(ពោធិ៍សាត់)៖ ប្រធានគណបក្សសង្រ្គោះជាតិ ប្រចាំខេត្តពោធិ៍សាត់ លោក យ៉ាន់ សេងហ៊ត បានបើករថយន្តបុកក្មេងប្រុសម្នាក់ បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ ហើយព្យាយាមបើករថយន្តគេចខ្លួន ជាច្រើនគីឡូម៉ែត្រ ទីបំផុតត្រូវបានសមត្ថកិច្ច ក្នុងស្រុកក្រវ៉ាញ ចាប់វាយខ្នោះ។

ស្នងការនគរបាលខេត្តពោធិ៍សាត់ លោក សារុន ចាន់ធី បានប្រាប់អង្គភាពព័ត៌មាន Fresh News ថា គ្រោះថ្នាក់ចរាចរនេះកើតឡើង នៅវេលាម៉ោងប្រមាណ ៤៖៣០នាទីរសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៧នេះ ស្ថិតនៅលើផ្លូវលេខ៥៥  ភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ បើតាមលោក សារុន ចាន់ធី ក្រោយបង្កគ្រោះថ្នាក់ហើយ លោក យ៉ាន់ សេងហ៊ត មិនបានឈប់ ដោះស្រាយ ឬមើលក្មេងរងគ្រោះនោះទេ បែរជាបន្ថែមល្បឿនរថយន្តគេចខ្លួន រហូតដល់ស្រុកភ្នំក្រវ៉ាញ ទើបសមត្ថកិច្ចឃាត់ខ្លួនបាន។

ក្មេងប្រុសរងគ្រោះឈ្មោះ ណាត សុវណ្ណឌី ភេទប្រុស អាយុ ៦ឆ្នាំ រងរបួសចំក្បាលធ្ងន់ធ្ងរ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យក្នុងខេត្តបាត់ដំបង។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៤ ខែឧសភា កន្លងទៅនេះ សកម្មជនគណបក្សសង្រ្គោះជាតិនៅក្នុងខេត្តពោធិ៍សាត់ម្នាក់ ក៏បានជួបគ្រោះថ្នាក់ចរាចរបណ្តាលឲ្យស្លាប់បាត់បង់ជីវិតផងដែរ ពេលរូបគាត់កំពុងចេញដង្ហែបក្ស។ គ្រោះថ្នាក់ចរាចរនោះ កើតឡើងលើកំណាត់ផ្លូវជាតិលេខ ៥០១ ស្ថិតក្នុងភូមិព្រែកត្នោត សង្កាត់លលកស ក្រុងពោធិ៍សាត់។ ជនរងគ្រោះឈ្មោះ ង៉ែត សុភាព អាយុ ៣៦ឆ្នាំ ចោលកូនរហូតដល់ទៅ៤នាក់ ឲ្យរស់នៅកំព្រា៕