(ភ្នំពេញ)៖ លោក ហ៊ុន សុខា នៅរសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧នេះ បានចេញមុខបដិសេធថា រូបលោកមិនបានជាប់ពាក់ព័ន្ធជាមួយ ក្រុមហ៊ុន «កែបរៀលធី អ៊ិនធើណេសិនណល Co,Ltd» ដែលរំលោភយកដីរបស់ពលរដ្ឋ នៅក្នុងភូមិ​ព្រែកអំពិល ឃុំកោះតូច ស្រុកទឹកឈូ ខេត្តកំពត ជាង​៦ហិកតានោះទេ។

លោក ហ៊ុន សុខា បានអះអាងថា លោកគ្រាន់ជាអ្នកកាសែត ចុះទៅយកព័ត៌មាននៅកន្លែងកើតហេតុតែប៉ុណ្ណោះ ហើយពេលចុះទៅប្រជាពលរដ្ឋឃើញ ដោយស្មាន់ថា រូបលោកចូលដៃជាមួយក្រុមហ៊ុន ប៉ុន្ដែធាតុពិតលោកមិនជាប់ពាក់ព័ន្ធអ្វីនោះទេ។

សូមជម្រាបថា ប្រជាពលរដ្ឋជាម្ចាស់ដីលោក ហេង សូនី ហៅ យ៉ាំង ចំរើន បានអំពាវនាវស្វែងរកយុត្តិធម៌​អន្តរាគមន៍ ពីអាជ្ញាធរគ្រប់ថ្នាក់ និងស្ថាប័នពាក់ព័ន្ធ ជាពិសេសប្រមុខ ក្រសួងរៀបចំដែនដី នគរូនីយកម្ម សំណង់ និងសុរិយោដី ក្រោយពីរូបលោក ជាម្ចាស់កម្មសិទ្ធិស្របច្បាប់លើដីធ្លីមួយកន្លែង ស្ថិតនៅភូមិព្រែកអំពិល ឃុំកោះតូច ស្រុកទឹកឈូ ខេត្តកំពត ជាង​៦ហិកតា ត្រូវជួបនូវការរំលោភយក ដោយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិលើដីនោះ ទាំងភ្នែកស្រស់ៗតែម្តង។

ម្ចាស់ដីរងគ្រោះបានប្រាប់​អង្គភាព Fresh News ឲ្យដឹងថា លោក តឹក ង៉ូយ តំណាងឲ្យក្រុមហ៊ុន «កែបរៀលធី អ៊ិនធើណេសិនណល Co,Ltd» ​កន្លងមក បានចរចាចំនួន​៤លើក សុំទិញដីដែលរំលោភ ប្រមាណជាង​៦ហិកតាខាងលើនេះ ពីរូបលោក​តែមិនត្រូវគ្នា។ លុះដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧ វេលាម៉ោង០៣រសៀលលោក តឹក ង៉ូយ និង​​ឈ្មោះ ហ៊ុន សុខា មាន​ឈ្មោះដើម ហោ សុខា ហៅមិត្ត ដែលគ្មានដីបន្តិច ឬ​ក៏ពាក់ព័ន្ធលើដីនោះបន្តិចណាសោះ ចេញមុខកាង ក្នុងនោះមានលោកប្រធានភូមិកណ្តាល ឈ្មោះ វង់ ឆេ ម្នាក់ផង​បានឃុបឃិតគ្នា ដោយជួលកម្មករប្រមាណ១១នាក់ ក្នុងម្នាក់ថ្លៃឈ្នួល១០ដុល្លារ ឲ្យបាយ​៣ពេល បានផ្លោះរបង ធ្វើសកម្មភាពរំលោភទាំងបំពាន យកដីដែលមានកម្មសិទ្ធិស្របច្បាប់ និងអាស្រ័យផលជាក់ស្ដែង របស់លោកដោយបោះបង្គោលនៅក្នុងដីនោះទាំងកំរោល៕