(កំពង់ធំ)៖ លោក ថោង ខុន ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកបារាយណ៍ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៧នេះ បានដឹកនាំសមាជិកក្រុមការងារ ចុះជួយឃុំ ​ជួបសំណេះសំណាល ជាមួយ​​សមាជិកបក្សប្រជាជនកម្ពុជា ជាង៤០០​នាក់ នៅភូមិគោកត្របែក ឃុំស្រឡៅ ស្រុកបារាយណ៍ ប្រកបយ៉ាងភាព ស្និទ្ធស្នាល សប្បាយរីករាយក្រៃលែង។

បន្ទាប់ពីបាន​នាំនូវការផ្តាំផ្ញើ​សួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន នាយ​ករដ្ឋមន្ត្រីនៃកម្ពុជា និង​ជាប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួចមក លោក ថោង ខុន បានសំណេះសំណាលជំរាបជូនបងប្អូនអំពីការរីកចម្រើន និងសមិទ្ធផលទាំងឡាយ របស់រាជរដ្ឋាភិបាល ក៏ដូចគណបក្សប្រជាជនកម្ពុជា ទាំងនៅថ្នាក់ជាតិ និងក្រោមជាតិ។

សមាជិក សមាជិកា ដែលបានចូលរួមក្នុងឱកាសនោះ បានសម្តែងការអបអរសាទរ​រីករាយ និងប្តេជ្ញាបន្តគាំទ្រគណបក្សប្រជាជនកម្ពុជា និងសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីរៀងរហូត ពិសេសទាំងអស់គ្នាប្តេជ្ញាបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា ក្នុងឱកាសបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំខាងមុខនេះ។

​សូមជម្រាបថា នៅភូមិគោកត្របែក ឃុំស្រឡៅ ​មានប្រជាពលរដ្ឋបានចុះឈ្មោះបោះឆ្នោត ចំនួន៤៤០នាក់៕