(ភ្នំពេញ)៖ បុរសម្នាក់ដោយសារតែរកស៊ីទិញ និងលក់ឡានអត់ពន្ធទៅឲ្យអ្នកទិញ ចុងក្រោយត្រូវកម្លាំង​អាវុធហត្ថលើ​ផ្ទៃប្រទេស ចាប់ខ្លួនបញ្ជូនទៅតុលាការ រហូតឃុំខ្លួនដាក់ពន្ធនាគារ ហើយនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧ស្អែកនេះ សាលាដំបូងរាជធានីភ្នំពេញ នឹងប្រកាសសាលក្រមជាផ្លូវការ។

មន្រ្តីសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា ជនត្រូវចោទដែលរកស៊ីទិញ និងលក់ឡានអត់បង់ពន្ធរូបនេះមានឈ្មោះ សាយ សូ រស់នៅភូមិព្រៃមាន់ ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដោយឡែកជនរងគ្រោះវិញដែលទិញរថយន្តអត់បង់ពន្ធនេះមានឈ្មោះ លុន ឡេង រស់នៅខេត្តកំពង់ឆ្នាំង។

លោក លន់ ឡេង បានប្រាប់ភ្នាក់ងារ Fresh News នៅរសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧នេះថា កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៥កន្លងទៅ លោកបានទិញរថយន្តមួយគ្រឿងម៉ាក បាឡែន តម្លៃ៨៥០០ដុល្លារ ប៉ុន្តែដោយសារតែមនុស្សស្គាល់គ្នា ក៏បានប្រគល់លុយ តែមិនទាន់យកកាតគ្រីនោះទេ ពីព្រោះម្ចាស់រថយន្តថា ចាំថ្ងៃក្រោយ។ លុះដល់៣ទៅ៤ ខែ នៅតែមិនទាន់ប្រគល់កាតគ្រីទៀត ហើយជនសង្ស័យចេះ តែគេចវេសនោះ ជនរងគ្រោះបានប្តឹងទៅកម្លាំងអាវុធហត្ថខេត្តកំពង់ឆ្នាំង តែមិនដោះស្រាយឲ្យ ទើបបន្តប្តឹងទៅអាវុធហត្ថលើផ្ទៃប្រទេស រហូតមានចាប់ការចាប់ខ្លួនតែម្តង បន្ទាប់ពីកោះហៅ២ទៅ៣ដង មិនព្រមចូលដោះស្រាយ។

បន្ទាប់ពីចាប់ខ្លួន ជនសង្ស័យត្រូវបានតុលាការធ្វើការឃុំខ្លួនដាក់ពន្ធនាគារ បណ្តោះអាសន្ន រហូតបើកសវនាការកាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៧ ហើយប្រកាសសាលក្រម​ នៅថ្ងៃស្អែក។ ជាមួយគ្នានេះជនរងគ្រោះសូមអំពាវនាវដល់មន្រ្តីតុលាការ មេត្តាចាត់វិធានការតាមច្បាប់។

បើតាមមន្រ្តីតុលាការ ជនត្រូវចោទរូបនេះ ក៏ជាប់ពាក់ព័ន្ធបទល្មើស២ផ្សេងទៀតផងដែរ​គឺចាប់រំលោភនារីរងគ្រោះម្នាក់ និងលួចដីអ្នកដទៃយកទៅលក់៕