(សៀមរាប)៖ លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប បន្ដ​សំណេះសំណាល​ជាមួយមេភូមិ សមាជិកក្រុមប្រឹក្សាឃុំ និងមន្ត្រីរាជការ ស្រុកបន្ទាយស្រី និងស្រុកអង្គរធំ នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧នេះ។

លោក​ ឃឹម ប៊ុនសុង បាននាំនូវការសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏ដូចជាសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តសៀមរាប​។

ក្នុងនោះដែរ អភិបាលខេត្តសៀមរាប ក៏បានកោតសសើរពីការខិតខំយកចិត្តទុកដាក់ខ្ពស់ លើការងារសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ភូមិ ឃុំ ក្នុងឱកាសយុទ្ធនាការឃោសនាបោះឆ្នោត ពេលបោះឆ្នោត និងក្រោយការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ ធានាបានសុវត្ថិភាពល្អជូនប្រជាពលរដ្ឋ មិនឲ្យមានកើតនូវអំពើហិង្សាអ្វីឡើយនាពេលកន្លងមកនេះ។

លោក ក៏បានសង្កត់ធ្ងន់ផងដែរថា គ្រប់សមាជិក ក្រុមប្រឹក្សាឃុំ និងមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ ត្រូវលប់បំបាត់អំពើហុសឆ្គង ដែលនាំឲ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋ ហើយក៏បានផ្តាំផ្ញើដល់មន្ត្រីរាជការ កម្លាំងសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន គ្រប់លំដាប់ថ្នាក់ បង្កើនការយកចិត្តទុកដាក់លើការអនុវត្តគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព ដើម្បីធានាបាននូវភាពរស់នៅសុខសាន្ត និរន្តរភាពការងារ ការផ្តល់សេវាដើម្បីបម្រើ ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានខ្លួន និងបន្តអភិវឌ្ឍន៍ភូមិ​ឃុំ របស់ខ្លួនឲ្យកាន់តែរីកចម្រើនថែមទៀត៕