(កំពង់ចាម)៖ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកកងមាស បានសថ្លែងទៅកាន់ប្រជាពលរដ្ឋ​ដែលគាំ​ទ្រគណបក្សប្រជាជន ក្នុងស្រុកកងមាសថា កាលណាប្រទេសមាន សុខសន្តិភាព មានស្ថិរភាពនយោបាយ ទើបមានការអភិវឌ្ឍ។ ជាមួយគ្នានេះ លោកបានដាស់តឿន ដល់ប្រជាពលរដ្ឋ ឲ្យត្រៀម ឯកសារដែល គ.ជ.ប បានកំណត់ឲ្យបានគ្រប់គ្នា ដើម្បីចូលរួមការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ នាថ្ងៃអាទិត្យទី៤ ខែមិថុនា ឆ្នាំ២០១៧នេះ។

ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញបើកសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវ​ផ្លូវបេតុង ប្រវែង២៥៤ម៉ែត្រ ស្ថិតនៅក្នុងភូមិពាមជីកង ឃុំពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម ដោយមានការចូលរួមពីព្រះសង្ឃ​ចំនួន០៥អង្គ មន្ត្រីរាជការ៤០នាក់ ប្រជាពលរដ្ឋមកពី០៤ឃុំមានចំនួន ៣១០០នាក់ និងសិស្សានុសិស្សចំនួន ៦០០នាក់ នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៧នេះ។ ​

ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានបន្តថា  ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន បាននិងកំពុងខិតខំប្រឹងប្រែង យកចិត្តទុកដាក់ខ្ពស់ ក្នុងការអភិវឌ្ឍនៅមូលដ្ឋាន ជាពិសេសការសាងសង់ផ្លូវ ស្ពាន រួមនឹងប្រឡាយទឹកជាដើម។ ក្រៅពីការអភិវឌ្ឍនៅតាមមូលដ្ឋានហើយ រាជរដ្ឋាភិបាល ក៏បានប្រឹងប្រែងទាក់ទាញភ្ញៀវទេសចរ និងដៃគូអភិវឌ្ឍដើម្បីបង្កើតការងារជូន ប្រជាពលរដ្ឋ ដែលជាបុព្វហេតុនៃការអភិឌ្ឍប្រទេសកម្ពុជា។ ជាមួយគ្នានោះ ឧបនាយករដ្ឋមន្រ្តី ក៏បានបង្ហាញពីលទ្ធផលនៃដំណើរ ទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសចិនកន្លងមក ដោយបានប្រឹងប្រែងស្វែងទីផ្សារនាំចេញ ផលិតផលកសិកម្ម ឧស្សាហកម្មកម្ពុជា និងបានគូសបញ្ជាក់អំពីទំនាក់ទំនងល្អ រវាងចិន និងកម្ពុជា​។

នៅក្នុងឱកាសនោះ​ ឧបនាយករដ្ឋមន្ត្រី បានលើកឡើងច្បាស់ៗថា «គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សដែលហ៊ានថា គឺហ៊ានធ្វើ មិនមែនជា គណបក្ស ដែលចេះតែដើរសន្យាខ្យល់នោះទេ​។ គោលដៅរបស់គណបក្សប្រជាជនកម្ពុជា គឺអភិវឌ្ឍប្រទេសជាតិ ធ្វើឲ្យប្រជាពលរដ្ឋមានជីវភាព កាន់តែប្រសើរឡើង ហើយដើម្បីសម្រេចគោលដៅនេះ ទាល់តែប្រទេសជាតិមានស្ថេរភាព និងសន្តិភាព»

ឧបនាយករដ្ឋមន្ត្រី បានអះអាងថា ក្នុងប្រវត្តិសាស្រ្ត គ្មានគណបក្សណាមានស្នាដៃកសាងប្រទេសជាតិ ដូចគណបក្សប្រជាជននោះទេ។ «បើការបោះឆ្នោតក្រុមប្រឹក្សា ឃុំ-សង្កាត់ ឈ្នះ មានន័យថា បោះឆ្នោតព្រឹទ្ធសភាឈ្នះ និងបោះឆ្នោតក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌឈ្នះ អញ្ចឹងយើងនៅតែការបោះឆ្នោតថ្នាក់ជាតិ»

ឧបនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា ធ្លាប់បានដោះស្រាយបញ្ហាច្រើនណាស់ ពិសេសការផ្តួលរំលំ របបប្រល័យពូជសាសន៍ និងការពារការវិលត្រឡប់ មកវិញនៃរបបនេះ ប៉ុន្តែការដឹកនាំប្រទេសវាមិនអាចល្អឥតខ្ចោះនោះទេ វាគ្រាន់តែឆ្លុះបញ្ចាំងពីបុគ្គលមួយចំនួនប៉ុណ្ណោះ៕