(ភ្នំពេញ)៖ អគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទនៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧នេះ បានបើកវគ្គបណ្តុះបណ្តាលជំនាញសារព័ត៌មាន ក្នុងគោលដៅបង្កើនប្រសិទ្ធភាពការងារវិស័យសារព័ត៌មានក្នុងជួរកងទ័ព ពិសេសក្នុងជួរនាយទាហានវ័យក្មេងដែលជាប្រភពបន្តវេនទៅថ្ងៃអនាគត។

នាយឧត្តមសេនីយ៏ ឥត សារ៉ាត់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ ដែលបានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គនោះ បានគូសបញ្ជាក់ថា បច្ចុប្បន្នវិស័យសារព័ត៌មាន បានដើរតួនាទីយ៉ាងសំខាន់ ជាកញ្ចក់ឆ្លុះបញ្ចាំងព្រឹត្តិការណ៍​សំខាន់ៗជូន​ទៅ​សាធារណជន ប្រជាពលរដ្ឋ បានដឹង ហើយបាន​លាតត្រដាងនូវ​ព័ត៌មាន​ពិត ​ទាន់​ហេតុការណ៍​ និង​គ្រប់​ជ្រុងជ្រោយ​នៃ​សង្គម​។​

នាយឧត្តមសេនីយ៏ ឥត សារ៉ាត់ បានបញ្ជាក់ថា «លទ្ធផលដែលសម្រេចបានកន្លងមកនេះ​ក៏អាស្រ័យដោយមានការប្តេជ្ញាចិត្ត​ខ្ពស់ក្នុងការខិតខំ​ប្រឹងប្រែង​រួមគ្នា​របស់​នាយទាហានជំនាញ ​រួម​ជាមួយ​រាជរដ្ឋាភិបាល ដែល​មាន​សម្តេចតេជោ ហ៊ុន សែន ជាប្រមុខ ​ដែលតែងតែ​គាំទ្រ ​លើកទឹកចិត្ត ​ក្នុង​ការស្តារ​ អភិវឌ្ឍ​សមត្ថភាព​វិស័យ​សារព័ត៌មានឲ្យមានវិជ្ជាជីវៈ និង​ក្រមសីលធម៌​ច្បាស់លាស់»

ឧត្តមសេនីយ៏ទោ អ៊ុក សារឹម នាយករងទីចាត់ការហ្វឹកហ្វឺនអគ្គបញ្ជាការ និងជាប្រធានគ្រប់គ្រងវគ្គបណ្តុះបណ្តាលនេះ បានរាយការណ៍ឲ្យដឹងថា វគ្គរៀនសូត្រមានរយៈពេល ៥៨ថ្ងៃ មានកម្មសិក្សាសរុប ៤៨នាក់ ដោយសិក្សាលើទ្រឹស្តី និងការអនុវត្តជាក់ស្តែងលើមុខជំនាញសារព័ត៌មាន បច្ចេកទេសដំឡើងរូបភាព ការបញ្ជូនរូបភាព និងដោយមានបញ្ចូលទាំងកិច្ចការរដ្ឋបាលមួយចំនួនផងដែរ៕