោយក្នុងនោះ ស្ថានទូតបានផ្ដល់ថវិកាជិត៣លានដុល្លារ ដើម្បីស្តាប្រាសាទភ្នំបាខែង ក្រោមចំណាយកម្មវិធី ដែលហៅថា ជំនួយមូលនិធិអគ្គរដ្ឋទូតសម្រាប់អភិរក្សវប្បធម៌។

លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានថ្លែងថា «ខ្ញុំសូមអបអរសាទរស្ថានទូតអាមេរិកប្រចាំកម្ពុជា ដែលបានរៀបចំពិធីបុណ្យឯករាជ្យជាតិអាមេរិក ឆ្នាំ២០១៧ ដ៏មហោឡោរឹក នៅលើទឹកដីវប្បធម៌ប្រវិត្តសាស្រ្ដ ខេត្តសៀមរាបនាពេលនេះ ដែលនេះពិតជាឆ្លុះបញ្ចាំងឲ្យឃើញយ៉ាងច្បាស់ ពីតួនាទីដ៏សំខាន់នៃកិច្ចសហប្រតិបត្តិ និងភាពជាដៃគូលើការអភិវឌ្ឍទេសចរណ៍ រវាងកម្ពុជា និងសហរដ្ឋអាមេរិក»។

លោក ថោង ខុន បានបន្តថា «ខ្ញុំមានជំនឿជាក់យ៉ាងមុតថា តាមរយៈកិច្ចសហប្រតិបត្តិការ ​និងភាពជាដៃគូរវាងប្រទេសទាំងពីរ កម្ពុជានឹងទទួល ស្វាគមន៍ភ្ញៀវទេសចរ និងវិនិយោគអាមេរិកបានកាន់តែច្រើនថែមទៀត»

លោកបានបន្ថែមថា សូមបន្តការគាំទ្រនិងជួយដល់ការអភិវឌ្ឍផលិតផលទេសចរណ៍នៅកម្ពុជា ពិសេសជួយដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ​ និងទន់ទ្រទ្រង់ ដល់ការអភិវឌ្ឍទេសចរណ៍កម្ពុជានិយាយជារួម និងការអភិវឌ្ឍទេសចរណ៍តំបន់សៀមរាបអង្គរនិយាយដោយឡែក ឲ្យកាន់តែមានភាពទាក់ទាញ និងផ្ដល់ភាពកក់ក្ដៅដល់ភ្ញៀវទេសចរ។

លោកបានបន្ថែមទៀតថា «ខ្ញុំសូមសម្ដែងនូវអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះសហរដ្ឋអាមេរិក ពិសេសស្ថានទូតអាមេរិកប្រចាំកម្ពុជា ដែលជានិច្ចកាល តែងគាំទ្រដល់ ការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ពិសេសអរគុណចំពោះការចូលរួមដល់ការ ជួសជុលប្រាសាទភ្នំបាខែង និងការជម្រុញការផ្សព្វផ្សាយ ទេសចរណ៍កម្ពុជាទៅកាន់ទីផ្សារអាមេរិក»