(ភ្នំពេញ)៖ សហមេធាវីនាំមុខតំណាងដើមបណ្តឹងរដ្ឋប្បវេណី បានស្នើសុំឲ្យអង្គជំនុំជម្រះសាលាដំបូង នៃសាលាក្តីខ្មែក្រហម ទទួលស្គាល់ ការបង្ហាញភស្តុតាងរបស់ដើមបណ្តឹងរដ្ឋប្បវេណី ព្រមទាំងការរងទុក្ខវេទនារបស់ជនរងគ្រោះ និងសម្រេចផ្តល់សំណងនៅក្នុងករណីជនជាប់ចោទរកឃើញថា មានពិរុទ្ធភាពចំពោះឧក្រិដ្ឋកម្ម ដែលចោទប្រកាន់។

ការស្នើសុំនេះ ត្រូវបានធ្វើឡើងនៅអំឡុងពេលសវនាការធ្វើសេចក្តីសន្និដ្ឋានផ្ទាល់មាត់ បិទបញ្ចប់ការពិភាក្សាដេញដោលលើសំណុំរឿង ០០២/០២ ដែលបានចាប់ផ្តើមនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ ២០១៧នេះ។ មេធាវីការពារក្តីជនរងគ្រោះបានលើកឡើងថា ខ្មែរក្រហមបានធ្វើទុកបុកម្នេញប្រជាពលរដ្ឋ និងបានសម្លាប់មនុស្សជាច្រើន និងបានលើកឡើងថា ផែនការទាំងនេះ ត្រូវបានដាក់ចុះ និងបានដឹងដោយជនជាប់ចោទ នួន ជា និង ខៀវ សំផន។

អង្គជំនុំជម្រះសាលាដំបូង នៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) បានចាប់ផ្តើមបើកសវនាការធ្វើសេចក្តីសន្និដ្ឋានផ្ទាល់មាត់បិទបញ្ចប់កិច្ចពិភាក្សាដេញដោលលើសំណុំរឿង ០០២/០២ ប្រឆាំងនឹង ខៀវ សំផន និង នួន ជា នៅថ្ងៃទី១៣ មិថុនា ឆ្នាំ២០១៧ ហើយគ្រោងបញ្ចប់នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧។

ជនជាប់ចោទ នួន ជា មានអាយុ៩១ឆ្នាំ និងខៀវ សំផន មានអាយុ៨៦ឆ្នាំ បានបង្ហាញវត្តមាននៅក្នុងសាលសវនាការ ដោយមានការចូលរួមទស្សនពីសាធារណជនប្រមាណ៦០០ នាក់មកពីខេត្តកំពង់ស្ពឺ និងខេត្តព្រៃវែង។

សវនាការនេះ នឹងផ្តល់ពេលវេលាដល់ភាគីពាក់ព័ន្ធនានា លើកឡើងអំពីទឡ្ហីករណ៍ផ្ទាល់មាត់ ជុំវិញសំណុំរឿងនេះ ដោយចាប់ផ្តើមដំបូង ដោយសហមេធាវីនាំមុខតំណាងដើមបណ្តឹងរដ្ឋប្បវេណីមានរយៈពេល១ថ្ងៃ សហព្រះរាជអាជ្ញាមានរយៈពេល២ថ្ងៃ ក្រុមមេធាវីការពារក្តីមានរយៈពេល ៣,៥ថ្ងៃ។ អង្គជំនុំជម្រះសាលាដំបូង នឹងទុកពេលវេលាមួយថ្ងៃ សម្រាប់ការធ្វើសេចក្តីសន្និដ្ឋានតបរបស់ភាគីពាក់ព័ន្ធនានា ហើយរយៈពេលមួយព្រឹក សម្រាប់ការធ្វើសេចក្តីសន្និដ្ឋានចុងក្រោយរបស់ជនជាប់ចោទ ដែលគ្រោងនឹងធ្វើឡើងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧។

