(ភ្នំពេញ)៖ ពាក្យចាស់ពោលថា «ឆ្មាលួចស៊ីត្រីអាំងចាប់គ្នាវ៉ៃចង់ងាប់ ដល់តែខ្លាចាប់ហែកគោស៊ីនៅនឹងមុខ មិនត្រឹមតែមិនដេញវាយទេ ថែមទាំងរត់ពួនទៀតផង» ចំណែកពាក្យស្លោកមួយរបស់ចិនបានពោលថា «ច្បាប់ដូចសំណាញ់ពីងពាង អាតូចជាប់ អាធំរួចខ្លួន» ពិតជាមិនខុសមែន។

ពេលខ្លះក្រុមស្ទាវជាកូនអ្នកធំ កូនអ្នកមានអំណាច មានឥទ្ធិពលលួចកាំភ្លើងរបស់ឪពុកយកទៅភ្ជង់ ឬបាញ់គំរាមគូជម្លោះ ពេលសមត្ថកិច្ចថ្នាក់ក្រោមចាប់បាន ដោយខ្លាចអំណាចឪពុក ក៏ធ្វើរបាយការណ៏សម្រួលថា ជាកាំភ្លើងរបស់ឪពុកមានច្បាប់ត្រឹមត្រូវ ឬជាកាំភ្លើងជ័រ ឬក៏ថារាលកៃជាដើម, រួចហើយសម្រួល របាយការណ៏ឲ្យស្រាល ហើយអញ្ជើញឪពុក-ម្ដាយមកយកកូនទៅអប់រំ «ចប់» តែបើកូនអ្នកក្រ កូនអ្នកតូចតាចដឹកផ្គាក់ ដឹកពូថៅ ដឹកបុ័ងតោ យកទៅឲ្យ ឪពុកម្ដាយនៅឯចំការ នៅឯផ្សារ ឬយកទៅកាប់គាស់សោះ ពេលសមត្ថកិច្ចស្ទាក់ត្រួតពិនិត្យឃើញចោទសំឡុតថា ជាក្រុមបងធំ ជាជនទុច្ចរិត ជាមុខសញ្ញា តាមដានយូរហើយ បើមានលុយសូកសម្រួលរបាយការណ៏បញ្ចប់, បើអត់លុយធ្វើរបាយការណ៏បញ្ជូនទៅតុលាការ ក្រោមហេតុផលសម្រួលមិនបាន ព្រោះរាយការណ៏ប្រាប់ព្រះរាជអាជ្ញាហើយ។ នេះជានិទណ្ឌភាពនៃការអនុវត្តច្បាប់របស់មន្ត្រីថ្នាក់ក្រោមនៅកម្ពុជាភាគច្រើន ដែលធ្វើឲ្យប្រជាជនមានការថ្នាំងថ្នាក់។

មន្ត្រីសមត្ថកិច្ចតូចតាចដែលអត់ខ្សែ អត់ខ្នង ពេលខ្លះរាលកៃកាំភ្លើងដោយចៃដន្យមួយគ្រាប់ ពេលខ្លះនៅក្នុងមូលដ្ឋានមានបទល្មើស ឬឧប្បតិ្តហេតុកើតឡើង នៅនឹងមុខក៏ដកកាំភ្លើងបាញ់មួយគ្រាប់ពីរ ដើម្បីអន្តរាគមន៏គំរាមជនល្មើស ឬដើម្បីជាការជូនដំណឹងដូចជា ករណីភ្លើងឆេះផ្ទះជាដើម ប៉ះមេខ្លះមិនសរសើរ កូនចៅទេ ថែមទាំងចោទថា ល្មើសវិន័យ បាញ់បោះអនាធិបតេយ្យ ហើយកោះហៅយកទៅដាក់វិន័យកងកម្លាំង ឬដកបញ្ឈរជើងរហូតដល់កសាងសំណុំរឿង បញ្ជូនទៅតុលាការដាក់គុកក៏មានដែរ។

ប៉ុន្តែផ្ទុយទៅវិញ បើប៉ះអ្នកមានខ្នង មានខ្សែ មានលុយវិញ ច្បាស់ជាសម្រួលពីរឿងធំឲ្យមករឿងតូច សម្រួលពីរឿងតូចឲ្យទៅជាអត់មានរឿង ទោះបីជាទង្វើខាងលើ ធ្វើឲ្យប៉ះពាល់ដល់សង្គម ប៉ះពាល់ដល់គូភាគីម្ខាងទៀតស្រែកថា អយុត្តិធម៌យ៉ាងណាក៏ដោយនេះជាទង្វើរបស់មេៗមួយចំនួន ដែលធ្វើឲ្យកូនចៅថ្នាំងថ្នាក់។

