(ភ្នំពេញ)៖ នៅទីបំផុត គ.ជ.ប បានប្រកាសលទ្ធផលជាផ្លូវការចុងក្រោយ និងបិទផ្លូវតវ៉ាតែម្ដង ដោយសម្រេចថាការរាប់សន្លឹកឆ្នោត នៅឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង លទ្ធផលគណបក្សប្រជាជនកម្ពុជា ទទួលបាន ២,៦១១សំឡេង ឈ្នះគណបក្សសង្គ្រោះជាតិ២សំឡេង ដែលទទួលបាន ២,៦០៩សំឡេង។ នេះយោងតាមមន្រ្តី គ.ជ.ប ដែលបានចូលរួមរាប់សន្លឹកឆ្នោត នៅការិយាល័យ គ.ជ.ប បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅមុននេះបន្តិច។

កាលពីម្សិលមិញ ការរាប់សន្លឹកឆ្នោតឡើងវិញ ដែលបញ្ជូនពីការិយាល័យបោះឆ្នោតទាំង២៣ ស្ថិតនៅឃុំដូង ស្រុករមាសហែក​ ខេត្តស្វាយរៀង នៅទីស្ដីការ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបង្កឲ្យតំណាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ដំឡើងសរសៃកដាក់គ្នា ប៉ុន្តែនៅល្ងាចថ្ងៃដដែល ការរាប់ឡើងវិញ បានបង្ហាញលទ្ធផលបឋមថា គណបក្សប្រជាជនកម្ពុជាជាអ្នកឈ្នះ៧សម្លេង។

លទ្ធផលបានបង្ហាញថា៖ CPP 2587 / CNRP 2580 តែគណបក្សសង្គ្រោះជាតិមិនទាន់ឯកភាព ទើបមានការប្រជុំសម្រេចនៅព្រឹកថ្ងៃទី១៣ ខែមិថុនា​ ឆ្នាំ២០១៧នេះ រហូតប្រកាសថា CPP នៅតែឈ្នះ CNRP ចំនួន២ឡេង។

សូមជម្រាបថា នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៧នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានបើកការរាប់សន្លឹកឆ្នោតឡើងវិញ នៃការិយាល័យ បោះឆ្នោតចំនួន ២៣ការិយាល័យ ស្ថិតក្នុងឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង ក្រោយពីមានបណ្ដឹងសុំរាប់សន្លឹកឆ្នោតឡើងវិញ របស់គណបក្សសង្គ្រោះជាតិ ដោយសារតែ មិនអស់ចិត្តទៅនឹងលទ្ធផលរាប់សន្លឹកឆ្នោត នៅគណៈកម្មការខេត្តរៀបចំការបោះឆ្នោត (PEC ខេត្តស្វាយរៀង) រហូតតវ៉ាមក គ.ជ.ប តែម្តង៕