(ភ្នំពេញ)៖ មន្ត្រីក្នុងក្របខ័ណ្ឌរដ្ឋបាលរាជធានីភ្នំពេញ បានជួបពិភាក្សាគ្នាលើការដាក់បញ្ចូលពិការភាព នៅក្នុងអភិបាលកិច្ចរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីផ្ដល់ឱកាសឲ្យជនពិការ បានចូលរួមក្នុងដំណើរអភិវឌ្ឍន៍។ កិច្ចប្រជុំពិភាក្សានេះត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧នេះ នៅសាលារាជធានីភ្នំពេញក្រោមអធិបតីភាព លោក ឃួង ស្រេង អភិបាលរងរាជធានីភ្នំពេញ និងមានការចូលរួមពីមន្រ្តីពាក់ព័ន្ធ ជាច្រើននាក់ទៀត។

អង្គសិក្ខាសាលាផ្សព្វផ្សាយ ស្ដីពីការដាក់បញ្ចូលពិការភាព នៅក្នុងអភិបាលកិច្ច នៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលរៀបចំឡើងដោយរដ្ឋបាលរាជធានីភ្នំពេញនេះ គឺដើម្បីផ្ដល់ចំណេះជាមូលដ្ឋានដល់អ្នកពាក់ព័ន្ធ បានយល់អំពីពិការភាព ការបង្ហាញការគោរព និងសេចក្ដីថ្លៃថ្នូរ​ ការប្រាស្រ័យទាក់ទងជូនជនពិការ ការបង្កើតបរិស្ថាន ដែលគ្មានឧបសគ្គរារាំងដល់ជនពិការ ការធានាឲ្យមានការចូលរួមឲ្យបានសកម្ម និង​ការដាក់បញ្ចូលពិការ​ភាព ទៅក្នុងកិច្ចដំណើរការកសាងផែនការ និង​កម្មវិធីវិនិយោគ។

នៅក្នុងសិក្ខាសាលានេះ បានបង្ហាញឲ្យដឹងដែរថា ក្នុងចំណោមប្រជាជនទាំងអស់ នៅលើពិភពលោកមានមនុស្សជាង១ពាន់លាននាក់ ស្មើប្រមាណ១៥ភាគរយ នៃចំនួនប្រជាជនក្នុងពិភពលោក ក្នុងនោះនៅក្នុងចំណោមមនុស្ស៧នាក់ មានម្នាក់​ពិការភាព ហើយនៅប្រទេសកម្ពុជា តាមការអង្កេតសង្គមសេដ្ឋកិច្ចកម្ពុជា (CSES) ឆ្នាំ២០១៣ គឺមានប្រជាជនកម្ពុជាប្រហែល៥% ដែលមានពិការភាព ហើយជារឿយៗពួកគេត្រូវបានរារាំង ឬ​ផាត់ចេញ និងមិនអាចចូលរួម ក្នុងកិច្ចការសង្គមបាន ទោះបីជាមានសិទ្ធិដូចមនុស្សផ្សេងៗទៀត ក្នុងនោះដូចជាសិទ្ធិទទួលបានការអប់រំ សិទ្ធិមានការងារធ្វើ ការរៀបអាពាហ៍ពិពាហ៍ និង​ចូលរួមនៅក្នុងសហគមន៍។ ស្ថិតក្នុងបញ្ហាទាំងនេះ រដ្ឋបាលថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងអ្នកដឹកនាំសហគមន៍ ត្រូវធានាឲ្យប្រជាពលរដ្ឋគ្រប់រូបទទួលបានសេវា និង​ព័ត៌មានទាំងនេះ។

លោក ឃួង ស្រេង អភិបាលរងរាជធានីភ្នំពេញ ក្នុងឱកាសនោះ បានបញ្ជាក់ថា នៅប្រទេសកម្ពុជាបន្ទាប់ពីបញ្ចប់សង្គ្រាមនោះ មកបានបន្សល់ទុកជនពិកាជាច្រើន ហើយជនពិការភាគច្រើនជាជនក្រីក្រ និងងាយរងគ្រោះជាងគេនៅក្នុងសង្គម និងតែងតែជួបឧបសគ្គព្រមទាំងរងនូវការរើសអើង គ្រប់រូបភាពពីសង្គម ដូចនេះ បានធ្វើឲ្យជនពិការមានឱកាសតិចតួចក្នុងការចូលរួម ការទទួលបានសេវាសង្គម ដូចជាសេវាសុខភាព សេវា ជំនួយការផ្ទាល់ខ្លួនប្រចាំថ្ងៃ សេវាអប់រំការទទួលបានព័ត៌មាន និង​ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ ពិសេសឱកាសស្មើភាពក្នុងការប្រកបមុខរបរដើម្បីរកប្រាក់ចំណូល។

ស្ថិតក្នុងស្ថានភាពដូចនេះ ទើបរាជរដ្ឋាភិបាលផ្ដល់ការយកចិត្តទុកដាក់ និងការលើកកម្ពស់សិទ្ធិ សម្រាប់ជនពិការ ដូចជាការស្ដារលទ្ធភាព ពលកម្ម ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ បង្កើតមុខរបរ និងគម្រោងផ្ដល់សេវាផ្សេងៗទៀត ក្នុងនោះរួមទាំងការពង្រឹងសមត្ថភាព របស់ជនពិការផងដែរ ហើយថ្មីៗនេះទៀត បានសម្រេចឲ្យមានការដាក់បញ្ចូលពិការភាព ទៅក្នុងអភិបាលកិច្ចនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលបាននិងកំពុងអនុវត្តទៅមុខដោយការរីកចម្រើន។

លោក ឃួង ស្រេង ក្នុងឱកាសនោះ ក៏បានសម្ដែងការសង្ឃឹមថា តាមរយៈសិក្ខាសាលានេះ មន្ទីរពាន់ព័ន្ធ និងរដ្ឋបាលថ្នាក់ខណ្ឌទាំង១២ ព្រមទាំងសាខាមូលនិធិជនពិការ និងផ្ដល់នូវការគាំទ្រឲ្យមានការដាក់បញ្ចូលបញ្ហាពិការភាព ទៅក្នុងអភិបាលកិច្ចនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ជាក់ជាមិនខាន៕