(ព្រះវិហារ)៖ បន្ទាប់ពីមានករណីសិស្សសាលា៧នាក់ពុល ដោយសារទទួលទានផ្លែឪឡឹកនោះ នៅរសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧នេះ លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ បានប្រាប់ប្រធានមន្ទីរពាណីជ្ជកម្មខេត្ត ត្រូវដឹកនាំមន្ត្រីកាំកុងត្រូលចុះពិនិត្យមើលលើការលក់ដូរ របស់ប្រជាពលរដ្ឋនៅតាមសាលារៀនទាំងអស់។

លោក អ៊ុន ចាន់ដា បានថ្លែងប្រាប់ភ្នាក់ងារ Fresh News នៅរសៀលថ្ងៃនេះថា «ការចាត់មន្ត្រីកាំកុងត្រូល ចុះពិនិត្យមើលនៅតាមសាលារៀននេះ គឺក្នុងគោលបំណង ស្វែងករបស់របរ ដែលដាក់លក់ហួសកាលបរិច្ឆេទ និងមួយទៀត គឺចុះអប់រំផ្នែកអនាមយ័ដល់បងប្អូនយើង»

លោកអភិបាលខេត្តបានបន្តថា បច្ចុប្បន្នទំនិញដែលដាក់លក់តាមទីផ្សារមួយចំនួន មិនមានបញ្ហាគួរឲ្យព្រួយបារម្ភនោះទេ តែបញ្ហាសំខាន់អ្នកលក់ហេតុតែចង់បានលុយ ចង់ឲ្យទំនិញរបស់គាត់ទុកបានយូរ គាត់ឆ្លៀតដាក់ថ្នាំបន្ថែម ដែលករណីនេះហើយ ធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកប្រើនោះ។ យ៉ាងណាមិញ ចំពោះសិស្សសាលា៧នាក់ ដែលពុលផ្លែឪឡឹកដោយសារទទួលទាននោះ លោកអភិបាលខេត្តថ្លែងថា មិនមែនប្រជាកសិករ ជាអ្នកដាំដាក់ជីគីមីធ្វើឲ្យប៉ះពាល់ សុខភាពនោះទេ តែអ្នកលក់ទេ ដែលចង់បានលុយ ចង់ឲ្យរបស់នៅល្អ ក៏ចាក់ថ្នាំបញ្ចូលតែម្តង។

ជាមួយគ្នានេះ លោកអភិបាលខេត្ត បានអំពាវនាវឲ្យប្រជាពលរដ្ឋ ត្រូវមានការប្រយត្ន័ប្រយែង មុននិងទិញបន្លែ ផ្លែឈើយកទៅបរិភោគ ហើយក៏សូមអំពាវនាវ ឲ្យអ្នកលក់ដូរទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវអនាមយ័ ពិសេសការលក់ដូរតាមសាលា អាងតែកូនសិស្សតូចៗ របស់មិនល្អ ក៏ចេះតែលក់ឲ្យគ្នាបរិភោគក៏មិនកើតដែរ។

សូមបញ្ជាក់ថា យ៉ាងហោចណាស់មាន សិស្សានុសិស្ស៧នាក់ នៅសាលាបឋមសិក្សាស្រុកឫស្សី ស្ថិតក្នុងភូមិឆែបលិច ឃុំឆែបមួយ ស្រុកឆែប ខេត្តព្រះវិហារ បានក្អួតចង្អោរ ហើយត្រូវបានបញ្ជូនទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យ នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧នេះ បន្ទាប់ពីពួកគេ ​បានទទួលទានផ្លែឪឡឹក ដែល​ដាក់លក់ នៅក្នុងបរិវេនសាលានេះ។

