(រតនគិរី)៖ ស្ពៃចង្កឹះ និងម្ទេសដែលនាំចូលពីប្រទេសវៀតណាម តាមច្រកអូរយ៉ាដាវ ត្រូវបានមន្រ្តីកាំកុងត្រូលខេត្តរតនគិរី ដកហូតមិនឲ្យនាំចូលមកកាន់ទីផ្សារក្នុងរតនគិរី បន្ទាប់ពីរថយន្តពិសោធន៍ចល័ត «Mobile Lab» របស់អគ្គនាយកដ្ឋានកាំកុងត្រូល នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧នេះ បានចុះមកពិសោធន៍ នៅច្រកអូរយ៉ាដាវ ហើយបានរកឃើញសំណល់ថ្នាំកសិកម្ម ប្រភេទ Organophosphate ដែលត្រូវហាមឃាត់។

មន្រ្តីសាខាកាំកុងត្រូលខេត្តរតនគិរី បានថ្លែងឲ្យដឹងថា «ការចុះមកត្រួតពិនិត្យលើបន្លែ ផ្លែឈើ របស់រថយន្តពិសោធន៍ អគ្គនាយកដ្ឋានកាំកុងត្រូលនេះ យើងបានធ្វើការពិនិត្យលើ បន្លែផ្លែឈើចំនួន២៨គំរូ តែជាលទ្ធផលយើងបានរកឃើញ ស្ពៃចង្កឹះ និងម្ទេសមានកាកសំណល់ថ្នាំកសិកម្ម សម្លាប់សត្វល្អិត នៅលើបន្លែទាំងពីរនេះ ដែលនាំឲ្យប៉ះពាល់ដល់សុខភាពអ្នកបរិភោគ»។

មន្រ្តីកាំកុងត្រូលបានបន្តទៀតថា បន្លែផ្សេងទៀត យើងមិនបានរកឃើញ មានសារធាតុគីមីអ្វីនោះទេ។ នៅក្នុងឱកាសនោះ មន្រ្តីជំនាញកាំកុងត្រូល ក៏បានធ្វើការអប់រំដល់ឈ្មួញ ដែលរកស៊ីនាំទំនិញគ្រប់ ប្រភេទដែលនាំចូលតាមច្រកអូរយ៉ាដាវ សូមកុំយកបន្លែ ផ្លែឈើ និងទំនិញដែលខូចគុណភាព និងហួសកាលបរិច្ឆេទ យកមកលក់បន្តទៀត។

មន្រ្តីកាំកុងត្រូលបានឲ្យដឹងទៀតថា ក្រោយពីបញ្ចប់ការពិសោធន៍ នៅមាត់ច្រកអូរយ៉ាដាវ រថយន្តពិសោធន៍ចល័ត «Mobile Lab» របស់អគ្គនាយកដ្ឋានកាំកុងត្រូល ក៏បានបន្តមកពិសោធន៍ នៅផ្សារបានលុង ក្នុងខេត្តរតនគិរី ហើយបានធ្វើការពិនិត្យលើបន្លែ ផ្លែឈើចំនួន២០គំរូ ហើយជាលទ្ធផលឃើញថា មិនមានផលិតផល ណាមួយមានសាធាតុគីមីហាមឃាត់នោះទេ។

មួយរយៈចុងក្រោយលោក ម៉ក់ ពេជ្ជរិទ្ធ បានបញ្ជាឲ្យមន្រ្តីសាខាកាំកុងត្រូលតាមបណ្តាខេត្ត និងតាមព្រំដែនត្រូវបន្តយុទ្ធនាការ ចុះត្រួតពិនិត្យនាំចូលជាប្រចាំ ដើម្បីស្វែងរកសារធាតុគីមី និងចង់ដឹងតើមានខូចគុណភាពដែរឬទេ ដែលទាំងនេះធ្វើឡើង ដើម្បីលើកកម្ពស់សុខភាពរបស់ប្រជាពលរដ្ឋ ដែលបានបរិភោគទំនិញទាំងនេះ៕