ក្នុងពេលវេលាមួយថ្ងៃដែលខ្លួនទទួលបាន ក្រុមមេធាវីការពារក្តី បានបង្ហាញភស្តុតាងរបស់ដើមបណ្តឹងរដ្ឋប្បវេណី ដោយសង្ខេបនូវសក្ខីកម្មរបស់ពួកគាត់ទាក់ទងនឹងជនរងគ្រោះ ក្នុងអង្គហេតុសហករណ៍ ការដ្ឋានការងារ មន្ទីរសន្តិសុខ ការរៀបការដោយបង្ខំ ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ប្រឆាំងនឹងជនជាតិចាម និងជនជាតិវៀតណាម ព្រមទាំងអង្គហេតុផ្សេងទៀតនៅក្នុងសំណុំរឿង ០០២/០២។

នៅចុងបញ្ចប់ នៃសារណាផ្ទាល់មាត់របស់ខ្លួន សហមេធាវីនាំមុខតំណាងដើមបណ្តឹងរដ្ឋប្បវេណី ក៏បានដាក់ស្នើសុំការទទួលស្គាល់ពីគម្រោងសំណងសម្រាប់ដើមបណ្តឹងរដ្ឋប្បវេណី។ សហមេធាវីនាំមុខដើមបណ្តឹងរដ្ឋប្បេណី លោក ពេជ អង្គ និងលោកស្រី ម៉ារី ហ្គីរូ បានថ្លែងថា គម្រោងសំណងទាំងអស់ដែលស្នើសុំឲ្យអង្គជំនុំជម្រះសាលាដំបូងទទួលស្គាល់ គឺសម្រាប់ជនរងគ្រោះដោយរបបខ្មែរក្រហមទាំងអស់។ គម្រោងចំនួន២៦ ត្រូវបានបង្កើតឡើង ក្នុងនោះគម្រោងចំនួនប្រាំត្រូវបានស្នើសុំ ទៅរាជរដ្ឋាភិបាលកម្ពុជា ចំណែកគម្រោង ២១ផ្សេងទៀត បានទទួលការឧបត្ថម្ភថវិកា តាមរយៈប្រភពថវិកាពីស្ថាប័នខាងក្រៅ។

គម្រោងសំណងទាំងនោះ ផ្តោតលើការចងចាំ និងការអប់រំ ការស្តារនីតិសម្បទា និងការរំឮកវិញ្ញាណក្ខន្ធជនរងគ្រោះ ហើយគម្រោងភាគច្រើនអាចអនុវត្តបាន និងមានហិរញ្ញវត្ថុគ្រប់គ្រាន់។ ក្នុងករណីដែលជនជាប់ ត្រូវបានរកឃើញថាមានពិរុទ្ធភាពចំពោះបទចោទ និងត្រូវបានផ្តន្ទាទោស អង្គជំនុំជម្រះសាលាដំបូង អាចសម្រេចឲ្យមានសំណងផ្លូវចិត្ត និងសមូហភាពដល់ដើមបណ្តឹងរដ្ឋប្បវេណីនៅក្នុងសាលក្រម ប្រសិនបើលក្ខខណ្ឌមួយចំនួនត្រូវបានបំពេញ។

មន្ត្រីនាំពាក្យសាលាក្តីខ្មែរក្រហម លោក នេត្រ ភក្ត្រា ធ្លាប់បានថ្លែងថា សវនាការសេចក្តីសន្និដ្ឋានផ្ទាល់មាត់បិទបញ្ចប់កិច្ចពិភាក្សាដេញដោលលើសំណុំរឿង ០០២/០២ មានរយៈពេល៨ថ្ងៃ ហើយបន្ទាប់ពីបញ្ចប់សវនាការនេះ នឹងចំណាយពេលវេលាពិនិត្យលើសំណុំរឿង ដែលបានជំនុំជម្រះ ហើអង្គជំនុំជម្រះសាលាដំបូងនឹងចេញសាលក្រមលើសំណុំរឿង ០០២/០២ នៅក្នុងពេលពេលវេលាសមស្របខាងមុខ៕