ជាក់ស្ដែងករណីមន្ត្រីនគរបាលឈ្មោះ លឹម ចំណាន ជាកូនមន្ត្រីជាន់ខ្ពស់ស្ទើរផុតកំពូលនៅក្រសួងមហាផ្ទៃ ប៉ុល លឹម បានបាញ់គំរាមភាគីជាម្ចាស់រថយន្តរងគ្រោះដែលខ្លួនបង្កលើនៅតាមដងផ្លូវកាលពីចុងសប្ដាហ៏កន្លងទៅនេះជាឧទាហរណ៏ស្រាប់។ ដោយសារតែជាកូនអ្នកធំមន្ត្រីសមត្ថកិច្ចថ្នាក់ក្រោមបានត្រឹមសម្រួល ពីរឿងធំអោយទៅជារឿងតូច ជារឿងអាចមានទោសទណ្ឌក្នុងបទល្មើសព្រហ្មទណ្ឌ ឲ្យទៅជារឿងបទល្មើសកងកម្លាំងទៅវិញ។

មិនតែប៉ុណ្ណោះ ដើម្បីរំសាយកំហឹងចិត្តសាធារណជន គេថែមទាំងបង្វែរសាច់រឿងពីការបាញ់គំរាមគូជម្លោះទៅជា​ការបាញ់ដើម្បីសុំផ្លូវដោយប្រញាប់បញ្ជូនកូនតូច ដែលឈឺក្ដៅខ្លួនខ្លាំងទៅកាន់មន្ទីពេទ្យទៀតផង។ គេឆ្ងល់ថា បើប្រញាប់បញ្ជូនកូនឈឺទៅមន្ទីរពេទ្យ ហេតុអ្វីក្រោយពេលបាញ់គំរាមហើយ ហេតុអ្វីក៏មិនប្រញាប់ បន្តដំណើរទៅមុខ បែរជាឈប់រថយន្តរងចាំភាគីខាងរថយន្តរងគ្រោះទៅដល់ តើមានគោលបំណងអ្វី ?

តាមដំណើររឿងហេតុ គេសួរថា តើករណីខាងលើសមនឹងដាក់ទោសទណ្ឌវិន័យតាមបែបកងកម្លាំងដែល ឬអត់? បើបុគ្គលខាងលើស្លៀកពាក់ឯកសណ្ឋាន ឬស្លៀកពាក់ស៊ីវិល តែស្ថិតនៅក្នុងពេលកំពុងបំពេញភារកិច្ចថ្នាក់លើដាក់ឲ្យ ហើយធ្វើសកម្មភាពខុសវិន័យកងកម្លាំង ឬខុសបទបញ្ជាថ្នាក់លើនោះសមនឹង ទទួលទោសទណ្ឌតាមបែប​ដាក់វិន័យកងកម្លាំង តែនេះជនបង្កប្រព្រឹត្តល្មើសក្នុងរូបភាពឯកជនសុទ្ធសាធ ហើយបង្កទៅលើអ្នកដ៏ទៃ មានភស្តុតាងជាក់ស្ដែងស្រាប់ តើសមត្ថកិច្ចដែលជាអ្នកអនុវត្តច្បាប់ គួរតែកសាងសំណុំរឿងបញ្ជូនទៅ​តុលាការដើម្បីអនុវត្តច្បាប់ ឬបញ្ជូនជនបង្កទៅកាន់អង្គភាពអនុវត្តវិន័យ?

គេថាករណីនេះ ប្រសិនបើសមត្ថកិច្ចអនុវត្តត្រឹមវិន័យកងកម្លាំង ហើយបញ្ជប់រឿង តើពេលដែលភាគីជនរងគ្រោះ​ដាក់ពាក្យបណ្ដឹងទៅតុលាការទាមទារ សំណង ឬទាមទារជម្ងឺចិត្ត តើសមត្ថកិច្ចបានសំណុំរឿង​ពីណាដើម្បី​ធ្វើជាមូលដ្ឋានឲ្យជនរងគ្រោះ និងជូនទៅតុលាការ?

គេថាបើសមត្ថកិច្ចមិនអនុវត្តច្បាប់ឲ្យត្រូវទៅតាមទម្រង់នៃបទល្មើសទេ នោះមតិរិះគន់ពីការអនុវត្តច្បាប់​តាមបែបស្តង់ដាទ្វេនៅកម្ពុជា នៅតែកើតមានដូចអ្វី ដែលសង្គមស៊ីវិល និងសាធារណជនធ្វើការចោទប្រកាន់ និងរិះគន់នាពេលកន្លងគឺមិនខុសឡើយ។ បើនៅតែអនុវត្តច្បាប់តាមបែបកូនអ្នកធំ កូនអ្នកមានលុយ កូនអ្នកមានខ្នងបង្អែកខ្លះ ប្រព្រឹត្តខុស រួចខ្លួន កូនអ្នកក្រ កូនអ្នកតូចតាចជាប់គុកបែបនេះ ចូរមន្ត្រីទាំងឡាយឈប់នាំគ្នារអ៊ូពីរឿងខំធ្វើចង់ងាប់ នៅតែចាញ់។

បើមន្ត្រី និងថ្នាក់ដឹកនាំទាំងឡាយមិននាំគ្នាកែឲ្យទាន់ពេលវេលាទេ នាយខ្វែក ក៏នៅអង្គុយទល់ភ្នែករង់ចាំមើល​លទ្ធផលឆ្នាំ២០១៨ ខាងមុខនេះផងដែរ ដល់ពេលនោះ កុំបន្ទោសនាយខ្វែកថា មិនជួយដាស់តឿនមុនអោយសោះ៕