(ពោធិ៍សាត់)៖ ដោយយោងតាមរបាយការណ៍ ពីនាយកដ្ឋានបច្ចេកទេស និងទំនាក់ទំនងសាធារណៈ ស្តីពីការកឃើញសារធាតុគីមីហាមឃាត់ (Propyl Para Hydroxy Penzoate) ប្រើក្នុងផលិតផលម្ហូបអាហារ មាននៅក្នុងផលិតផល គ្រឿងផ្សំ ​​ប្រេងខ្យងម៉ាក Yuan's ជាសារធាតុគីមីសម្រាប់ថែរក្សា ផលិតផលឲ្យមានអាយុកាលវែង។

ហេតុនេះនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧នេះ ប្រធានសាខាកាំកុងត្រូលខេត្តពោធិ៍សាត់ លោក តូច ចៅកុយ បានឲ្យមន្រ្តីកាំកុងត្រូល សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត ចុះធ្វើការស្រាវជ្រាវ ត្រួតពិនិត្យនៅតាមហាងលក់ទំនិញ និងតាមម៉ាតមួយចំនួន កំពុងតាំងលក់នូវផលិតផល ម្ហូបអាហារប្រេងខ្យង និងទំនិញផ្សេងៗទៀត ដែលធ្វើឲ្យប៉ះពាល់ ដល់សុខភាពអ្នកប្រើប្រាស់ ដើម្បីធ្វើការទប់ស្កាត់ ការតាំងលក់ ចែកចាយ ​ការនាំចូលផលិតផលប្រេងខ្យងម៉ាក Yuan's​ ពីក្រៅប្រទេស។

មន្រ្តីកាំកុងត្រូលខេត្តពោធិ៍សាត់ បានឲ្យដឹងថា មន្រ្តីជំនាញបានចុះពិនិត្យទំនិញនៅក្នុងហាង Heng Heng Mart, Bonjour Mart , Tela Mart, ដេប៉ូ ចែ ម៉ាក់ ដើម្បីស្រាវជ្រាវត្រួតពិនិត្យទប់ស្កាត់ ទៅលើផលិតផលម្ហូបអាហារ ស្តីពីការកឃើញសារធាតុគីមីហាមឃាត់ (propyl para hydroxy benzoate ) ប្រើក្នុងផលិតផលម្ហូបអាហារ នៅក្នុងផលិតផលគ្រឿងផ្សំរសប្រេងខ្យងម៉ាកYuan's។

បើតាមមន្រ្តីដដែលនេះ វាជាសារតុគីមីសំរាប់ថែរក្សាផលិតផលឲ្យមានអាយុកាលវែង តែមិនមានចរាចរណ៍នៅផ្សារខាងលើនោះទេ។ យ៉ាងណាក៏ដោយ បន្ទាប់ពីត្រួតពិនិត្យក្រុមមន្រ្តីបានរឹបអូសផលិតផលខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់មួយចំនួនដូចជា៖ ភេសជ្ជៈ SAMURAJ ចំនួន៨៤០ដប, ភេសជ្ជៈ Fanta ចំនួន៧៨ដប, នំចំរុ ស្ករគ្រាប់ ចាហួយដូង(ដាំងខ្វា)ចំនួន៣៩.៥ Kgs៕