(ភ្នំពេញ)៖ ខ្សែភាពយន្ដអង្គរសង្ក្រាន្ដ មរតកនៃវប្បធម៌ខ្មែរ ត្រូវបានសម្ភោធចាក់បញ្ចាំងជាផ្លូវការ នៅយប់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៧នេះ​ ក្រោមការផ្ដួចផ្ដើមគំនិតពី សហភាពសហព័ន្ធយុវជនកម្ពុជាផ្ទាល់តែម្ដង។

ក្នុងពិធីដែលបានធ្វើនៅ រោងភាពយន្ដ Major ផ្សារទំនើប Aeon នេះ ក៏មានវត្តមានថ្នាក់ដឹកនាំមួយចំនួនដូចជា លោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍, លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា, លោក សាយ សំអាល់ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ និងលោក ហ៊ុយ វណ្ណៈ ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ព្រមទាំងសិល្បករ សិល្បការិនី ភ្ញៀវកិត្តិយសជាច្រើននាក់ទៀតផងដែរ។

លោក ខាំ ភូរិ ផលិតករ នៃខ្សែភាពយន្ដអង្គរសង្ក្រាន្ដ មរតកនៃវប្បធម៌ខ្មែរ បានលើកឡើងថា ការបង្កើតជាខ្សែភាពយន្ដនេះឡើង ដើម្បីរំលេចពីវប្បធម៌ អរិយធម៌ ល្បែងប្រជាប្រិយខ្មែរ សាសនា ហើយភាពយន្ដនេះក៏បានរំលេចពីអ្វីទៅ ដែលនៅក្រោយព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ ហើយបានស្ដែងនូវភាពហត់នឿយ ក្នុងការរៀបចំព្រឹត្តិការណ៍នេះ។

ផលិតកររូបនេះ បានបន្ថែមថា ភាពយន្ដនេះត្រូវបានចងក្រងឡើងចាប់តាំងពីឆ្នាំ២០១៣ ពោលគឺឆ្នាំដំបូងនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ និងចាប់ផ្ដើមថត នៅក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ដជាបន្ដបន្ទាប់ រហូតដល់ឆ្នាំ២០១៧ ដែលមានរយៈពេល៥ឆ្នាំ ហើយត្រូវយកមកច្នៃជាភាពយន្ដមានរយៈពេលត្រឹមតែ១ម៉ោង៣៣នាទីប៉ុណ្ណោះ។

សូមជម្រាបថា ​ភាពយន្ដអង្គរសង្ក្រាននេះ ចាប់ផ្ដើមចាក់បញ្ចាំងនៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៧ខាងមុខនេះតទៅ ហើយថវិកា​ដែលបានមកពីការលក់សំបុត្រនេះ គឺនឹងត្រូវយកទៅប្រើប្រាស់ក្នុងការងារមនុស្សធម៌ទាំងស្រុង។

កត្ដាទាំងនេះហើយ ដែលធ្វើឲ្យ​លោក​ ខាំ ភូរិ និងក្រុមការងារផលិតជាង១០០នាក់ អំពាវនាវដល់ពលរដ្ឋខ្មែរទាំងអស់សូមជួយគាំទ្រខ្សែភាពយន្ដមួយនេះ ដើម្បីជាការលើកទឹកចិត្តដល់កូនខ្មែរ និងជាការចូលរួមក្នុងការងារមនុស្សធម៌ជាដើម៕