(រតនគិរី)៖ នៅរសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៧ លោកទេសរដ្ឋមន្ត្រី លី ធុជ និងលោក មួង ប៊យ ប្រធានក្រុមប្រឹក្សាខេត្តរតនគិរី បានអញ្ជើញចុះទៅសំណេះសំណាល ជាមួយលោកគ្រូ អ្នកគ្រូពេទ្យទូទាំងខេត្តរតនគិរី។

ទេសរដ្ឋមន្ត្រី លី ធុជ ក្នុងនាមសម្តេចតេជោនាយករដ្ឋមន្ត្រី សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោកគ្រូ អ្នកគ្រូពេទ្យទាំងអស់ ដែលបានលះបង់អស់កំលាំងកាយ កំលាំងចិត្ត ក្នុងការជួយព្យាបាល និងសង្រ្គោះជីវិតបងប្អូនប្រជាពលរដ្ឋ ទាំងយប់ ទាំងថ្ងៃ ទាំងថ្ងៃឈប់សម្រាក ដោយមិនខ្លាចការនឿយហត់អ្វីទាំងអស់។

ជាមួយគ្នានោះ លោកទេសរដ្ឋមន្ត្រី លី ធុជ ក៏បានជម្រាបដល់លោកគ្រូ អ្នកគ្រូពេទ្យ អំពីការយកចិត្តទុកដាក់របស់សម្តេចទាំងទ្វេរ ក្នុងការលើកកំពស់ជីវភាពរស់នៅ របស់លោកគ្រូ អ្នកគ្រូពេទ្យ តាមរយៈការផ្តល់ក្របខ័ណ្ឌ ការតម្លើងប្រាក់ខែ និងប្រាក់ឧបត្ថម្ភផ្សេងៗ។

លោកថា «ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានដឹកនាំប្រទេសកម្ពុជា ប្រកបដោយសន្តិភាព ស្ថេរភាពនយោបាយ សេដ្ឋកិច្ចរីកចម្រើនយ៉ាងឆាប់រហ័ស ប្រកបដោយនិរន្តភាព ធ្វើឲ្យប្រទេសកម្ពុជាចាកចេញពីប្រទេសក្រីក្រ ទៅជាប្រទេសដែលមានការអភិវឌ្ឍតិចតូច ហើយប្រទេសកម្ពុជា នឹងក្លាយជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៣០»