(ភ្នំពេញ)៖ ដោយយោងតាមរបាយការ ពីនាយកដ្ឋានបច្ចេកទេស និងទំនាក់ទំនងសារណៈ ស្តីពីការកឃើញសារធាតុគីមីហាមឃាត់ (Propyl Para Hydroxy Penzoate) ប្រើក្នុងផលិតផលម្ហូបអាហារ មាននៅក្នុងផលិតផល គ្រឿងផ្សំ ​​ប្រេងខ្យងម៉ាក Yuan's ជាសារធាតុគីមីសម្រាប់ថែរក្សា ផលិតផលឲ្យមានអាយុកាលវែង។ ហេតុនេះដោយមានការណែនាំពី លោកប្រធានសាខាកាំកុងត្រូល​ផែស្ងួត បានឲ្យមន្រ្តីកាំកុងត្រូលចុះធ្វើការស្រាវជ្រាវ ត្រួតពិនិត្យនៅតាមហាងលក់ទំនិញ ផ្សារមួយចំនួន កំពុងតាំងលក់នូវផលិតផល ម្ហូបអាហារប្រេងខ្យង និងទំនិញផ្សេងៗទៀត ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ ដើម្បីធ្វើការទប់ស្កាត់ ការតាំងលក់ ចែកចាយ ​ការនាំចូលផលិតផលប្រេងខ្យងម៉ាក Yuan's​ ពីក្រៅប្រទេស។      

មន្ត្រីកាំកុងត្រូល បានបញ្ជាក់ថា​ សកម្មភាពឃ្លាំមើលផលិតផលម្សៅទឹកដោះគោ នៅលើ​ទីផ្សារ មន្រី្ដសាខាកាំកុងត្រូលផែស្ងួតបានធ្វើ ការណែនាំផ្សព្វផ្សាយ លើកកម្ពស់ការបំបៅដោះម្តាយចាប់ពី ០ខែដល់ ០៦ខែ ឬ១២ខែ មន្រ្តី​បានចុះអនុវត្ត អនុក្រឹត្យលេខ១៣៣ ពាក់ព័ន្ធម្សៅទឹកដោះគោ និងចុះត្រួតពិនិត្យនៅតាមទីតាំងមួយចំនួនក្នុងខណ្ឌ​ទួលគោក។

ជាក់ស្តែងនៅព្រឹកថ្ងៃទី​​១៣​ ខែ​​មិថុនា​ ឆ្នាំ​​២០១៧​ ក្រុមការងារកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ​ បានចេញប្រតិបត្តិការចុះពិនិត្យនៅតាម​ហាង​លក់ទំនិញ​ផ្សេងៗដូចជាហាង ប៊ីប៊ីឃែរ​ ហាង​ហាក​លី​ និងផ្សារទួលទំពូង​ ជាលទ្ធផលបានរកឃើញម្សៅទឹកដោះគោ ពុំគ្មានស្លាកសញ្ញា មួយចំនួន ឲ្យបញ្ជូនទៅក្រុមហ៊ុនវិញ ដើម្បីបំពេញខក្ខខណ្ឌឲ្យបានត្រឹមត្រូវ។

ក្នុងប្រតិបត្តិការចុះពិនិត្យទំនិញនេះ មន្ត្រីកាំកុងត្រូល​ក៏បានអំពាវនាវដល់បងប្អូនអាជីវករ ក៏ដូចជាម្ចាសហាងស្តាម៉ាត​ មេត្តាយកចិត្ត ទុកដាក់ និងពិនិត្យផលិតផលឲ្យបានច្បាស់លាស់មុននឹងដាក់តាំងលក់ឲ្យបងប្អូនប្រជាពលរដ្ឋទិញ យកទៅបរិភោគ​ ជាពិសេសនោះ ត្រូវចូលរួមសហការជាមួយមន្ត្រីកាំកុងត្រូល​ បើសិនមានជនណា​ ឬក៏ក្រុមហ៊ុនណា ហ៊ានបន្លំយកផលិតផលក្លែងក្លាយខូចគុណភាព និងហួសសុពលភាព​ និងមានជាតិគីមី​ មកលក់នឹងចែកចាយ​ សូមរាយការណ៍ ឬទាក់ទងមកមន្ត្រីកាំកុងត្រូលជាបន្ទាន់ដើម្បីងាយស្រួល ការចុះទប់ស្កាត់ហាមឃាត់៕