(រតនគិរី)៖ លោក ថង សាវុន អភិបាលខេត្តរតនគិរី បានអះអាងថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ដ្រី កុមារកម្ពុជា ទទួលបានយកការចិត្តទុកដាក់ខ្ពស់ ពីរាជរដ្ឋាភិបាលកម្ពុជាតាមរយៈគោលនយោបាយយុទ្ធសាស្ដ្រ និងកំណែទម្រង់វិស័យអប់រំ ក្នុងការអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាព។

អភិបាលខេត្តរតនគិរីថ្លែងបែបនេះ ក្នុងពិធី​អបអរសាទរខួបលើកទី៦៨​ ទិវាកុមារអន្តរជាតិ​​០១​ មិថុនា​ ខួបលើកទី១៦​ ទិវាពិភពលោក​ប្រឆាំងពលកម្មកុមារ១២​​មិថុនា​ និងទិវាកុមារកម្ពុជា​ ឆ្នាំ២០១៧​ ដែលបានរៀបចំឡើង​ព្រឹកថ្ងៃទី១៣​ ខែមិថុនា​ ឆ្នាំ២០១៧នេះ។

ក្នុងឱកាសនោះ លោក ថង សាវុន បានថ្លែងនូវការកោតសរសើរចំពោះលោកគ្រូ​ អ្នកគ្រូទាំងអស់ ដែលបានចូលរួមចំណែកដ៏ធំធេង ក្នុងការបណ្តុះបណ្តាលធនធានមនុស្សគ្រប់កំរិត​ និងសូមឲ្យបន្តការខិតខំប្រឹងប្រែង​ សហការជាមួយអាណាព្យាបាលសិស្ស​ អប់រំ​ លើកកម្ពស់សីលធម៌​ ​ការគោរពច្បាប់ផ្សេងៗ ដើម្បីឲ្យកុមារគ្រប់រូបក្លាយជាធនធានបន្តវេន ប្រកបដោយគុណភាព​ និងសីលធម៌​ ក្នុងការអភិវឌ្ឍប្រទេស​​។

សូមជម្រាបថា ពិធីអបអរសាទរខួបលើកទី៦៨​​ទិវាកុមារអន្តរជាតិ​​០១​ មិថុនា​ ខួបលើកទី១៦​ ទិវាពិភពលោក​ប្រឆាំងពលកម្មកុមារ១២​ មិថុនា​ និងទិវាកុមារកម្ពុជា​ ឆ្នាំ២០១៧​ នៅខេត្តរតនគិរីនេះ មានការចូលរួមពីមន្ត្រីរាជការ​ លោកគ្រូ​ អ្នកគ្រូ​ សិស្សានុសិស្សមកពីគ្រឹះស្ថានសិក្សាទាំងរដ្ឋ​ និងឯកជន​ ប្រមាណជាង ២,០០០​នាក់៕