ឧត្តមសេនីយ៍ត្រី យិន ចំណាន ស្នងការនគរបាលខេត្តព្រះវិហារ បានថ្លែងប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា សិស្សសាលាដែលរង ការពុលនោះ មានចំនួន៧នាក់ ក្នុងនោះមាន ប្រុស៤នាក់ ស្រី៣នាក់ ហើយថា លោកបានចាត់ឲ្យកម្លាំងនៃអធិការនគរបាលស្រុកឆែប ដើម្បីចុះធ្វើការស្រាវជ្រាវ និងចុះពិនិត្យមើលស្ថានភាព សិស្សទាំងនោះរួចហើយ នៅមណ្ឌលសុខភាពឆែប​។

លោកស្នងការបានបញ្ជាក់ថា មុនចេញមកផ្ទះ ម៉ោងចេញលេងចុងក្រោយ សិស្សទាំងនោះបាននាំគ្នាទិញផ្លែឪឡឹក ដែលមានគេលក់ក្នុង បរិវេណសាលានោះញ៉ាំ បន្ទាប់ពី ញ៉ាំហើយក៏បានចូលរៀនធម្មតា លុះដល់ម៉ោងចេញមកផ្ទះ ស្រាប់តែសិស្សទាំងនោះ មានអាការៈក្អួត ចង្អោរ ទន់ខ្លួន ភ្លាមៗនោះត្រូវបាន​បញ្ជូនទៅកាន់មណ្ឌលសុខភាពឆែប ដើម្បីជួយសង្រ្គោះ រហូតមកដល់ពេលនេះ ជនរងគ្រោះមាន សភាពធម្មតាហើយ។

ចំពោះករណីនេះ សមត្ថកិច្ចជំនាញ ក៏បានយកផ្លែឪឡឹកទៅពិនិត្យផងដែរ រហូតសមត្ថកិច្ច​ពុះហូបតែមិនមានបញ្ហាអ្វីនោះទេទេ ហើយសមត្ថកិច្ចជំនាញ បានហៅអ្នកលក់យកមកសួរនាំ ផងដែរ។

លោកវេជ្ជបណ្ឌិត បាន សុខចំរើន បម្រើការនៅមណ្ឌលសុខភាពឆែប បាននិយាយ​ថា អាការៈសិស្សទាំងនោះ បើមិនបានបញ្ជូនមកទាន់ ពេលវេលាទេ​ និងអាចប៉ះពាល់ដល់អាយុជីវិត ព្រោះថាសិស្សខ្លះពេលបញ្ជូនមកភ្លាមលោកស្ទាបមើលជីពចរឃើញខ្លះខ្សោយតែបន្ទាប់ពី បានបញ្ចូលសេរ៉ូមឲ្យ ស្ថានភាពជនរងគ្រោះបានវិលត្រឡប់មករកភាពធម្មតាវិញ។

យ៉ាងណាមិញ លោកវេជ្ជបណ្ឌិត បន្ថែមថា​ករណីនេះ លោកមិនទាន់ហ៊ានសន្និដ្ឋានថា ផ្លែឪឡឹកនោះមានសារធាតុពុល ឬក៏អ្នកលក់ខ្វះ អនាមយ័នោះទេ? ព្រោះនៅមណ្ឌលសុខភាព​របស់លោក មិនមានអីពិសោធន៍។ ​លោកក៏សូមអំពាវនាវឲ្យប្រជាពលរដ្ឋដែលរកស៊ីលក់ ដូរចំណីអាហារ ត្រូវប្រកាន់ជាប់នៅអនាម័យ ជៀសវាងកុំឲ្យប៉ះពាល់សុខភាពអ្នកទិញ ហើយចំពោះប្រជាកសិករដែលដាំផ្លែឪឡឹក សូមកុំប្រើជីគីមីច្រើនពេក។

ពាក់ព័ន្ធនឹងបញ្ហានេះ អភិបាលខេត្តព្រះវិហារ លោក អ៊ុន ចាន់ដា បានបញ្ជាទៅមន្ត្រីជំនាញ ត្រូវយកចិត្តទុកដាក់ជួយសង្រ្គោះ ដល់ជនរងគ្រោះ បើមានករណីបន្ទាន់ ត្រូវបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យខេត្តភា្លមៗផងដែរ៕