(ប៉ៃលិន)៖ ថ្ងៃទី៧នៃការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៤ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៧នេះ លោក អ៉ី ឈាន ប្រធានក្រុមការងារថ្នាក់កណ្តាល គណបក្សប្រជាជនកម្ពុជា ចុះជួយខេត្តប៉ៃលិន បានបន្តដឹកនាំក្រុមការងារថ្នាក់កណ្តាល ក្រុមការងារគ្រប់លំដាប់ថ្នាក់ នៃគណបក្សបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន ចុះជួបប្រជាពលរដ្ឋ សមាជិក សមាជិកាគណបក្ស និងអតីតយុទ្ធមិត្តទាំងអស់ ដល់មូលដ្ឋានតាមខ្នងផ្ទះ ទូទាំងខេត្តប៉ៃលិន ។

លោក អ៉ី ឈាន បានបញ្ជាក់ម្តងហើយម្តងទៀតថា មកដល់រដូវឃោសនារកសំឡេងបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់នេះ មានគណបក្សមួយចំនួន តែងតែធ្វើការឃោសនា មានគំនិតញុះញង់ និងសន្យាបោកប្រាស់បែប ប្រជាភិថុត ធ្វើយ៉ាងណាដើម្បីបានការគាំទ្រពីប្រជាពលរដ្ឋ ដែលករណី​នេះ លោកស្នើឲ្យបងប្អូនប្រជាពលរដ្ឋ, សមាជិក​ សមាជិកា និងយុទ្ធមិត្តទាំងអស់កុំជឿឲ្យសោះ គឺគណបក្សទាំងនោះ មកដល់ពេលនេះ មិនដែលបានធ្វើអ្វីសោះជូនប្រជាជន និងសង្គមជាតិយើងទាំងមូល មិនដូចគណបក្សប្រជាជនកម្ពុជា ដែលបានរំដោះជាតិ និង ដឹកនាំប្រទេសជាតិ ពីបាតដៃទទេ រហូតមានការអភិវឌ្ឍន៍ដូចសព្វថ្ងៃ ដែរបងប្អូនបានដឹង បានឃើញស្រាប់។

បន្ថែមពីនេះទៀត​ នាយឧត្តមសេនីយ៍ អ៉ី ឈាន បាន​សង្កត់ធ្ងន់យ៉ាងច្បាស់ថា គឺមានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលបានស្វែងរក និងរក្សាសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ នៅទូទាំងប្រទេសរួមទាំងខេត្តប៉ៃលិន ដែលទីនេះកាលពីអតីតកាល គឹជាសមរភូមិ ដែលគ្មានការអភិវឌ្ឍន៍ គ្មានហេដ្ឋារចនាសម្ព័ន្ធ។ ប៉ុន្តែបច្ចុប្បន្ន យើងទទួលបានសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍន៍លើគ្រប់វិស័យរួមមានសាលារៀន វត្តអារាម ផ្លូវថ្នល់ខ្វាត់ខ្វែង ស្ពានតូច-ធំ ប្រព័ន្ធធារាសាស្រ្ត ទឹកស្អាត អគ្គីសនី។

លោក អ៉ី ឈាន បានបន្តថា កត្តាទាំងនេះ ជាសមិទ្ធផលកើតចេញពីគណបក្សប្រជាជន សម្រាប់ជាចំណងដៃជូន ដល់ប្រជាពលរដ្ឋគ្រប់ក្រុមគ្រួសារ បានប្រកបរបរទទួលទាន មានជីវភាពរស់នៅ កាន់តែប្រសើរឡើងជាបន្តបន្ទាប់ ទីណាមានគណបក្សប្រជាជនកម្ពុជាទីនោះមានសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍ ដូចនេះសូមបងប្អូន ប្រជាពលរដ្ឋ ទាំងអស់បន្តគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ឱ្យបានគ្រប់ៗគ្នា ដើម្បីបន្តថែរក្សាការពារ សុខសន្តិភាព និងការអភិវឌ្ឍន៍ ដល់ឃុំសង្កាត់របស់យើងឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត៕