(ភ្នំពេញ)៖ ក្រោយយកឈ្នះក្រុមជម្រើសជាតិអាហ្វហ្គានីស្ថាន ដោយលទ្ធផល ១-០ បានធ្វើឲ្យក្រុមជម្រើសជាតិកម្ពុជា ឡើងទៅឈរលេខ២ ក្នុងពូលC នៃការប្រកួតជម្រុះពានរង្វាន់ AFC Asian Cup 2019 ជាបណ្ដោះអាសន្នហើយ បន្ទាប់ពីក្រុមម្ចាស់ផ្ទះវៀតណាម ប្រកួតស្មើគ្នា ០-០ ជាមួយក្រុមខ្លាំងហ្ស៊កដានី ពីការប្រកួតបញ្ចប់ដំណាលគ្នា នាយប់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧នេះ ។

គ្រាប់បាល់ជ័យជម្នះរបស់ក្រុមគោព្រៃកម្ពុជា គឺធ្វើសម្រេចដោយកីឡាករ ប្រាក់ មុន្នីឧត្តម នៅនាទីទី៥៩ ដែលធ្វើឲ្យប្រកួតទី៤ ក្រោមការដឹកនាំរបស់គ្រូបង្វឹកសញ្ញាតិប្រេស៊ីលលោក Leonardo Vitorino ស្គាល់ឈ្នះលើកដំបូង និងរកបាន៣ពិន្ទុឈរលេខរៀងទី២ ក្នុងពូលC នៃពានប្រចាំទ្វីបអាស៊ីនេះ ខណៈក្រុមជម្រើសជាតិហ្ស៊កដានី បន្ដឈរកំពូលតារាង ដោយមាន៤ពិន្ទុ ក្រោយឆ្លងកាត់ ២ប្រកួតឈ្នះ១ ស្មើ១។

បន្ទាប់ពីបញ្ចប់ការប្រកួត សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចផ្តល់ប្រាក់រង្វាន់ដល់កីឡាករកម្ពុជា ម្នាក់១០០០ដុល្លារ និងមន្រ្តី ព្រមទាំងគ្រូបង្វឹក សរុបទាំងអស់ចំនួន៣៥០០០ដុល្លារ នេះបើយោងតាមលោក ខៀវ សាម៉េត អនុប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងនៅក្រោយពីបញ្ចប់ការប្រកួត។

សូមទស្សនាវីដេអូហាយឡាយរបស់ក្រុមគោព្រៃកម្ពុជា យកឈ្នះអាហ្វហ្គានីស្ថាន ១-០ ដូចខាងក្រោម៖